(ភ្នំពេញ)៖ តាមការសន្យាក្នុងពាណិជ្ជកម្មរបស់ខ្លួន ស្រាបៀរកម្ពុជា នៅថ្ងៃនេះ បានធ្វើការប្រគល់ជូននូវរង្វាន់អាពាហ៍ពិពាហ៍ជិត ៤០០ រង្វាន់ ទៅដល់គូស្វាមីភរិយាថ្មីជិត៤០០គូ ដែលមានសំណាងឈ្នះនូវរង្វាន់ផ្សេងៗគ្នាក្រោយពេលបានជាវស្រាបៀរកម្ពុជា និង ភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស សម្រាប់បម្រើជូនដល់ភ្ញៀវអាពាហ៍ពិពាហ៍របស់ពួកគេ។
ព្រឹត្តិការណ៍ចែកមហារង្វាន់អាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើងជាពីរកន្លែងផ្សេងគ្នា ទី១ នៅឯការិយាល័យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលស្ថិតនៅផ្លូវជើងឯក ខណ្ឌដង្កោល រាជធានីភ្នំពេញ និងទី២ លើឆាកប្រគុំដន្ត្រី Cambodia Rock the Nation នៅឯខេត្តកំពង់ចាម ហើយរង្វាន់ទាំងអស់នោះរួមមាន៖ ទឹកប្រាក់ ៥០០០ ដុល្លារ ចំនួន៥ រង្វាន់ ទឹកប្រាក់ ១០០០ដុល្លារ ចំនួន២៥ រង្វាន់ ម៉ាស៊ីនបោកគក់ ចំនួន៨៤រង្វាន់ ម៉ាស៊ីនត្រជាក់ ចំនួន១៣១រង្វាន់ និងទូរទស្សន៍ទំហ៊ុ ៣១ អ៊ីង ចំនួន ១៣០រង្វាន់ ។
លោឧកញ្ញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា បន្ទាប់ពីប្រគល់រង្វាន់ទាំងនោះរួចថា “វាជាអារម្មណ៍កាន់តែសប្បាយរីករាយមួយសម្រាប់ខ្ញុំ ដែលស្រាបៀរកម្ពុជា និងផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ទទួលបានការគាំទ្រ និងជាពិសេសកាន់តែពេញនិយមជាវយកទៅដាក់ជូនភ្ញៀវអាពាហ៍ពិពាហ៍របសគូស្វាមីភរិយារាប់ពាន់គូទូទាំងប្រទេសប្រទេសកម្ពុជា” ។
សូមបញ្ជាក់ផងដែរថា ការចាប់ឆ្នោតផ្សងសំណាងសម្រាប់រង្វាន់អាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើងកាលប្រមាណជា៣សប្តាហ៍មុន ហើយក៏មានការចុះផ្សាយនូវលទ្ធផលគូស្វាមីភរិយាដែលមានសំណាងឈ្នះរង្វាន់ទាំងនេះ នៅលើបណ្តាញសារព័ត៌មាន ដើមអម្ពិល, Fresh News , កម្ពុជាថ្មី, Sabay News, ថ្មីថ្មី និងKBN ផងដែរ។
ដោយឡែកដើម្បីមានឱកាសចូលរួមឈ្នះរង្វាន់អាពាហ៍ពិពាហ៍ខាងលើជាបន្តបន្ទាប់ អតិថិជនទាំងអស់គ្រាន់តែជាវកញ្ចប់រោងការ ដែលមានការផ្តល់ជូនពិសេស ពីស្រាបៀរកម្ពុជាគឺ ចំនួន២៥កេស នោះអតិថិជននឹងទទួលបាន៣កេស បន្ថែមដោយឥតគិតថ្លៃ សន្លឹកឆ្នោត១ សន្លឹក បូករួមជាមួយសៀវភៅកត់ចំណងដៃចំនួន២ក្បាលបន្ថែមទៀតផងដែរ។
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