(វេណេស៊ុយអេឡា)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋវេណេស៊ុយអេឡា ត្រូវប្រឈមមុខនឹងវិបត្តិ ដោយការខ្វះខាតអាហារ និងថ្នាំពេទ្យព្យាបាលជំងឺ អតិផរណាខ្ពស់ និងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ខាងក្រោមនេះជាហេតុផលសំខាន់៤ចំណុច ដែលរុញច្រានសេដ្ឋកិច្ច វេណេស៊ុយអេឡាធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ៖
១៖ កំណើនសេដ្ឋកិច្ចធ្លាក់ចុះជាច្រើនឆ្នាំជាប់គ្នា
សេដ្ឋកិច្ច វេណេស៊ូអេឡា បានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំជាប់គ្នា។ យោងតាមរបាយការណ៍មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចក្នុងប្រទេសនេះបានធ្លាក់ចុះជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ IMF ក៏បានព្យាករណ៍ផងដែរថា វ៉េណេស៊ុយអេឡា នឹងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចជាបន្តទៀត។ ខណៈដែលសេដ្ឋកិច្ចធ្លាក់ចុះតម្លៃទំនិញក៏កើនឡើងជាខ្លាំង។ ក្នុងឆ្នាំ២០១៦ អតិផរណាបានកើនឡើងរហូតដល់ ៤៧៥ភាគរយ និងឆ្នាំបន្តបន្ទាប់ទៀតបន្តធ្លាក់ចុះ។
រូបិយប័ណ្ណវ៉េណេស៊ុយអេឡា បានធ្លាក់ចុះយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីឆ្នាំ២០១៦ ប្រាក់១ដុល្លារស្មើនឹង១០០bolivar (ក្រដាសប្រាក់នៅវេណេស៊ុយអេឡា)។ ដោយឡែកបច្ចុប្បន្ន ១ដុល្លារស្មើ២៤៨៥២១ bolivar។ ក្នុងស្ថានភាពដ៏លំបាកនេះរដ្ឋាភិបាលចំណាយច្រើនលើសលប់ទៅលើកម្មវិធីសុខុមាលភាព ដែលគ្មានការគ្រប់គ្រងបានត្រឹមត្រូវ។
២៖ ក្បាលម៉ាស៊ីនសេដ្ឋកិច្ចវ៉េណេស៊ុយអេឡាជួបប្រទះបញ្ហា
អ្វីដែលអាក្រក់បំផុត នៅពេលដែលតម្លៃប្រេងដែលជាផលិតផលសំខាន់បំផុតរបស់វេណេស៊ុយអេឡា ចាប់ផ្តើមធ្លាក់ចុះតាំងពីឆ្នាំ២០១៤។ វ៉េណេស៊ុយអេឡា ស្តុកទុកប្រេងច្រើនបំផុតលើពិភពលោក។ ប្រេងបានផ្តល់ចំណូលដល់ប្រទេសមួយនេះ រហូតដល់៩៥% នៃប្រាក់ចំណូលបានពីការនាំចេញ។ ប្រសិនបើ វ៉េណេស៊ុយអេឡា មិនលក់ប្រេងទេនោះ ប្រទេសនេះមិនមានប្រាក់ដើម្បីចំណាយឡើយ។ តម្លៃប្រេងឆៅធ្លាប់ឡើងដល់ជាង១០០ដុល្លារក្នុង១បារ៉ែលក្នុងឆ្នាំ២០១៤។ ប៉ុន្តែក្នុងឆ្នាំ២០១៦ វាមានតម្លៃប្រហែល៥០ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល ក្រោយមកបានធ្លាក់ចុះរហូតដល់ត្រឹម២៦ដុលា្លរ។
អ្វីដែលជាបញ្ហាគឺថា ប្រទេសវេណេស៊ុយអេឡា មិនបានយកចិត្តទុកដាក់លើបញ្ហាប្រេង ខណៈដែលឱកាសល្អមកដល់ ប្រទេសនេះបានខ្ជះខ្ជាយពេលវេលាក្នុងការធ្វើវិនិយោគលើប្រេងកាតរបស់ខ្លួន។ ដោយសារតែកង្វះការយកចិត្តទុកដាក់ទៅលើបច្ចេកទេសស្តុកទុកប្រេង ជាហេតុនាំបរិមាណនៃការផលិតបានធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ។
ជាងនេះទៅទៀតនោះ ក្រុមហ៊ុនផលិតប្រេងរដ្ឋវ៉េណេស៊ុយអេឡា ហៅកាត់ថា PDVSA មិនបានបង់ប្រាក់ឱ្យក្រុមហ៊ុនដែលជួយចម្រាញ់ប្រេងរបស់ខ្លួនឡើយ។ ហេតុនេះនៅនិទាឃរដូវ ក្រុមហ៊ុន Schlumberger និងក្រុមហ៊ុនដទៃទៀតបានកាត់បន្ថយកិច្ចសហការជាមួយ PDVSA ដោយបានលើកឡើងពីហេតុផលទាក់ទងនឹងការមិនបង់ប្រាក់ទៅលើការចំណាយផ្សេងៗ។ ក្រុមហ៊ុន PDVSA បានលើកឡើងថា ខ្លួនអាចសងបំណុលបានបើសិនជាម្ចាស់ប័ណ្ណសេដ្ឋកិច្ចមិនទទួលយកលក្ខខណ្ឌទូទាត់ថ្មី។
