(ញូវដេលី)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិ បានកត់សម្គាល់ថា បច្ចុប្បន្ននៅតែមានប្រទេសសមាជិកអាស៊ានមួយចំនួននៅតែបន្តដាក់របាំងមិនមែនពន្ធគយមានដូចជា SPS និង TBT ដែលជាឧបសគ្គរារាំងការធ្វើពាណិជ្ជកម្ម ជាពិសេសសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

លោករដ្ឋមន្ត្រីបានជំរុញឲ្យសមាជិកអាស៊ាន និងប្រទេសដៃគូយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការកាត់បន្ថយ ឬលុបបំបាត់របាំងមិនមែនពន្ធគយ ក៏ដូចជាកិច្ចសម្រួលពណិជ្ជកម្ម លំហូនៃព័ត៌មាន សុខដុមនីយកម្ម និងការទទួលស្គាល់កម្រិតស្តង់ដារគ្នាទៅវិញទៅមក ដើម្បីឈានឆ្ពោះទៅរកការកាត់បន្ថយរបាំងពាណិជ្ជកម្ម ជាពិសេសរបាំងមិនមែនពន្ធគយ។ លោក ប៉ាន សូរស័ក្តិ ចាត់ទុកការធ្វើបែបនេះ នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មឱ្យកាន់តែមានការរីកចម្រើនទាំងក្នុងតំបន់ និងសកលលោក។

ការជំរុញឲ្យមានការកាត់បន្ថយ និងលុបបំបាត់របាំងមិនមែនពន្ធគយរបស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងតាមរយៈសុន្ទរកថាក្នុងវេទិកាពិភាក្សាកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ ក្រោមប្រធានបទ «ការបង្កើនពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅៈ ការកាត់បន្ថយរបាំងមិនមែនពន្ធគយចំពោះពាណិជ្ជកម្ម»។ កិច្ចប្រជុំនេះធ្វើឡើងចាប់ពីថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

ក្នុងសុន្ទរកថានោះ លោករដ្ឋមន្ត្រី បានលើកឡើងពីទំហំពាណិជ្ជកម្មទ្វេភាគី និងលំហូរវិនិយោគដោយផ្ទាល់ (FDI) ពីឥណ្ឌាចូលមកអាស៊ានផងដែរ។ លោកបានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី និងលំហូរវិនិយោគដោយផ្ទាល់ពីឥណ្ឌាចូលមកអាស៊ាន មានការកើនឡើងបីដង ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានឥណ្ឌា (AIFTA) បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១០។

លោករដ្ឋមន្ត្រីបន្តថា ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីអាស៊ាន និងឥណ្ឌា សរុបមានចំនួន ៧៣.៥៩ពាន់លានដុល្លារ ដែលកើនឡើង ២៥.៥% ធៀបនឹងឆ្នាំមុន មានត្រឹម ៥៨.៦ពាន់លានដុល្លារ។ ក្នុងអំឡុងពេលដូចគ្នានេះដែរ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពីឥណ្ឌាចូលមកអាស៊ាន បានកើនឡើងពី ១.៤៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ១.៧៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៧។

ទន្ទឹមនឹងមានការវិវត្តទៅមុខជានិច្ចលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសសមាជិកអាស៊ាន និងឥណ្ឌា លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីគន្លឹះសំខាន់ៗសម្រាប់ធ្វើឱ្យអាស៊ានក្លាយជាទីផ្សារតែមួយ និងជាមូលដ្ឋានផលិតកម្មតាមរយៈការធ្វើសេរីភាវូបនីយកម្មលើទំនិញ សេវា និងការវិនិយោគ។ លើសពីនោះទៅទៀត អាស៊ានក៏បានកាត់បន្ថយអត្រាពន្ធគយដែលជាធាតុសំខាន់ក្នុងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជទំនិញក្រោមកិច្ចព្រមព្រៀង ATIGA ហើយក៏បានកាត់បន្ថយនូវរបាំងមិនមែនពន្ធគយជាច្រើនផងដែរ។

នៅក្នុងសុន្ទរកថានោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងដែរថា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន កម្ពុជាបានធ្វើកំណែទម្រង់លើកិច្ចសម្រួលពាណិជ្ជកម្មសំខាន់ៗជាច្រើន ដើម្បីពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាក៏ដូចជានៅក្នុងតំបន់ ដែលកំណែទម្រង់ទាំងនោះរួមមាន៖
១. យន្តការច្រកចេញចូលតែមួយ
២. នីហិតដ្ឋានជាតិពត៍មានពាណិជ្ជកម្ម
៣. ការចេញវិញ្ញាប័នបត្របញ្ជាក់ប្រភពដើមទំនិញ (C/O online)
៤. ការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាកសញ្ញាតាមប្រព័ន្ធ online
៥. ការសម្របសម្រួលនីតិវិធីបញ្ចេញទំនិញ និងកាត់បន្ថយថ្លៃចំណាយផ្សេងៗនៅតាមព្រំដែន
និង៦. កំណែទម្រង់ផ្សេងៗទៀតនៅតាមបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធលើវិស័យពាណិជ្ជកម្ម ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យមានការមកបណ្តាក់ទុនវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនអំពីវឌ្ឍនភាពរបស់កម្ពុជាថា ដោយមានសន្តិភាព និងស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច កម្ពុជាសម្រេចបាននូវអត្រាកំណើនប្រចាំឆ្នាំប្រហែល ៧% នាទសវត្សរ៍ចុងក្រោយនេះដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក។ ម្យ៉ាងវិញទៀតប្រទេសកម្ពុជា ក៏បានដាក់បញ្ចូលវិស័យពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ នៅក្នុងយុទ្ធសាស្ត្រចតុកោណទី៤នៃអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