(ភ្នំពេញ)៖ លោក ធា គុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានចាត់ទុក និងទទួលស្គាល់ពីតម្រូវការចាំបាច់ ក្នុងការថែរក្សាសុខភាពប្រជាជន ឲ្យមានប្រសិទ្ធភាពពិសេសសុខភាពមាតា និងទារក។
លោក ធា គុយ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ ដល់បញ្ហាសុខមាលភាពជាអាទិភាពទារកព្រោះថា អត្រាមរណភាពទារកនៅកម្ពុជា នៅមានកម្រិតខ្ពស់នៅឡើយ។
លោកបន្ដថា ភាពជោគជ័យរបស់ក្រុមគ្រូពេទ្យអាចវាស់វែងបាន គឺអាស្រ័យលើក្រុមគ្រូពេទ្យគ្រប់ៗគ្នា ដែលមានវិជ្ជាជីវៈផ្នែកមាតា និងទារក និងការឆ្លើយតបរបស់ប្រព័ន្ធសុខាភិបាលចំពោះតម្រូវការនេះ។
ការលើកឡើងបែបនេះរបស់លោក ធា គ្រុយ ធ្វើឡើងក្នុងឱកាសអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសន្និសីទ បច្ចុប្បន្នភាពលើកទី២ នៃសមាគមគ្រូពេទ្យទារកកម្ពុជា។
លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ ប្រធានសមាគមគ្រូពេទ្យទារកកម្ពុជាឲ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីសិក្ខាកាមទាំងអស់ បានយល់ដឹងកាន់តែច្បាស់ពីការគ្រប់គ្រង និងការព្យាបាលជំងឺផ្លូវដង្ហើមទារក ទើបនឹងកើត ជាពិសេសទារកមិនគ្រប់ខែ ដែលបញ្ហាផ្លូវដង្ហើមនេះ តែងតែជួបប្រទះភាគច្រើន នៅប៉ុន្មានម៉ោងដំបូងក្រោយទារកកើតមក ហើយក៏ជាមូលហេតុនៃការស្លាប់របស់ទារក។
លោកស្រីបញ្ជាក់ថា អត្រាមរណភាពទារកកម្ពុជា ដោយសារជំងឺផ្លូវដង្ហើម លើទារកទើបនឹងកើត មានចំនួន១៨នាក់ ក្នុងចំណោម១ពាន់កំណើត ដែលអត្រានេះមានកម្រិតខ្ពស់ បើធៀបនឹងប្រទេសជិតខាង៕