៣៖ តម្លៃអាហារឡើងខ្ពស់ ខណៈមន្ទីរពេទ្យក៏រងការខូចខាត
កង្វះស្បៀងអាហាររបស់វ៉េណេស៊ុយអេឡា បានក្លាយជាវិបត្តិធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជនជាតិវេណេហ្ស៊ូអេឡា ជាច្រើនបានជួបប្រទះការខ្វះខាតផលិតផលមួយចំនួនដូចជា ទឹកដោះគោ ស៊ុត ម្សៅសាប៊ូ និងសូម្បីក្រដាសអនាម័យ។
ថ្វីបើតម្លៃរូបិយប័ណ្ណធ្លាក់ចុះ និងប្រាក់ចំណូលពីការនាំចេញប្រេងក៏ធ្លាក់ចុះ រដ្ឋាភិបាលនៅតែបន្តរឹតបន្តឹងការត្រួតពិនិត្យតម្លៃលើទំនិញដែលត្រូវបានលក់នៅក្នុងផ្សារទំនើប។ បញ្ហានេះបង្ខំឱ្យអ្នកនាំចូលម្ហូបអាហារ បញ្ឈប់ការនាំចូលស្ទើរតែទាំងអស់ ព្រោះមិនដូច្នោះទេ ពួកគេត្រូវប្រឈមមុខនឹងការខាតបង់ជាច្រើនសន្ធឹកសន្ធាប់។ ការនាំចូលម្ហូបអាហារបានធ្លាក់ចុះប្រមាណជាបី-បួនឆ្នាំកន្លងទៅនេះ ទើបរដ្ឋាភិបាលបានបញ្ឈប់ការត្រួតពិនិត្យតម្លៃ ទើបធ្វើឱ្យមានអាហារដាក់លក់នៅតាមទីផ្សារឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយតម្លៃខ្ពស់ខ្លាំងដែលធ្វើឱ្យជនជាតិ វេណេហ្ស៊ូអេឡា មួយចំនួនធំ មិនអាចមានលទ្ធភាពទិញអាហារសម្រាប់បរិភោគ។
ដោយឡែកនិយាយពីថ្នាំពេទ្យវិញ ក៏មានការផ្គត់ផ្គង់តិច ដោយជនជាតិវេណេហ្ស៊ូអេឡា កំពុងត្រូវការថ្នាំពេទ្យជាចាំបាច់ដើម្បីព្យាបាលជំងឺ ប៉ុន្តែថ្នាំជាច្រើនមិនមានក្នុងប្រទេសដែលជួបវិបត្តិសេដ្ឋកិច្ចនេះឡើយ។ មន្ទីរពេទ្យសាធារណៈត្រូវបែកបាក់ ដែលបណ្តាលឱ្យមនុស្សស្លាប់ សូម្បីតែទារក ដោយសារតែការខ្វះខាតការថែទាំសុខភាពជាមូលដ្ឋាន។
៤៖ មាស និងក្រដាសប្រាក់អស់មុនពេលកំណត់
វ៉េណេស៊ុយអេឡា ត្រូវអស់លុយយ៉ាងឆាប់រហ័ស។ ប្រទេសមួយនេះមិនមានលុយគ្រប់គ្រាន់ដើម្បីបង់វិក័យប័ត្រជាយូរមកហើយ។ ប្រទេសអាមេរិកឡាទីនមួយនេះ បានជំពាក់ប្រាក់ចំនួន១៥ពាន់លានដុល្លារ នៅចន្លោះឆ្នាំ២០១៦ និងចុងឆ្នាំ២០១៧ ខណៈដែលធនាគារកណ្តាលរបស់ប្រទេសមានប្រាក់បំរុងតែ១១,៨ពាន់លានដុល្លារតែប៉ុណ្ណោះ។ ជាងនេះទៅទៀតនោះ ប្រភពសាច់ប្រាក់តែមួយគត់របស់វ៉េណេស៊ុយអេឡាគឺបានពីក្រុមហ៊ុន PDVSA ដែលកំពុងបូមប្រេងលក់បានតិច ព្រមទាំងប្រឈមនឹងហានិភ័យ។
ភាគច្រើននៃទុនបម្រុងគឺនៅក្នុងទម្រង់ជាមាស ហេតុនេះដើម្បីសងបំណុល វ៉េណេស៊ុយអេឡា ត្រូវដឹកដុំមាសទៅប្រទេសស្វ៊ីស។ សូមជម្រាបថា ប្រទេសចិន ធ្លាប់បានជួយបង់ប្រាក់ធានាឱ្យវេណេហ្ស៊ុយអេឡា និងផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ។ ប៉ុន្តែខណៈនេះសូម្បីតែប្រទេសចិន ក៏បានបញ្ឈប់ការផ្តល់ប្រាក់ជំនួយដល់ប្រទេសវេណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តអាម៉េរិកឡាទីនរបស់ខ្លួនទៀតឡើយ។
សូចនាករទាំងនេះបានបង្ហាញថា គឺប្រទេស វេណេស៊ុយអេឡា ស្ថិតក្នុងស្ថានភាពយ៉ាប់យឺន ហើយទំនងជាមិនមានភាពប្រសើរឡើងក្នុងពេលឆាប់ៗខាងមុខនេះឡើយ៕