(បាត់ដំបង)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អមដំណើយដោយប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានបន្តចុះទៅពិនិត្យវឌ្ឍនភាពដំណើរការគម្រោងសំណង់ទំនប់ទឹកសាលាតាអន នៅស្រុកឯកភ្នំ។
បើតាមការរាយការណ៍ពី លោកប្រធានមន្ទីរ និងក្រុមការងារអនុវត្តគម្រោង បានឲ្យដឹងថា គម្រោងសំណង់ទំនប់ទឹកសាលាតាអន ក្រោមហិរញ្ញប្បទាន នៃសាធារណរដ្ឋកូរ៉េ ដែលរហូតមកដល់ពេលនេះ បានសម្រេចប្រមាណ២០ភាគរយ ដោយបាននិងកំពុងដំណើរការងារសំណង់បង្វែរទឹកកាត់ស្ទឹងសង្កែ ការកាយដីតាមពោះព្រែកទាំងបួន (ព្រែកខ្ពប ពែ្រកសំរោងក្នុង ព្រែកដូនទាវ និងព្រែកស្នោរ) និងការរៀបបាត និងជើងទេរជាបេតុងជាដើម។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី លឹម គានហោ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រុមការងារអនុវត្តគម្រោង និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានរហូតមកដល់ពេលនេះ។
លោករដ្ឋមន្រ្តី បានណែនាំក្រុមការងារអនុវត្តគម្រោង ត្រូវអនុវត្តការងារតាមបទដ្ឋានបច្ចេកទេស ដែលបានកំណត់ឲ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងគោលបំណងនៃគម្រោង គឺទី១៖ការបង្កើនសមត្ថភាពស្រោចស្រព លើផ្ទៃដីរាប់ម៉ឺនហិកតា នៅប៉ែកខាងក្រោម, ទី២៖ដើម្បីរក្សាស្ថេរភាពទឹក ដើម្បីបម្រើដល់ការប្រើប្រាស់ទឹកស្អាត សម្រាប់ខេត្តបាត់ដំបង និងទី៣៖សម្រាប់លើកកំពស់សោភណ្ឌភាព។
សូមជម្រាបថា ដោយរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។
ក្រៅពីការបញ្ជាឲ្យមន្រ្តីរបស់ខ្លួនចុះពិនិត្យស្ថានភាពទឹកគ្រប់មុខព្រួញតាមបណ្តាខេត្តនោះ រដ្ឋមន្រ្តីធនធានទឹក និងឧតុនិយមលោក លឹម គានហោ ក៏បានធ្វើដំណើរចុះទៅពិនិត្យដោយផ្ទាល់ស្ថានភាពទឹកនៅតាមខេត្ត ដើម្បីត្រៀមអន្តរាគមន៍ជូនប្រជាពលរដ្ឋ ដែលប្រឈមនឹងខ្វះខាតទឹកប្រើប្រាស់។
ជាក់ស្តែងក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ លោករដ្ឋមន្រ្តី លឹម គានហោ បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យមើលស្ថានភាពទឹក នៅស្រុកស្ទោង ខេត្តកំពង់ធំ មុនបន្តដំណើរទៅពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ៕