(សៀមរាប) ៖ លោក គង់ វិបុល ប្រតិភូរាជដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ និងចាំបាច់សម្រាប់គាំទ្រ ដល់ការគ្រប់គ្រងប្រមូលចំណូលពន្ធកត់ត្រា និងរក្សាទុកទិន្នន័យ និងផ្តល់សេវាជូនដល់អ្នកជាប់ពន្ធ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញក្នុងកម្មវិធីវិបស្សនាស្ដីពី «វឌ្ឍនភាពនៃការវិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាព័ត៌មានសម្រាប់ឆ្នាំ២០១៩-២០២៣» នៅសណ្ឋាគារ អង្គរ ផាលែស រីហ្សត & ស្ប៉ា នៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោកអគ្គនាយកពន្ធដារ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃកម្មវិធីវិបស្សនានេះ ដែលធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមន្ត្រីនៃធនាគារពាណិជ្ជជាដៃគូ ឱ្យបានជ្រួតជ្រាបអំពីវឌ្ឍភាព នៃការវិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋាន ដែលត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តនាពេលកន្លងមក និងជាការផ្តល់ឱកាសជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមន្ត្រីនៃធនាគារពាណិជ្ជជាដៃគូ ដែលជាអ្នកអនុវត្តផ្ទាល់ ចូលរួមស្វែងយល់អំពីសមទ្ធិផលផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលបានផ្លាស់ប្តូរអគ្គនាយកដ្ឋានពន្ធដារ មកជារដ្ឋបាលសារពើពន្ធដែលមានលក្ខណៈទំនើប ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងរយៈពេល០៥ឆ្នាំនេះ។
លោកក៏បានបញ្ជាក់ថាកម្មវិធីវិបស្សនានេះ ក៏ពិនិត្យទ្បើងវិញនូវបញ្ហាប្រឈមនានា ដែលរដ្ឋបាលសារពើពន្ធបានជួបប្រទះ ក្នុងដំណើរការធ្វើទំនើបកម្មនាពេលកន្លងមក ក៏ដូចជាចូលរួមជាធាតុចូល ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផ្នែកបច្ចេកវិទ្យាព័ត៌មានសម្រាប់ឆ្នាំ២០១៩-២០២៣ ដែលជាផែនការមេ សម្រាប់បង្ហាញទិសដៅឱ្យបានច្បាស់លាស់ ក្នុងការអនុវត្តដើម្បីឈានទៅសម្រេចបានទស្សនវិស័យ របស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យមានការវិវឌ្ឍន៍ប្រកបដោយចីរភាព នាពេលខាងមុខ។
លោកអគ្គនាយក បានជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីដែលមានវត្តមានអំពីកិច្ចខិតខំយ៉ាងសកម្មក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសារពើពន្ធ គឺជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងត្រឹមត្រូវស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងនោះ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ និងចាំបាច់សម្រាប់គាំទ្រដល់ការគ្រប់គ្រងប្រមូលចំណូលពន្ធកត់ត្រា និងរក្សាទុកទិន្នន័យ និងផ្តល់សេវាជូនដល់អ្នកជាប់ពន្ធ រួមមានការអភិវឌ្ឍប្រព័ន្ធ (System) ចំនួន៤៩ (ជាឧទាហរណ៍៖ VAT Refund System, Audit System, HR Management System, Updated Tax Registration System, E-Filing System, E-Payment System, DTA System, QIP Management System ។ល។), ការអភិវឌ្ឍកម្មវិធី (App) ចំនួន១៧ (ជាឧទាហរណ៍៖ New GDT Live Chat, Property Survey Checking, ប្រតិទិនពន្ធដារ, គណនាពន្ធលើប្រាក់បៀវត្ស, គណនាពន្ធលើមធ្យោបាយ ។ល។), និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ និងកម្មវិធី (System and App Upgrade) ចំនួន ៣៤ ក្នុងរយៈពេល ០៥ ឆ្នាំចុងក្រោយ កន្លងមកនេះ។
លោកក៏បានគូសបញ្ជាក់ផងដែរថា ការផ្ដួចផ្ដើមរៀបចំជាកម្មវិធីវិបស្សនានេះ ជាការបំពេញភារកិច្ចប្រកបដោយស្មារតីបុរេសកម្ម ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការប្រតិបត្តិសម្រាប់រយៈពេល០៥ឆ្នាំខាងមុខ ដែលក្នុងនោះ គឺការរៀបចំមជ្ឈមណ្ឌលទិន្នន័យរួម (GDT’s Integrated Data Center-Big Data) របស់អគ្គនាយកដ្ឋានពន្ធដារ និងបានអំពាវនាវ និងលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលមានវត្តមានក្នុងកម្មវិធីនេះ សូមយកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្មក្នុងកម្មវិធីវិបស្សនា ស្តីពី «វឌ្ឍនភាពនៃការវិវឌ្ឍ នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់រៀបចំផែនការយុទ្ធសាស្រ្ត ផ្នែកបច្ចេកវិទ្យាព័ត៌មានសម្រាប់ឆ្នាំ២០១៩-២០២៣» ឱ្យមានប្រសិទ្ធភាព និងទទួលបានផ្លែផ្កា ដើម្បីជាប្រយោជន៍ដល់អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជាប្រទេសជាតិទាំងមូល៕