(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងរាស្រ្ត និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានចូលជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង ៥បន្ទប់ ដែលមានតម្លៃប្រមាណ ២៤០លានរៀល (ប្រមាណ៦ម៉ឺនដុល្លារ) នៅសាលាបឋមសិក្សាត្នោត ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ សិស្សនុសិស្សជិត៣០០០នាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិរួមមាន៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្ត រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ច ជាង៧% ក្នុង១ឆ្នាំៗ ភាពក្រីក្រត្រូវបានកាត់បន្ថយជាលំដាប់ និងបានធ្វើឲ្យប្រសើរឡើង នៃកម្រិតជីវភាពរស់នៅរបស់ប្រជាជន ឆ្លើយតបទៅគោលដៅកាត់បន្ថយភាពក្រីក្ររបស់អង្គការសហប្រជាជាតិ និងគោលដៅរបស់អាស៊ាន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ម្តងហើយម្តងទៀតថា «មិនយកអធិបតេយ្យភាពជាតិមកដោះដូរជាមួយជំនួយជាដាច់ខាត»។ ការដកហូតការអនុគ្រោះពន្ធនេះ ប្រសិនបើគេធ្វើមែន ពេលវេលាប្រាកដនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០២០ មិនមែនធ្វើអាចធ្វើបាននៅពេលនេះទេ ដែលនេះជាឱកាសមាសមួយសម្រាប់សាកល្បង នូវភាពរឹងមាំរបស់ប្រទេសកម្ពុជាយើង។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានសម្តែងនូវការកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សទាំងអស់ នៃស្រុកមង្គលបុរីដែលបានខិតខំបម្រើប្រជាលរដ្ឋ និងចូលរួមអនុវត្តបានល្អប្រសើរនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈ សេវាសង្គមកិច្ច សុខាភិបាល និងអប់រំ សំដៅអភិវឌ្ឍន៍ភូមិឋានឲ្យសម្បូរសប្បាយរុងរឿង។
ជាទ្រនាប់ដៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវអំណោយ និងថវិកា រួមមាន៖
*ទី១៖ លោកគ្រូ អ្នកគ្រូ ចំនួន១២៧៧នាក់ ក្នុងម្នាក់ៗ សារុង១ ថវិកា២ម៉ឺនរៀល
*ទី២៖ សិស្សានុសិស្ស ចំនួន៦៧៤នាក់ ម្នាក់ៗប៊ិច១ដើម សៀវភៅ២ក្បាល ថវិកា៥ពាន់រៀល
*ទី៣៖ ឧបត្ថម្ភសាលាបឋមសិក្សា ថវិកា១លានរៀល
*ទី៤៖ ចាស់ជរាអាយុ៧០ឆ្នាំឡើង ចំនួន៥៥០នាក់ ម្នាក់ៗទទួលបាន៖ បំពង់ទឹកក្ដៅ១ ពិល១ ប្រេងឆា២ដប ស្ករស១គីឡូក្រាម តែ ១កញ្ចប់ ទឹកដោះ១កំប៉ុង អំបិលអ៊ីយ៉ូត ១គីឡូក្រាម មី១០កញ្ចប់ ប្រេងកូឡា២ដប កៅអៀកក្រមា១ សារុង១ និងថវិកា២ម៉ឺនរៀល
*ទី៥៖ ឃុំទាំង១៣ នៃស្រុកមង្គលបុរី ក្នុង១ឃុំថវិកា១លានរៀល
*ទី៦៖ ប្រជាពលរដ្ឋចូលរួមទាំងអស់ ម្នាក់ៗសារ៉ុង១៕