(ភ្នំពេញ)៖ នៅពេលមេបក្សប្រឆាំងដ៏ធំនៅកម្ពុជា លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅយប់រំលងអាធ្រាត ខែកញ្ញា ឆ្នាំ២០១៧ ប្រព័ន្ធ​ផ្សព្វ​ផ្សាយភាគច្រើនបានភ្ញាក់ផ្អើលជាខ្លាំង។ មានតែបណ្តាញព័ត៌មានអនឡាញ Fresh News មួយប៉ុណ្ណោះ ដែលមានទំនាក់ទំនង​​ជិតស្និទ្ធជាមួយរដ្ឋាភិបាល ដែលធ្វើការផ្សាយផ្ទាល់នូវទិដ្ឋភាពនៃការចាប់ខ្លួនលោក កឹម សុខា នៅឯគេហដ្ឋានរបស់លោក ក្នុង​​អំឡុងប្រតិបត្តិការមួយ ដែលមានកម្លាំងប៉ូលិសប្រដាប់ដោយអាវុធប្រមាណជា១០០នាក់។

ការចាប់ខ្លួននេះ បានដៅនូវចំណុចកំពូលចុងក្រោយនៃយុទ្ធនាការរាប់ខែរបស់ Fresh News ក្នុងការព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះ​របស់លោក កឹម សុខា ជាប្រធាននៃអតីត​គណបក្សសង្រ្គោះជាតិ CNRP ដែលបច្ចុប្បន្នត្រូវបានគេរំលាយចោលបាត់ទៅហើយ​​។ Fresh News បានចោទថា លោក កឹម សុខា មានការពាក់ព័ន្ធក្នុងគម្រោងការមួយមានអាមេរិកនៅពីក្រោយ ដែលសំដៅ​​ផ្តួល​រំលំរដ្ឋាភិបាល​​​​នៃគណបក្សប្រជាជាជនកម្ពុជា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈ​​ពេល​ជាង០៣ទសវត្សរន៍មកហើយ។

ក្រោយពីលោក កឹម សុខា ត្រូវបានចាប់ខ្លួន Fresh News នៅតែបានបន្តយុទ្ធនាការផ្សព្វផ្សាយព័ត៌មានបែបវាយប្រហាររបស់​​ខ្លួន ជាមួយអត្ថបទដូចជា «តើហេតុអ្វីលោក កឹម សុខា ត្រូវបានចាប់ខ្លួន? ស្តាប់ចម្លើយសារភាពនៃអំពើក្បត់ជាតិរបស់លោក​» ដែលមានផ្ទុកនូវតភ្ជាប់វីដេអូមួយកាលពីឆ្នាំ២០១៣ នៃសកម្មភាពរបស់លោក កឹម សុខា ធ្វើការថ្លែងអំណរគុណ​ចំពោះ​អាមេរិក ​សម្រាប់​ការគាំទ្រផ្នែកនយោបាយ និងយុទ្ធសាស្រ្ត​យ៉ាងលម្អិតដើម្បីការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យ។ រដ្ឋាភិបាល​កម្ពុជា បានអះអាងថា ពាក្យសម្តីទាំងនេះរបស់លោក កឹម សុខា គឺជាបទល្មើសជាក់ស្តែង ដូច្នេះអនុញ្ញាតឲ្យមានការដក​ហូត​អភ័យ​ឯក​សិទ្ធិ​​តំណាងរាស្រ្តចេញពីរូបលោក។

ការកើនឡើងមុខមាត់របស់ Fresh News ក្នុងនាមជាស្ថាប័នដ៏សំខាន់មួយ នៅក្នុងរបបដឹកនាំនៃប្រទេសកម្ពុជា បាន​កើតមានចំពេលដែលរដ្ឋាភិបាលបានចេញប្រតិបត្តិការបង្រ្កាប មិនធ្លាប់មានពីមុនមក ទៅលើសេរីភាពនៃសារព័ត៌មាន និង​សង្គមស៊ីវិល ដែលកន្លងមកធ្លាប់តែមានសកម្មភាពខ្លាំងនៅកម្ពុជា។ តួយ៉ាងសារព័ត៌មាន Cambodia Daily ត្រូវបានបិទទ្វារ​​នៅឆ្នាំ២០១៧ ជុំវិញបញ្ហាបង់ពន្ធ។ បន្ទាប់មកទៀតកាលពីឆ្នាំមុន សារព័ត៌មានឯករាជ្យចំណាស់ជាងគេនៅកម្ពុជា Phnom Penh Post ត្រូវបានទិញយកដោយម្ចាស់ថ្មី ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ​រដ្ឋាភិបាល ដែលបានអនុវត្តន៍គោលការណ៍​ផ្សព្វ​ផ្សាយតឹងរ៉ឹងជាងមុន។ រីឯស្ថានីយវិទ្យុអាស៊ីសេរីវិញ ត្រូវបានបង្ខំឲ្យ​បោះបង់ចោលប្រតិបត្តិការរបស់ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្តង។

