(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីណែនាំមួយ បានកត់សម្គាល់ឃើញថា បងប្អូនប្រជាពលរដ្ឋកាន់តែ មានការយល់ដឹងច្រើន លើកិច្ចការពារជំងឺឆ្កែឆ្កួត ដែលអាចកើតមានក្រោយពីសត្វឆ្កែ ឬឆ្មាខាំ ឬខ្វាច ដែលជំរុញឲ្យបងប្អូនបានសម្រាកមករកការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនេះ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
ក្រសួងសុខាភិបាល បានបញ្ជាក់ជូនសាធារណជនសារជាថ្មីម្តងទៀតថា ភ្លាមៗ ក្រោយពីទទួលបាននូវព័ត៌មានករណីក្មេងស្រីអាយុ១១ឆ្នាំ បានទទួលមរណភាព កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានប្រវត្តិឆ្មាខ្វាចតាំងពីខែធ្នូ ឆ្នាំ២០១៨មកនោះ ក្រសួងសុខាភិបាលបានចេញមកពន្យល់សាធារណជន ស្តីពីករណ៍នេះហើយក៏បានផ្តល់ការណែនាំជាបន្តបន្ទាប់តាម
បណ្តាញសារព័ត៌មាន និងបានធ្វើការងារជាបន្តបន្ទាប់ជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិ ស្រាវជ្រាវសុខភាពសាធារណៈ ដើម្បីដោះស្រាយកិច្ចការផ្តល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋយើងផងដែរ។
បន្ទាប់មក ដោយសារការសម្រាកមករកការចាក់វ៉ាក់សាំង ដែលជាហេតុឲ្យមានការរងចាំយូរ និងដើម្បីឲ្យប្រជាពលរដ្ឋ មានការស្វែងយល់បន្ថែមទៀត លើបញ្ហាទទួលវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានចេញសេចក្តីជូនព័ត៌មានអំពីស្ថានភាព នៃការចាក់ថ្នាំបង្ការឆ្កែឆ្កួតនេះរួចហើយដែរ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា «ជំងឺឆ្កែឆ្កួតនេះ ជាជំងឺដ៏កម្រមួយមានជាយូរយារណាស់មកហើយៗ ការផ្តល់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ក៏មានជាយូរមកហើយដែរ ដែលផ្តល់ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ហើយការផ្តល់ការចាក់ថ្នាំបង្ការនេះ បន្តធ្វើជារៀងរាល់ថ្ងៃ ជូនដល់អតិថិជន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានគិតគូរជាមុនរួចទៅហើយ ដោយបានពង្រីកកន្លែងចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនេះបានមួយកន្លែងទៀត នៅខេត្តបាត់ដំបងដោយសហការ ជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ សម្រាប់សេវា ឯកជនដែលមានអជ្ញាបណ្ណត្រឹមត្រូវ ក៏មានការផ្តល់សេវាចាក់ថ្នាំបង្ការឆ្កែឆ្កួតនេះផងដែរ នៅតាមបណ្តារាជធានី-ខេត្ត។ ដូច្នេះ បងប្អូន អាចមានជម្រើសលើការស្វែងរកការ ចាក់ថ្នាំបង្ការជំងឺ ឆ្កែឆ្កួតនេះបាន»។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែចំនួនអ្នកដែលអញ្ជើញមកពិគ្រោះ ក្រោយពីសត្វខាំដើម្បីទទួលសេវាចាក់ថ្នាំបង្ការ ជម្ងឺឆ្កែឆ្កួតមានចំនួនច្រើនឡើងនោះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សូមអភ័យទោសដល់ប្រជាពលរដ្ឋដែលត្រូវរង់ចាំយូរក្នុងការជួបជាមួយក្រុមគ្រូពេទ្យ។
វិទ្យាស្ថានប៉ាស្ទ័រ កាលពីម្សិលមិញ បានបញ្ជាក់ថា ខ្លួនបានកំពុងព្យាយាមធ្វើឲ្យល្អបំផុតសម្រាប់អ្នកគ្រប់គ្នា និងសូមផ្តល់អទិភាពពិគ្រោះ ជូនដល់អ្នកដែលអញ្ជើញមកចាក់បន្ត លើកទី២ និងទី៣ អ្នកដែលមានមុខរបួសដោយឆ្កែខាំធ្ងន់ធ្ងរ កុមារតូចៗ ព្រះសង្ឃ ជនពិការ មនុស្សចាស់ជរា និងស្ត្រីមានផ្ទៃពោះ។
វិទ្យាស្ថានប៉ាស្ទ័រ បានទទួលពិគ្រោះជូនដល់អ្នកជម្ងឺទាំងអស់ ដែលអញ្ជើញមកដល់វិទ្យាស្ថាន ប៉ុន្តែសូមអធ្យាស្រ័យចំពោះការ រង់ចាំយូរ។ វិទ្យាស្ថានសូមជម្រាបជូនថា យើងមានវ៉ាក់សាំងគ្រប់ចំនួន សម្រាប់ផ្គត់ផ្គង់ជូនអ្នកទាំងអស់គ្នា។ ជាមួយគ្នានេះដែរ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានជម្រាបដល់សាធារណជនទាំងអស់ថា សូមមេត្តាកុំជឿតាមព័ត៌មានមិនពិតមួយចំនួន តាមរយៈបណ្តាញសង្គមផ្សព្វផ្សាយមួយចំនួនតូច លើការណែនាំរបស់ក្រុមការងារ និងក្រុមគ្រូពេទ្យរបស់វិទ្យាស្ថានប៉ាស្ទ័រកន្លងមកនេះ។
សូមអានព័ត៌មានលម្អិត នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ខាងក្រោមនេះ៖