(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនគរបាលខេត្តកំពត និងកម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានបន្ដបើកប្រតិបត្តិការរួមគ្នា តាមបង្ក្រាបក្រុមចោរលួចរថយន្ដ តាមបណ្ដាខេត្ត បានចំនួន៣នាក់បន្ថែមទៀត នៅខេត្តឧត្តរមានជ័យ ខណៈបក្ខពួកដែលបង្ក្រាបលើកមុន ត្រូវតុលាការខេត្តកំពត ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ។
ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា បានឲ្យដឹងថា ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សហការជាមួយការិយាល័យអនុវត្តដីកានាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆាន់ គឹមលី និងសមត្ថកិច្ចនគរបាលខេត្តកំពត ចុះអនុវត្តដីកាចាប់ខ្លួន និងបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តកំពត និងធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈម្នាក់ទៀតកំពុងតាមរុករក។
លោកវរសេនីយ៍ទោ ឆាន់ គឹមលី នាយការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនសង្ស័យដែលកម្លាំងនគរបាល តាមបង្ក្រាបបាននេះ ទី១៖ឈ្មោះ នួន យាន អាយុ៣៦ឆ្នាំ, ទី២៖ឈ្មោះ ស៊ុម ហយ ហៅពេជ្រ អាយុ២១ឆ្នាំ និងទី៣៖ឈ្មោះ ស៊ុម ង៉ុយ អាយុ៤៣ឆ្នាំ។ ពួកគេត្រូវបានចាប់ខ្លួននៅចំណុចផ្ទះជួលស្ថិតភូមិអូរស្មាច់ សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពីបទលួចមានស្ថានទម្ងន់ (ក្រុមលួចរថយន្ត)។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ មុខសញ្ញាលួចរថយន្ដចំនួន៣នាក់ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មនៅតាមបណ្ដាខេត្តនានា ហើយត្រូវបង្ក្រាបបានជាបន្ដបន្ទាប់នោះ ត្រូវបានតុលាការខេត្តកំពត សម្រេចចេញដីកាឃុំខ្លួនក្រុមចោរទាំងនេះ ដាក់ពន្ធនាគារផងដែរ ដោយចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស សមគំនិតលួច និងទទួលផលចោរកម្ម។
មន្រ្តីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ដើម្បីឈានដល់បង្ក្រាបករណីនេះទទួលបានជោគជ័យ មានការបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាតាមបណ្តាខេត្ត។
ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្នុងនោះកម្លាំងសមត្ថកិច្ចទទួលបានលទ្ធផលដូចខាងក្រោម
*កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុំ ហ៊ីន អាយុ១៨ឆ្នាំ កំណើតភូមិយស់ ឃុំប្ញស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ននៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដោយរឹបអូសរថយន្តហាយឡែនឌ័រ១គ្រឿង។
*កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ា ឌីឡា អាយុ២៥ឆ្នាំ នៅភូមិគគី ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដកហូតបានរថយន្ត RX300 ពណ៌ស ១គ្រឿង។
*កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជុំ លីមសុង ហៅហ្គោ អាយុ៣១ឆ្នាំ កំណើតភូមិអូរលាវ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្ននៅភូមិផ្សារចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមចម្លើយសារភាពរបស់ជននេះសមត្ថកិច្ច រឹបអូសបានរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ១គ្រឿង។
សម្រាប់រថយន្តទាំងនេះ ត្រូវបាននគរបាលប្រគល់ជូនម្ចាស់វិញ មានទីលំនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ៕