(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស ក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ ស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។
ខ្លឹមសារដែលលោក ហ៊ឹម ឆែម ផ្សព្វផ្សាយជូនសមាជិក សមាជិកានោះ រួមមាន អង្គសន្និបាតសម្តែងនូវការគោរព និងកតញ្ញូធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិនៅគ្រប់ទិសទី និងគ្រប់មជ្ឍដ្ឋានទាំងអស់ក្នុងសង្គម ដែលផ្តល់យុត្តិធម៌និងជំនឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រយ៉ាងលើសលប់បំផុតឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិសម្រាប់នីតិកាលទី៦។
មោទនភាពចំពោះសមិទ្ធផល នៃវិស័យសេដ្ឋកិច្ច ដែលជាក់ស្តែងសម្រេចបានកំណើនខ្ពស់រហូតដល់ ៧,៣% ដែលត្រូវបានគាំទ្រដោយកំណើនដ៏រឹងមាំ នៃវិស័យឧស្សាហកម្មនិងសេវាកម្ម ទោះបីជាវិស័យកសិកម្មមានកំណើនទាបក្តី។ ជំរុញការអនុវត្តឲ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានគោលដៅជាយុទ្ឋសាស្ត្រ៤ សំដៅកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
បន្ថែមពីនេះ អង្គសន្និបាតបានអំពាវនាវដល់ជនរួមជាតិទាំងអស់នៅគ្រប់ទិសទី គ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀត ក្នុងសង្គម រួមសាមគ្គីគ្នាជាកម្លាំងជាតិតែមួយ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដើម្បីបន្តកសាង និងការពាមាតុភូមិ ឲ្យស្ថិតស្ថេរ រីកចម្រើនខ្លាំងក្លាក្នុងឯករាជ្យ ឯកភាព សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍភាពសង្គម។
សូមជម្រាបថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានដំណើរការ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ដែលមានសមាជិក សមាជិការអញ្ជើញចូលរួមសរុបចំនួន៣,១៦៤រូប។
អង្គសន្និបាត សម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ៕