(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារស្នងការដ្ឋាននគរបាលខេត្តតាកែវ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ សែម សួន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ដែលបានទទួលមរណៈភាពដោយជម្ងឺលើសឈាម។
ពិធីបុណ្យសមរបស់មន្រ្តីនគរបាលរូបនេះ បានប្រារព្ធនៅគេហដ្ឋានក្នុងភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ។
នៅក្នុងឱកាសលោកឧត្តមសេនីយ៍ទោស្នងការ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦លានរៀល ថវិកាផ្ទាល់របស់លោកចំនួនន១លានរៀល និងថវិកាចូលរួមពីក្រុមការងារ ចំនួន១លានហាសិបពីរម៉ឺនរៀល និងអង្ករ២បាវស្មើ១០០គីឡូ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ប្រគល់ជូនលោកស្រី អ៊ិន សាវី ត្រូវជាភរិយានៃសព។
ជំនួសមុខឲ្យនគរបាលជាតិទូទាំងខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានសម្តែងការចូលរួមសោកស្តាយចំពោះការបាត់បង់មន្រ្តីនគរបាលម្នាក់ ដែលមានស្នាដៃ ធ្លាប់បានចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសបានចូលរួមបង្ក្រាបគ្រឿងញៀននាពេលកន្លងមក ជូនសង្គមជាតិ និងប្រជាពលរដ្ឋផងដែរ៕