(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីក្រោមឱវាទជាច្រើននាក់ រួមទាំងប្រជាពលរដ្ឋចំនួន២០០នាក់ មកបញ្ចុះបឋមសិលាព្រះវិហារ ទំហំ៦ម៉ែត្រ គុណ១១ម៉ែត្រ ដែលចំណាយថវិកាប្រមាណ៦ម៉ឺនដុល្លា នៅវត្តវត្តខេមសីមារាម (ទំនប់ក៥) ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដើម្បីទុកជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយគោរពបូជា។
លោក សាន ស៊ានហូ បានថ្លែងថា ព្រះវិហារថ្មីនេះ ដែលនឹងចាប់ផ្តើមសាងសង់បន្ទាប់ពីពិធីបញ្ចុះបឋមសិលានេះ ហើយនឹងក្លាយទៅទីសក្ការៈបូជា របស់ប្រជាពលរដ្ឋ និងទុកជាសម្បត្តិជាតិ ជាពិសេសជាសមិទ្ធផលមួយដ៏ធំរបស់វត្តផងដែរ ហើយក៏អាចឆ្លុះបញ្ចាំងបានថា ក្រុងប៉ោយប៉ែត មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោកអភិបាលក្រុង បានបន្តថា ប្រទេសមួយដែលមានការអភិវឌ្ឍរីកចម្រើន លុះត្រាតែក្នុងប្រទេសនោះ មានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍរីកចម្រើនដែរ ដូច្នេះសុខសន្តិភាព ជាកត្តាចំបង ក្នុងការអភិវឌ្ឍប្រទេស។ លោកអភិបាលក្រុង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា សន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជា ឲ្យនៅស្ថិតស្ថេរគង់វង់យូរអង្វែងតទៅទៀត សម្រាប់អគនាគតកូនចៅទំាងអស់គ្នា។
ជាមួយគ្នានេះ ព្រះតេជគុណ វ៉ែន វន់ ចៅអធិការវត្ត បានមានសង្ឃដីកាឲ្យដឹងថា ចំពោះការសាងសង់ព្រះវិហារថ្មីនេះ មានទំហំ៦ម៉ែត្រ គុណ១១ម៉ែត្រ និងកំពស់៦ម៉ែត្រ ចំណាយថវិកាប្រមាណ៦ម៉ឺនដុល្លារ និងបានអំពាវនាវ សូមឲ្យមានការចូលរួមចាប់មគ្គផលពីសប្បុរសជនគ្រប់ទីកន្លែងផងដែរ។
នៅក្នុងឱកាសនោះដែរ លោកអភិបាលក្រុង ក៏បានចែកអំណោយជូនប្រជាពលរដ្ឋចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានស្បែកជើង១គូ អាវយឺត១ ផងដែរ៕