(ព្រះសីហនុ)៖ ជនសង្ស័យជាមុខសញ្ញាឆក់កាបូប២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានបង្រ្កាបភ្លាមៗ នៅផ្លូវឯករាជ្យ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីពួកគេឆក់យកកាបូបស្ពាយរបស់ស្រ្តីជនជាតិចិនម្នាក់ ដែលកំពុងដើរកំសាន្ត នៅជិតរង្វង់មូលតោពីរ ក្រុងព្រះសីហនុ នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានជនជាតិចិនស្រីប្រុស២នាក់ កំពុងដើរតាមផ្លូវ នៅចំណុចរង្វង់មូលតោ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងនោះស្ត្រីជនជាតិចិនមានស្ពាយកាបូប១ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបរបស់នារីជនជាតិចិននោះ បណ្ដាលឲ្យជនរងគ្រោះ ដួលអូសប្រហែលជា ២ម៉ែត្រ ក្នុងខណៈពេលនោះកម្លាំងនគរបាលដែលកំពុងល្បាតឃើញបានប្រកាសដំណឹងនេះភ្លាមៗ តាមវិទ្យុទាក់ទង ព្រមទាំងដេញប្រផាប់ប្រភីង ចាប់ជនសង្ស័យទាំង២នាក់ បានតែម្តង។
ជនសង្ស័យទី១៖ឈ្មោះ យាន ស៊ីយ៉ែន អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (អ្នកបើកម៉ូតូ) និងទី២៖ឈ្មោះ ឈិន កុសល អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ (ជិះពីក្រោយជាអ្នកឆក់កាបូប)។ នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថា ពួកគេទាំងពីរមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយមកធ្វើការងារសំណង់នៅ ខេត្តព្រះសីហនុ ទើបនឹងបានរយៈពេលជាងមួយខែ។
ក្នុងប្រតិបត្តិការនេះដែរ កម្លាំងជំនាញដកហូតបាន ម៉ូតូ១គ្រឿង ម៉ាកសង់បិច ពណ៌ខៀវ ផ្លាកលេខកណ្តាល1R-0067 (មធ្យោបាយជិះធ្វើសកម្មភាព)។ ចំពោះកាបូប និងសម្ភារក្នុងកាបូប ជនសង្ស័យមិនអាចដណ្តើមយកបានទេ ដោយសារខ្សែកាបូបស្វិតមាំ។ ពេលឆក់នោះកាបូបនៅជាប់នឹងខ្លួនជនរងគ្រោះ បណ្ដាលឲ្យគាត់ដួលត្រឡប់ត្រឡិន រងរបួស រលាត់ស្មារខាងឆ្វេង និងពកក្បាល។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