ក្នុងអំឡុង​យុទ្ធនា​ការ​​បង្រ្កាប​លើប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មានឌីជីថល Fresh News បានក្លាយជាឧបករណ៍​ដ៏​មាន​ប្រយោជន៍​បំផុតមួយរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឥទ្ធិពលយ៉ាងធំសម្បើម ជុំវិញការចែកចាយព័ត៌មានមិនពិតផ្នែកនយោបាយក៏ដូច​ជា​ការឃោសនានយោបាយ​។

Fresh News ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ជាមួយអ្នកកាសែតត្រឹម២០នាក់ និងត្រូវបានកាសែត Phnom Penh Post ហៅថាជា «ដំបងរបស់គណបក្សកាន់អំណាច» Fresh News បច្ចុប្បន្នគឺជាវែបសាយក្នុងស្រុក​​មាន​អ្នក​ចូល​មើលច្រើន​ជាង​​គេ​​លំដាប់ទីបីនៅកម្ពុជា និងបានដឹកនាំសង្រ្គាមប្រឆាំងក្រុមអ្នករិះគន់រដ្ឋាភិបាល តាមរយៈការផ្សព្វផ្សាយព័ត៌មាន​រសើបៗ​ដែល​​គ្មាន​​មូលដ្ឋានច្បាស់លាស់ ការបញ្ចេញសំឡេងសន្ទនាទូរស័ព្ទ​រវាង​អ្នកនយោបាយ​បក្សប្រឆាំង និងការជួយក្នុងការបង្កើត​គោលនយោបាយប្រឆាំងលទ្ធិប្រជាធិបតេយ្យថែមទៀតផង។

Fresh News ដែលសព្វថ្ងៃមានបុគ្គលប្រហែល១០០នាក់ និងការផ្សព្វផ្សាយទាំងនៅលើ​វែបសាយ ទូរទស្សន៍ វិទ្យុ Facebook និង YouTube នោះ ជារឿយៗតែងទទួលបានការធ្វើកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដោយរួមមាន​ទាំង នាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ ដែលកម្រនឹងផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានដទៃទៀតបំផុត។ ដោយមានការផ្សាយជា​ភាសា​ខ្មែរ អង់គ្លេស និងចិន។ Fresh News បានក្លាយជាដៃទីបីរបស់រដ្ឋាភិបាល ក្នុងយុទ្ធនាការដាក់គំនាបលើប្រព័ន្ធផ្សព្វផ្សាយ​។​

ការពេញចិត្តរបស់រដ្ឋាភិបាលចំពោះការផ្សព្វផ្សាយព័ត៌មាន​របស់ Fresh News ហាក់ដូចមានទំហំធំធេងខ្លាំង ដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រៀបធៀប Fresh News ជាមួយស្ថាប័នព័ត៌មានអន្តរជាតិធំៗ ដូចជា Reuters ជាដើម។ ថ្លែងក្នុងសុន្ទរកថាមួយ​នៅ​ខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្មានថ្ងៃក្រោយការចាប់ខ្លួន លោក កឹម សុខា, នាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយដូច្នេះថា «Fresh News ឥឡូវមិនត្រឹមតែមានអ្នកទស្សនាក្នុងប្រទេសប៉ុណ្ណោះទេ តែក៏ត្រូវគេតាមដានមើលនៅក្រៅប្រទេសផងដែរ។ យើងមានប្រព័ន្ធ​ផ្សព្វ​ផ្សាយព័ត៌មានយ៉ាងរហ័សមួយ ដែលមិនចាញ់​សារព័ត៌មានបរទេស AFP, UPI, AP, ឬក៏ Reuters ឡើយ»។

