(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានគណៈចលនាសហជីពរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីតាមរោងចក្រ សូមអញ្ជើញទៅរកស្នាក់ការបក្សប្រជាជនកម្ពុជា ដែលនៅជិតបំផុត ដើម្បីសុំអន្តរាគមន៍បញ្ហាផ្សេងៗដែលកើតមានឡើង។
បើតាមលោក ឃួង ស្រេង, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ទៅលើកម្មករ។ ដើម្បីអនុវត្តអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ឲ្យបានល្អ លោក ឃួង ស្រេង សូមឲ្យអាជ្ញាធរសង្កាត់ ខណ្ឌ មេត្តាចុះពិនិត្យដល់ផ្ទះកម្មករ បន្ទប់ជួលរបស់កម្មករ ដើម្បីពិនិត្យមើលអំពីអនាម័យបរិស្ថាន អំពីសុន្តិសុខ និងការស្នាក់នៅរបស់ពួកគាត់។
លោកក៏សូមស្នើដល់កម្មករទាំងអស់ថា មុននឹងធ្វើបាតុកម្មអ្វីមួយ សូមបងប្អូនមកជួបពិភាក្សាជាមួយអាជ្ញាធរ ជាមួយរោងចក្រ ឬជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដឹងរឿង និងដោះស្រាយគ្នាជាមុនសិន។
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកបានជួបសំណេះសំណាលជាមួយសមាជិកសមាជិកា សាខាបក្សសហជីពមូលដ្ឋានតាមរោងចក្រក្នុងខណ្ឌដង្កោ។ នៅក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងថា បងប្អូនកម្មករ-កម្មការិនីមានឪពុកម្នាក់ ប្រកបដោយព្រហ្មវិហារធម៌ គឺសម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានគិតគូសុខទុក្ខ និងបំពេញតម្រូវការជូន បងប្អូនគ្រប់ពេលវេលា តាមរយៈកញ្ចប់អត្ថប្រយោជន៍ទាំង៩ចំណុច ធ្វើឲ្យបងប្អូន ទទួលបានផលប្រយោជន៍រួមទាំងប្រាក់បៀវត្សបានសមរម្យទៀតផង។
លោកបញ្ជាក់ទៀតថា «បងប្អូនកម្មករ-កម្មការិនី បើមានបញ្ហាបន្ទាន់ណាមួយ សុំទៅរកស្នាក់ការគណបក្សប្រជាជនកម្ពុជាដែលនៅជិតបំផុត គឺមន្ត្រីគណបក្សរង់ចាំទទួលដោះស្រាយ តាមជាក់ស្ដែងជូនភ្លាម»។ ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីយើងសុំកុំជឿទៅតាមការញុះញង់ ពីក្រុមជនអគតិក្នុងចេតនាបំភ័ន្តបំភ្លៃការពិត ឬការធ្វើកូដកម្ម បាតុ កម្មបំបែកឆ្នាំងបាយខ្លួនឯងនោះ។
លោក នុត ពុធដារា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដង្កោ និងជាប្រធានក្រុមការងាកសាងគណបក្សកសាងអង្គការសហជីពខណ្ឌដង្កោ បានឲ្យដឹងថា ខណ្ឌដង្កោ មានរោងចក្រចំនួន ៦៨រោងចក្រ និងសហគ្រាសចំនួន៩៧សហគ្រាស មានកម្មករសរុបចំនួន២៩.២១១នាក់ និងកម្មករស្នាក់នៅផ្ទះជួលចំនួន១០.៦៧១នាក់។
ក្រុមការងារគណបក្សកសាងអង្គការសហជីពខណ្ឌដង្កោ ជាផ្នែកមួយចំណុះឲ្យគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សខណ្ឌដង្កោ ដឹកនាំដោយប្រធានម្នាក់ អនុប្រធាន និងសមាជិក សមាជិកា មានលេខាធិការដ្ឋានជាសេនាធិការឲ្យក្រុមការងារនេះ ក្នុងកសាងផែនការ។ លោកប្រធានគណៈកម្មាធិការគណបក្សខណ្ឌដង្កោ បានបញ្ជាក់ថា នាថ្ងៃនេះ កម្មករមកពីសាខាបក្សសហជីពមូលដ្ឋានរោងចក្រ ចំនួន២៤រោងចក្រ ស្មើ៧០៩នាក់។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានលើកឡើងទៀតថា កន្លងមកតាមរយៈការទទួលជួបសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចតែងតែបានប្រកាសអំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល គោលនយោបាយជាតិគាំពារសង្គម ចំពោះបងប្អូនកម្មករនិយោជិត។ នៅឆ្នាំ២០១៩នេះ អ្វីដែលសម្តេចតេជោ ប្រកាសជូនបងប្អូនកម្មករនិយោជិត ដោយមានប្រាក់ឈ្នួលប្រចាំខែ ១៨២ដុល្លារ ព្រមទាំងបើក២ដងក្នុងមួយខែ។ ការពិនិត្យសុខភាព ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ ដោយគ្រាន់តែប្រើប័ណ្ណ ប.ស.ស។ ចំពោះស្រ្តីសំរាលកូន ត្រូវឈប់សំរាក៣ខែ ទទួលប្រាក់១២០%ជាដើម។ល។
នាឱកាសដ៏ស្និតស្នាលនេះដែរលោក ឃួង ស្រេង បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនបងប្អូនកម្មករ-កម្មការិនីទាំង៨០៩នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀលផងដែរ៕