(សៀមរាប)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ត្រូវបន្តធ្វើបច្ចុប្បន្នភាពបន្ថែមទៀត ក្តាប់ឲ្យបានអ្នកមានជីវភាពខ្វះខាត អ្នកមានជំងឺ និងអ្នកដែលគ្មានផ្ទះ ឬមានផ្ទះមិនសមរម្យ ដើម្បីមានវិធានការជួយបានទាន់ពេលវេលា ឲ្យស្របទៅនិងការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ដើម្បីធ្វើបាននូវបញ្ហាខាងលើឲ្យស្របតាមការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ដល់សមាជិកគ្រប់រូបទាំងជីវភាពរស់នៅ និងសុខភាពនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំដល់ថ្នាក់ដឹកនាំទាំងអស់ ត្រូវចងក្រងសមាជិកអតីតយុទ្ធជន ដែលកំពុងរស់នៅតាមភូមិនីមួយៗជាក្រុម ដោយជ្រើសរើសក្នុងចំណោមពួកគាត់ ឲ្យធ្វើជាប្រធានក្រុម។
ក្នុងពិធីបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនឆ្នាំ២០១៨ និងដាក់ចេញទិសដៅអនុវត្តឆ្នាំ២០១៩ របស់បណ្តាខេត្តចំណុះ យោធភូមិភាគទី៤ រួមមាន កំពង់ធំ, ព្រះវិហារ, សៀមរាប និងឧត្ដរមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីបញ្ជាការយោធភូមិភាគ៤ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ ត្រូវខិតខំគ្រប់គ្រងដីរបស់សមាគមដែលមានស្រាប់ បន្តការឈូសឆាយបែងចែកជាឡូត៍ និងជំរុញការសាងសង់ផ្ទះជូនអតីតយុទ្ធជនតាមផែនការឲ្យសម្រេចបានមុនទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។
តាមរបាយការណ៍របស់លេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនយោធភូមិភាគ៤ ក្នុងចំណោមសមាជិកអតីតយុទ្ធជន១៣,៧៨៩នាក់ អ្នកមានដីអត់ផ្ទះ ៣០១គ្រួសារ, អត់ដីអត់ផ្ទះ៣៦៥គ្រួសារ និងរស់នៅលើដីសាធារណៈ៤៨គ្រួសារ។ ក្នុងឆ្នាំកន្លងមកសមាគមបានសាងសង់ផ្ទះជូនបាន១៦១ខ្នង ក្នុងនោះ ខេត្តកំពង់ធំ ៥៥ខ្នង, ខេត្តសៀមរាប ០៨ខ្នង, ខេត្តព្រះវិហារ ០៨ខ្នង និងខេត្តឧត្ដរមានជ័យ ៩០ខ្នង។
ដោយឡែកក្នុងពេលប្រជុំនេះ លោក គន់ គីម ប្រកាសផ្តល់ការសាងសង់ផ្ទះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជនចំនួន៣០ខ្នង
ក្នុងនោះ (ខេត្តកំពង់ធំ១០ខ្នង និងខេត្តព្រះវិហារ២០ខ្នង), បើកប្រាក់បេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនបាន២៩៦សព ធានាបានទាន់ពេលមិនឲ្យហួសប្រាំពីរថ្ងៃ, បើកប្រាក់ធានារ៉ា់ប់រងសង្គមបាន២៣៤គ្រួសារ ព្រមទាំងចុះសួរសុខទុក្ខសមាជិក និងផ្តល់អំណោយជាសម្ភារ ថវិកា១៨២,២៦៣,០០០រៀល។
ក្នុងឱកាសនោះ ក៏មានការប្រកាសទទួលស្គាល់លោក ទៀ សីហា ជាប្រធានកិក្តិយសសមាគមអតីតយុទ្ធជនខេត្តសៀមរាប, លោក នាង ឃីម និងលោក លី ស៊ុន ជាជំនួយការ ទេសរដ្ឋមន្រ្តី គន់ គីម និងប្រកាសបំពេញបន្ថែមសមាសភាព អនុប្រធាន គណៈកម្មការសមាគមអតីតយុទ្ធជនតាមបណ្តាខេត្ត ក្នុងនោះខេត្តសៀមរាប (លោក គីម វណ្ណា និងលោក ខេង ញ៉ុល), ខេត្តព្រះវិហារ (លោក សួស សុខដារ៉ា, លោក ម៉ប់ ធិរិត និងលោក សំ លាងទ្រី), ខេត្តកំពង់ធំ (លោក មុំ ចែម និងលោក ជូ កូឡា)។
បន្ថែមពីនេះ ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានកោតសរសើរចំពោះការខិតខំបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ បានយ៉ាងល្អប្រសើរ និងដោះស្រាយទាន់ពេលវេលាជូនសមាជិកអតីតយុទ្ធជន ដែលជួបការលំបាក ឬមានជំងឺ និងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ ដែលទើបបានទទួលតំណែងថ្មីត្រូវរួមសហការគ្នា ដើម្បីអនុវត្តភារកិច្ចឲ្យទទួលបានជោគជ័យ៕