(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីថ្មីៗ បានរៀបចំមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ដោយមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា សមាជិកប្រតិបត្តិ រួមទាំងតំណាងគ្រប់សហព័ន្ធកីឡាជាតិផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ថោង ខុន បានដាក់ចេញនូវយុទ្ធសាស្ដ្រសំខាន់ៗជាច្រើន ដើម្បីអនុវត្តឆ្នាំយុទ្ធសាស្ដ្រឆ្ពោះទៅស៊ីហ្គេម(SEA Games) ឆ្នាំ២០២៣ នៅកម្ពុជាឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពការងារកីឡាឈានទៅដណ្ដើមជោគជ័យលើសកម្មភាពចលនាអូឡាំពិក និងកីឡាកម្រិតខ្ពស់ ដោយផ្ដើមចេញពីឆ្នាំ២០១៩ NOCC បានដាក់ចេញនូវវិធានយុទ្ធសាស្ដ្រចំនួន ៥ចំណុច រួមមានទី១៖ បន្ដសហការជាមួយក្រសួងអប់រំ ធ្វើកំណែទម្រង់ស៊ីជម្រៅវិស័យអប់រំកាយ និងកីឡា ពិសេសកីឡាកម្រិតខ្ពស់ និងកីឡាជំនាញរបស់សហព័ន្ធកីឡាជាតិ ។
ទី២៖ បន្ដកិច្ចសហការលើកកម្ពស់ការបណ្ដុះបណ្ដាល ការហ្វឹកហ្វឺនមន្ដ្រីកីឡា កីឡាករ-កីឡាការិនីគ្រប់ភាគីពាក់ព័ន្ធ ពិសេសហព័ន្ធកីឡាជាតិ ដើម្បីបង្កើន និងពង្រឹងគុណផលកីឡាឲ្យកាន់តែខ្ពស់បន្ថែមទៀត ។ ទី៣៖ សហការជាមួយ “CAMSOC” អនុវត្តផែនការមេ ផែនការសកម្មភាព និងផែនទីបង្ហាញប្រកបដោយស្មារតីទទួលខុសត្រូវ ។ ទី៤៖ ខិតខំជំរុញយុទ្ធនាការ “កីឡាករម្នាក់ជំនាញពិសេសមួយ ដើម្បីតម្រង់ទិសឯកទេស នៃបច្ចេកទេសជំនាញ និងទី៥៖ ដឹកនាំ និងជំរុញកិច្ចសហការស្វែងរកមេដាយឲ្យបានច្រើនជាងមុន ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅងហ្វីលីពីន ។
បន្ថែមលើនេះ ក្រៅពីជំរុញការអនុវត្តយុទ្ធសាស្ដ្រអភិវឌ្ឍន៍ធនធានមនុស្ស កីឡាករ-កីឡាការិនី និងគ្រូ NOCC ក៏បានចាត់ទុកការប្រកួតជាលក្ខណៈ Games គឺជាយុទ្ធសាស្ដ្រសំខាន់ៗផងដែរ រួមមានការប្រកួត SEA Games ឆ្នាំ២០១៩ នៅហ្វីលីពីន គឺជាដំណាក់កាលវាយតម្លៃសមត្ថភាពកីឡាកម្ពុជាលើកដំបូងជា Games យុទ្ធសាស្ដ្រទី១, ការប្រកួត SEA Games ឆ្នាំ២០២១ នៅវៀតណាមជា Games យុទ្ធសាស្ដ្រទី២ និងការប្រកួតកីឡា Asian Games លើកទី១៩ នៅចិនជា Games យុទ្ធសាស្ដ្រចុងក្រោយ សម្រាប់ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
ទន្ទឹមជាមួយគ្នាលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ក្រោមការដឹកនាំ និងការចង្អុលបង្ហាញរបស់លោកបណ្ឌិត ថោង ខុន គ្រប់យុទ្ធសាស្ដ្រ និងការអនុវត្តគ្រប់ជំហ៊ានទាំងអស់ គឺទាមទារឲ្យកិច្ចសហការពីគ្រប់សហព័ន្ធកីឡាជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសរាល់បញ្ហាទាំងឡាយក្នុងសហព័ន្ធ ត្រូវដោះស្រាយជាបន្ទាន់ ខណៈ NOCC នឹងពង្រឹងផែនការព្យាបាលវះកាត់បន្ថែមទៀត ដើម្បីធានាការអភិវឌ្ឍន៍ធនធានមនុស្សកាន់តែរីកចម្រើន និងមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ឆ្ពោះទៅទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ។ ដូច្នេះលោកសង្ឃឹមថា គ្រប់សហព័ន្ធ នឹងចូលរួមសហការប្រកបដោយភាពទទួលខុសត្រូវ និងមានប្រសិទ្ធភាពបំផុត៕