(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់ របស់ជនបរទេស ឬជនអគតិមួយចំនួន ដែលមានគំនិតចង់ធ្វើបដិវត្តន៍ ដែលអាចបណ្ដាលឲ្យប្រទេសជាតិធ្លាក់ ក្នុងភ្នក់ភ្លើងសង្គ្រាមដូចអតីតកាល។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កុដិ និងសមិទ្ធផលនានា នៅវត្តគិរីណារាមទួលកែវអំពុក ស្ថិតនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រដ្ឋមន្ដ្រី វង សូត បានគូសបញ្ជាក់ថា បើសិនប្រទេសអសន្តិសុខ អ្វីៗក៏មិនអាចកើតឡើងបាននោះដែរ តែបើស្រុកទេសសុខសប្បាយ សន្តិសុខសុវត្ថិភាពពេញលេញ មានស្ថិរភាពនយោបាយ ច្បាស់ណាស់ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប្រកបរបរបានដោយសេរី មានជីវភាពធូរធារ ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចកម្ពុជាសព្វថ្ងៃនេះ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ការរីកចម្រើនវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវពឹងផ្អែកលើកត្តាសន្តិសុខ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមចាំបាច់ជាចម្បង ដែលមិនអាចខ្វះបាន ជាក់ស្តែងសមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឲ្យឃើញស្រាប់។
លោក វង សូត បន្តថា កត្តាដែលប្រទេសជាតិមានសុខសន្តិភាព ពិតជាមានតម្លៃណាស់ សម្រាប់ប្រជាជាតិនីមួយៗ ក៏ដូចជាកម្ពុជាផងដែរ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការបោះជំហានអភិវឌ្ឍបន្ថែមទៀត។ ម្យ៉ាងទៀត កូនខ្មែរគ្រប់រូបទាំងជំនាន់មុន ជំនាន់នេះ ជំនាន់ក្រោយតទៅអនាគត ត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិ តាមរយៈការរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឲ្យរឹងមាំ។
លោករដ្ឋមន្ដ្រី បានសំណូមពរឲ្យប្រជាពលរដ្ឋ ត្រូវបន្តការគាំទ្រ និងមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីការពារសន្ដិភាព ស្ថេរភាពនយោយ និងការពារបូរណភាពទឹកដី និងបន្តអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើនបន្ថែមទៀត៕