(កំពង់ធំ-បន្ទាយមានជ័យ)៖ ដោយរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ ក្រៅពីការបញ្ជាឲ្យមន្រ្តីរបស់ខ្លួនចុះពិនិត្យស្ថានភាពទឹកគ្រប់មុខព្រួញតាមបណ្តាខេត្តនោះ រដ្ឋមន្រ្តីធនធានទឹក និងឧតុនិយមលោក លឹម គានហោ ក៏បានធ្វើដំណើរចុះទៅពិនិត្យដោយផ្ទាល់ស្ថានភាពទឹកនៅតាមខេត្ត ដើម្បីត្រៀមអន្តរាគមន៍ជូនប្រជាពលរដ្ឋ ដែលប្រឈមនឹងខ្វះខាតទឹកប្រើប្រាស់។
ជាក់ស្តែងក្នុងរយៈពេល២ថ្ងៃនេះ លោករដ្ឋមន្រ្តី បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យមើលស្ថានភាពទឹក នៅស្រុកស្ទោង ខេត្តកំពង់ធំ មុនបន្តដំណើរទៅពិនិត្យស្ថានភាពទឹក នៅទំនប់អាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ។
មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះទៅពិនិត្យស្រះទឹកចំនួន១៦កន្លែង តាមពោះបាតស្ទឹងស្ទោង នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានជីករួចតាមការសម្រេចរបស់លោករដ្ឋមន្រ្តី ក្នុងពេលអញ្ជើញចុះមកពិនិត្យស្ថានភាពទឹកស្ទឹងស្ទោង កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ ដើម្បីដោះស្រាយកង្វះខាតទឹក សម្រាប់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំម្សាក្រង។
ពេលជួបសំណេះសំណាលជាមួយតំណាងអាជ្ញាធរឃុំ និងប្រជាពលរដ្ឋនៅទីតាំងចុះពិនិត្យនៅឃុំខាងលើ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្រ្តី ដែលបានជួយដោះ ស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ លើកង្វះខាតទឹក ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន បានទាន់ពេលវេលា និងជួយសាង់សង់សំណង់ទ្វាស្ទាក់ទឹកកាត់ស្ទឹង ចំនួន០២កន្លែង ដែលនឹង ចាប់ផ្តើមដំណើរការសាងសង់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។ ក្នុងឱកាសនោះដែរ តំណាងអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ក៏បានស្នើរដ្ឋមន្រ្តី ជួយសាងសង់ស្ពានបាឡេមួយកន្លែង កាត់ស្ទឹង នៅឃុំម្សាក្រង ដែលបច្ចុប្បន្នជាស្ពានឈើដែលមានសភាពចាស់ទ្រុឌទ្រោម។
រដ្ឋមន្រ្តីធនធានទឹក បានសំណូមពរដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាពឲ្យបានល្អ និងត្រូវប្រើប្រាស់ទឹកដោយការសន្សំសំចៃ ក្នុងស្ថានភាពដែលប្រទេសកម្ពុជា មានអាកាសធាតុឡើងកំដៅខ្លាំង នារដូវប្រាំងឆ្នាំនេះ និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ត្រូវក្តាប់សភាពការណ៍ទឹកឲ្យបានច្បាស់លាស់ និងខិតខំរួមចំណែកដោះស្រាយបញ្ហាកង្វះខាតទឹក ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ចំពោះសំណើសាង់សង់ស្ពានបាឡេខាងលើ លោករដ្ឋមន្រ្តី បានណែនាំឲ្យលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរដែនដី ធ្វើការសិក្សាលម្អិត ដើម្បីពិនិត្យ និងសម្រេចនូវវិធានការសមស្របនាពេលក្រោយ។ ទន្ទឹមនឹងនោះលោក លឹម គានហោ ក៏បានណែនាំឲ្យមន្ទីរធ្វើការពិនិត្យ សិក្សាកែលម្អតួស្ទឹងផងដែរ។
ក្រោយបញ្ចប់ការងារនៅខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក លឹម គានហោ បានបន្តដំណើរដោយមានការចូលរួមអមពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះទៅពិនិត្យមើលស្ថានភាពទឹកនៅទំនប់អាងទឹកត្រពាំងថ្ម។ ស្ថានភាពទឹកក្នុងទំនប់អាងទឹកត្រពាំងថ្ម គឺស្ថិតក្នុងស្ថានភាពរីងគោកដែលពុំឆ្លាប់ជួបប្រទះនាពេលកន្លងមក។
តាមការរាយការណ៍ពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បើទោះជាមានការប្រជុំផ្សព្វផ្សាយអំពីសារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដោយមានការចូលរួមពីអាជ្ញាធរឃុំ ស្រុក ខេត្ត និងប្រជាពលរដ្ឋ នាពេលកន្លងមកយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នប្រជាកសិករ បានបន្តធ្វើស្រូវប្រាំងលើកទី២ លើផ្ទៃដីចំនួនជាង ៧០០០ហត ដែលអាចនឹងមានផលប៉ះពាល់មួយភាគធំនាពេលខាងមុខ។
ស្ថិតក្នុងស្ថានភាពបែបនេះ លោករដ្ឋមន្រ្តី បានប្រគល់ភារកិច្ចជូនលោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួង ដឹកនាំការធ្វើប្រឡាយប្រវែង ៦គម ដែលរហូតមកដល់ពេលនេះ សម្រេចបានប្រវែង២គម រួចហើយ ដើម្បីយកទឹកពីស្ទឹងស្រែងក្នុងខេត្តឧត្តរមានជ័យ បញ្ចូលមកទំនប់អាងទឹកត្រពាំងថ្ម សម្រាប់ដោះស្រាយបញ្ហាប្រឈមដែលបាននឹងកំពុងជួបប្រទះបច្ចុប្បន្ន។
ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តី ក៏បានណែនាំឲ្យលោកប្រធានមន្ទីរ បន្តផ្សព្វផ្សាយខ្លឹមសារសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ឲ្យបានកាន់តែទូលំទូលាយថែមទៀត ដើម្បីជាផលប្រយោជន៍រួម សម្រាប់ទាំងអស់គ្នា និងដោយឡែកសម្រាប់ប្រជាពលរដ្ឋ ដែលជាអ្នកអាស្រ័យផលពីទំនប់អាងទឹកត្រពាំងថ្ម។ សូមជម្រាបថា ទំនប់អាងទឹកត្រពាំងថ្ម គឺជាប្រភពទឹកសំខាន់ សម្រាប់បម្រើការស្រោចស្រព ការប្រើប្រាស់ប្រចាំថ្ងៃ និងជាកន្លែងប្រមូលផ្តុំសត្វក្រៀល។
សូមបញ្ជាក់ថា នៅរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។
តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។ វិធានការទាំង៣នោះរួមមាន៖
*ទី១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
*ទី២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។
*ទី៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