(បាត់ដំបង)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២១០៩នេះ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ត្រូវបន្ដចុះតាមខ្នងផ្ទះសមាជិកគ្រប់រូប ហើយត្រូវជួយដោះស្រាយបញ្ហាប្រឈមឲ្យទាន់ពេលវេលា មិនត្រូវទុកឲ្យសមាជិក ជួបលំបាក ដោយមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ។
សារក្រើនរំលឹកជាថ្មីរបស់ទេសរដ្ឋមន្ដ្រី គន់ គីម បានធ្វើឡើងក្នុងឱកាស អញ្ជើញអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងទិសដៅបន្ដ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តបាត់ដំបង, ពោធិ៍សាត់, ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ព្រមទាំងប្រកាសទទួលស្គាល់ បន្ថែមសមាសភាព ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន ខេត្តទាំង៤។
ពិធីនេះបានប្រារព្ធធ្វើនៅទីបញ្ជាការយោធភូមិភាគទី៥ នាក្រុងបាត់ដំបង ខេត្តបាត់ដំបងនេះ ក៏ដើម្បីតាមដាន ត្រួតពិនិត្យ សកម្មភាពការងារបណ្តាខេត្តចំណុះ យោធភូមិភាគទី៥ និងការអនុវត្តន៍អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
របាយការណ៍បានបង្ហាញថា លទ្ធផលការងារដែលអនុវត្តបានកន្លងមក មានដូចជាការចលនាគ្នាចូលរួមបុណ្យសព ការបើកផ្តល់ប្រាក់មរណៈសង្គ្រោះបាន៤៤០សព និងប្រាក់ធានារ៉ាប់រងសង្គម៣៣៦គ្រួសារ, បានចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនអតីតយុទ្ធជន សរុបជាទឹកប្រាក់១,០៧២,៣១០,៥០០រៀល។
តាមរបាយការណ៍របស់លេខាធិការដ្ឋាន ស អ ក យោធភូមិភាគទី៥ បានឲ្យដឹងថា អតីតយុទ្ធជន ជាសមាជិកសមាគមក្នុងខេត្តទាំង៤ដែលទ័លក្រ មានចំនួនសរុប៨៦៨គ្រួសារ អ្នកដែលមានដី អត់ផ្ទះចំនួន៤៥០គ្រួសារ, អ្នកដែលអត់ដីអត់ផ្ទះ ចំនួន៨០៥គ្រួសារ និងរស់នៅលើដីសាធារណៈ ចំនួន២២០គ្រួសារ។
កន្លងមកបានទទួលផ្ទះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអតីតយុទ្ធជនក្រលំបាក ជាសមាជិកសមាគមតាមបណ្តាខេត្ត ក្នុងយោធភូមិភាគទី៥នេះ មានចំនួនសរុប១៧៦ខ្នង ក្នុងនោះខេត្តពោធិ៍សាត់៤ខ្នង, ខេត្តបាត់ដំបង១០៤ខ្នង, ខេត្តប៉ៃលិន១ខ្នង និងខេត្តបន្ទាយមានជ័យ៦៧ខ្នង ដោយឡែកឆ្នាំ២០១៩ កំពុងសងសង់បន្ត៧៧ខ្នងទៀត។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលការងារ ដែលសមាគមគ្រប់ថ្នាក់សម្រេចបានគួរឲ្យកត់សម្គាល់នាឆ្នាំកន្លងទៅ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហា ការលំបាក និងកាត់បន្ថយភាពក្រីក្រ របស់អតីតយុទ្ធជន។ បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមខេត្ត ធ្វើការត្រួតពិនិត្យរកឲ្យឃើញនូវ អតីតយុទ្ធជនដែលលំបាកខ្វះខាតខ្លាំង ដើម្បីអាទិភាពផ្តល់ផ្ទះជូនពួកគាត់មុន។
តាមសំណើរបស់សមាគមអតីតយុទ្ធជនខេត្ត លោក គន់ គីម បានសម្រេចឲ្យសាងសង់ផ្ទះអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធានជូនអតីតយុទ្ធជន ចំនួន៤៩ខ្នង ក្នុងនោះខេត្តពោធិ៍សាត់១១ខ្នង និងខេត្តប៉ៃលិន៣៨ខ្នង៕