(កំពង់ចាម)៖ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានពិការភាពគ ថ្លង់ និងពិការភ្នែក ឧបនាយករដ្ឋមន្ត្រី លោក ហោ ណាំហុង បានលើកទឹកចិត្តផ្តល់ប្រាក់រង្វាន់បន្ថែមទៀត សម្រាប់ការខិតខំប្រឹងប្រែងសិក្សារបស់ពួកគេ។
ការអះអាងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងពិធីអបអរសាទរ មូលនិធិហោ ណាំហុង-បូរី ហោ ផ្ដល់ការឧបត្ថម្ភដល់កុមារពិការភ្នែក និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ដោយមានការអមដំណើរដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី បានបន្តថា ឆ្នាំ២០១៨ កន្លងទៅសិស្ស នៅវិទ្យាល័យគថ្លង់ និងពិការភ្នែកនេះ បានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិចំនួន៧នាក់ ដែលប្រការនេះគួរឱ្យមាន ការកោតសរសើរ ស្ងប់ស្ងែងចំពោះនិស្សិតដែលជាជនពិការប៉ុន្តែ មានបញ្ញារៀនពូកែ។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះសិស្សសាលាអប់រំពិសេសនេះ នៅឆ្នាំ២០១៩ បើមានអ្នកប្រឡងមធ្យមសិក្សាទុតិយភូមិបានជាប់ នឹងរៀបចំផ្ដល់រង្វាន់លើកទឹកចិត្តបន្ថែម ទៀត»។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ផ្ដើមចេញពីការអាណិតអាសូរ និងបន្ទាប់ពីលោកទទួលព័ត៌មានពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមថា មានកុមារ ពិការគថ្លង់ និងពិការភ្នែក ចំនួន១៦៥នាក់នៅ ក្នុងខេត្តកំពង់ចាម ទើបលោកសម្រេចរៀបចំមូលនិធិ ហោ ណាំហុង-បូរី ហោ ដើម្បីជួយផ្គត់ផ្គង់ដល់កុមារទាំងនោះ ដែលចំណាយថវិកា ក្នុងមួយឆ្នាំ៤៨០លានរៀល ស្មើរនឹង១២ម៉ឺនដុល្លារអាមេរិក។
លោក កែវ ផល្លី នាយកវិទ្យាល័យអប់រំពិសេសកំពង់ចាម បានឱ្យដឹងថា សិស្សសរុបមានចំនួន១៦៥នាក់ ក្នុងនោះ សិស្សពិការភ្នែកមានចំនួន៦១នាក់ ស្រី២៦នាក់។សិស្សគថ្លង់១០៤នាក់ ស្រី៤២នាក់។ ក្នុងនោះដែរមានបុគ្គលិកលោកគ្រូ អ្នកគ្រូចំនួន៣៥នាក់ ផងដែរ ដែលនៅបម្រើកិច្ចការក្នុងវិទ្យាល័យនេះ៕