(ភ្នំពេញ)៖ ទំនាក់ទំនងរវាងកម្មករនិយោជិត ជាមួយនិយោជក កើតមានតាមរយៈកិច្ចសន្យាមួយដែលហៅថា កិច្ចសន្យាការងារ ដែលកិច្ចសន្យានេះអាចធ្វើឡើងដោយផ្ទាល់មាត់ ឬតាមរយៈលាយលក្ខណ៍អក្សរ តាមលក្ខខណ្ឌដែលមានកំណត់ដោយច្បាប់។

កិច្ចសន្យាការងារ ត្រូវបានកំណត់ និងឲ្យនិយមន័យយ៉ាងជាក់លាក់តាមរយៈច្បាប់ស្តីពីការងារ ដែលត្រូវបានចូលជាធរមានតាំងពីឆ្នាំ១៩៩៧ និងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ ដោយបានគ្របដណ្តប់រាល់ទំនាក់ទំនងការងារទាំងអស់ដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងក្នុងវិស័យវាយនភ័ណ្ឌ (កាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង) ផងដែរ។

ប៉ុន្តែកិច្ចសន្យាការងារដែលមានចែងក្នុងច្បាប់ស្តីពីការងារ និងក្រមរដ្ឋប្បវេណីខាងលើ មិនត្រូវយកមកអនុវត្តក្នុងក្របខណ្ឌការងាររបស់មន្រ្តីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធឡើយ ដោយហេតុថា ទំនាក់ទំនងការងាររបស់មន្រ្តីសាធារណៈ ត្រូវស្ថិតនៅក្រោមច្បាប់លក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ហើយកងកម្លាំងប្រដាប់អាវុធត្រូវស្ថិតក្រោមច្បាប់លក្ខន្តិកៈពិសេសដោយឡែករបស់ខ្លួន។

ជាមួយគ្នានេះ ចំពោះទំនាក់ទំនងការងារបែបវិជ្ជាជីវៈសេរីក៏មិនស្ថិតនៅក្រោមវិធាននៃច្បាប់ស្តីពីការងារផងដែរ ដូចជា វិជ្ជាជីវៈមេធាវី ដែលស្ថិតក្រោមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ហើយវិជ្ជាជីវៈពេទ្យ និងវិស្វករ ក៏មានច្បាប់លក្ខន្តិកៈដោយឡែក។

សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពីកិច្ចសន្យាការងារ ដែលមានចែងក្នុងច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ និងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ មកធ្វើការបង្ហាញជូនសាធារណៈឲ្យបានយល់ដឹងដូចខាងក្រោម៖

យោងតាមច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧ ក្នុងមាត្រា៦៥ បានបញ្ញត្តិថា «កិច្ចសន្យាការងារ គឺជាកិច្ចសន្យាដែលបង្កើតឲ្យមានទំនាក់ទំនងការងាររវាងកម្មករនិយោជិត និងនិយោជក។​ កិច្ចសន្យានេះត្រូវនៅក្រោមវិធានអាជ្ញាគតិ ហើយអាចនឹងធ្វើទៅតាមទម្រង់ដែលភាគីទាំងសងខាងព្រមព្រៀងគ្នា»

ចំណែកឯក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា ៦៦៤ បានឲ្យនិយមន័យកិច្ចសន្យាការងារថា «កិច្ចសន្យាការងារត្រូវបានបង្កើតឡើងដោយការសន្យារបស់ភាគីម្ខាង ថាធ្វើពលកម្មឲ្យភាគីម្ខាងទៀត ហើយភាគីម្ខាងទៀតសន្យាថាផ្ដល់ប្រាក់ឈ្នួលទៅលើកិច្ចការពលកម្មនោះ» «ភាគីដែលបានសន្យាថាធ្វើពលកម្ម ហៅថាកម្មករនិយោជិត ឯភាគីម្ខាងទៀតហៅថានិយោជក»

