(តាកែវ)៖ ទីតាំងក្លឹបកំសាន្ដពេលរាត្រីមួយកន្លែងយីហោ «ក្លឹបកំសាន្ដ១៦៨» ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានអគ្គិភ័យវាយប្រហារទាំងកណ្ដាលរាត្រី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ បណ្ដាលពីការឆ្លងចរន្ដអគ្គិសនីចេញពីម៉ាស៊ីនត្រជាក់។
ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានដឹកនាំកម្លាំងនគរបាលខេត្ត ស្រុក-ក្រុង សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះអន្តរាគមន៍ជួយពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១០រថយន្ត ទើបពន្លត់បានជាស្ថាពរ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមថា ក្លឹបកំសាន្ដដែលត្រូវអគ្គិភ័យវាយប្រហារនេះ ទំហំ៧ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើអំពីបេតុង ប្រក់ស័ង្កសី ដែលការខូចខាតសម្ភាររួមមាន៖ ម៉ាស៊ីនត្រជាក់០៤គ្រឿង, ឧបករណ៍តន្ត្រីសម័យ (អកកាដង់) ០១ឈុត, សាឡុងចំនួន១០, កៅអីជ័រ-កៅអីឈើមួយចំនួន, ស្រាបៀចម្រុះមួយចំនួន និងទូរស័ព្ទដៃមួយចំនួនទៀត គិតជាទឹកប្រាក់ជាង២ម៉ឺនដុល្លារ។
ប៉ុន្ដែទោះជាយ៉ាងណា គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះ និងស្លាប់បាត់ជីវិតនោះទេ ដោយគ្រាន់តែខូចខាតសម្ភារនៅខាងក្នុងតែប៉ុណ្ណោះ៕