កិច្ចសន្យាការងារអាចធ្វើ ទ្បើងជាលាយលក្ខណ៍អក្សរ ឬអាចធ្វើទ្បើងដោយផ្ទាល់មាត់ក៏បាន ឧទាហរណ៍៖ ម្ចាស់ហាងកាហ្វេមួយកន្លែងបានប្រកាសជ្រើសរើសបុគ្គលិកឲ្យបម្រើការងារក្នុងហាង ក្រោយពីម្ចាស់ហាងបានជម្រាបទៅបុគ្គលិកអំពីលក្ខខណ្ឌនានាដោយផ្ទាល់មាត់រួចមក ហើយបុគ្គលិកបានបង្ហាញឆន្ទៈយល់ព្រមទទួលយកការងារ នោះកិច្ចសន្យាការងារត្រូវបានបង្កើតទ្បើង និងមានអានុភាពអនុវត្តបាន។

យោងតាមច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ កិច្ចសន្យាការងារត្រូវបានបែងចែកវាជាពីរប្រភេទគឺ កិច្ចសន្យាការងារដែលមានកំណត់ថិរវេលា និងកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ ដែលកិច្ចសន្យាទាំងពីរប្រភេទនេះមានសញ្ញាណដាច់ពីគ្នាយ៉ាងច្បាស់លាស់ ដូចខាងក្រោម ៖

១៖កិច្ចសន្យាការងារដែលមានកំណត់ថេរវេលា

ជាកិច្ចសន្យាដែលភាគីកម្មករនិយោជិត និងនិយោជកបានព្រមព្រៀងគ្នា ដោយកំណត់នូវកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ច្បាស់លាស់ ហើយថិរវេលាដែលបានកំណត់នៅក្នុងកិច្ចសន្យា មិនត្រូវលើសពី ២ឆ្នាំទ្បើយ មានន័យថាកិច្ចសន្យាអាចធ្វើទ្បើងកំណត់រយៈពេល ៦ខែ ឬ១២ខែ ប៉ុន្តែកិច្ចសន្យានេះអាចបន្តសារជាថ្មីម្តង ឬច្រើនដងបាន ដរាបណាការបន្តសារជាថ្មីនោះមានថិរវេលាអតិបរមាមិនលើសពី ២ឆ្នាំ ។ កិច្ចសន្យាកាងារមានកំណត់ថេរវេលា ចាំបាច់ត្រូវធ្វើជាលាយ លក្ខណ៍អក្សរ ពីព្រោះតម្រូវឲ្យមានការចែងយ៉ាងច្បាស់លាស់អំពីកាលបរិច្ឆេទនៃកិច្ចសន្យា ទាំងថ្ងៃចាប់ផ្តើម និងថ្ងៃបញ្ចប់កិច្ចសន្យា ។

២៖កិច្ចសន្យាការងារមានថិរវេលាមិនកំណត់

ជាកិច្ចសន្យាដែលធ្វើឡើងរវាងកម្មករនិយោជិត ជាមួយនិយោជក ដោយភាគីទាំងពីរមិនបានកំណត់កាលបរិច្ឆេទឬពេលវេលាបញ្ចប់ច្បាស់លាស់នៅក្នុងកិច្ចសន្យា ហើយកិច្ចសន្យានេះអាចធ្វើឡើងដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ។ ក្នុងករណីដែលកិច្ចសន្យាការងារមានថិរវេលាកំណត់បន្តដោយស្ងៀមស្ងាត់ នោះត្រូវចាត់ទុកជាកិច្ចសន្យាការងារគ្មានកំណត់ថរិវេលាពិតប្រាកដ ។

សរុបមក ការស្វែងយល់ពីកិច្ចសន្យាការងារ វាមានសារៈសំខាន់ដែលអាចឲ្យភាគីនៃកិច្ចសន្យាការងារជៀសផុត ពីការរំលោភបំពានសិទ្ធិ ឬលក្ខខណ្ឌនានានៅក្នុងកិច្ចសន្យាការងារនេះបាន និងអាចឲ្យភាគីនៃកិច្ចសន្យាការងារជ្រើសរើសប្រភេទកិច្ចសន្យាការងារណាមួយដើម្បីជាប្រយោជន៍របស់ខ្លួន៕