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានប្រាប់កាសែត Phnom Penh Post ឲ្យដឹងថា Fresh News គឺជាមធ្យោបាយមួយ​សម្រាប់​ឲ្យ​​រដ្ឋាភិបាលចែករំលែកព័ត៌មាន និងថាស្ថាប័នព័ត៌មាននេះ ទទួលបានព័ត៌មានដោយផ្ទាល់ពីរដ្ឋាភិបាល។ ភាពជោគជ័យរបស់​ ​Fresh News ក៏អាចប្រៀបធៀបនឹងទៅនឹងការរិះគន់លើ​បណ្តាញផ្សព្វផ្សាយព័ត៌មានបែបស៊ើបអង្កេត​នៅតាមប្រទេសជាច្រើន​ជុំវិញភពលោកផងដែរ។ តួយ៉ាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅ CNN ថា ជា «ព័ត៌​មាន​​ក្លែង​​ក្លាយ» តែ​ស្របពេលជាមួយគ្នាក៏បានស្វាគមន៍ដៃពីរដល់​សារព័ត៌មានដូចជា Fox News។ រីឯប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ វិញ បានហៅសារ​ព័ត៌​មាន Rappler ថា ព័ត៌មានក្លែងក្លាយ ដូចគ្នាផងដែរ។

ដោយមានទំនោរគាំទ្ររដ្ឋាភិបាលតាំងតែពីចាប់បើកដំបូង Fresh News បានដើរតួនាទីសកម្មខ្លាំងជាងមុន នាពាក់កណ្តាល​ឆ្នាំ​២០១៧។ នៅមុនការចាប់ខ្លួន​លោក កឹម សុខា រដ្ឋាភិបាលបានបិទអង្គការប្រជាធិបតេយ្យ NDI របស់អាមេរិក ដែល Fresh News បានអះអាង​ថា មានជាប់ពាក់ព័ន្ធនឹងផែនការសំដៅបំផុសបំផុលឲ្យមាន «បដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដូចនៅអឺរ៉ុបខាងកើត​ និង​អារ៉ាប់។ អង្គការ NDI ត្រូវបានបិទទ្វារហើយបុគ្គលិក បរទេសបីនាក់របស់អង្គការ ត្រូវបានបណ្តេញចេញពីប្រទេស។ រដ្ឋាភិបាល​បានយកឯកសារដែលតាមពិតខ្លួនបានផ្តល់ឲ្យ Fresh News យកទៅចេញបញ្ចេញនោះ ធ្វើជាហេតុផល​​គាំទ្រ​​ដល់ការ​សម្រេច​បិទអង្គការ NDI។

ឯកសារទាំងនេះមានប្រភពចេញពីមកពីជំនួបមួយរវាង​ NDI និងបក្ស CNRP ដែលក្នុងអំឡុងពេលនោះភាគីទាំងពីរ​បាន​ជជែក​គ្នាពីយុទ្ធសាស្រ្តយុទ្ធនាការបោះឆ្នោត។ ដោយឆ្លើយការពារខ្លួន អង្គការ NDI បានអះអាងថា​ ពួកគេ​ក៏ធ្លាប់បានរៀបចំវគ្គ​បណ្តុះ​បណ្តាលស្រដៀងគ្នានេះជាមួយគណបក្សជាច្រើនផ្សេងទៀតផងដែរ រួមមានទាំងបក្សប្រជាជនកម្ពុជា​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន​។​ ភស្តុតាងបន្ថែមទៀតនៃចំណងស្អិតល្មួតរវាង​ Fresh News និងរដ្ឋាភិបាលបានលេចឡើង នៅពេលស្ថាប័នព័ត៌មាននេះ​បាន​បញ្ចេញរូបភាពបុគ្គលិកទាំងបីនាក់របស់ NDI ដែលថតបានពេលពួកគេចាកចេញពីទឹកដីកម្ពុជា នៅឯអាកាសយានដ្ឋានអន្តរ​​ជាតិភ្នំពេញ។ អង្គការ ​USAID បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះការសម្រេចចិត្តគួរឲ្យខកចិត្តជាខ្លាំងនេះ ខណៈ​សមាជិកព្រឹទ្ធសភាអាមេរិកជាច្រើននាក់ រួមទាំងលោក John McCain ក៏បានចេញមុខថ្កោលទោសផងដែរនាពេលនោះ។

ការលេចធ្លាយឯកសារទាំងនេះ គឺជាផ្នែកនៃលំនាំមួយ។ ដោយខុសពីបណ្តាញផ្សព្វផ្សាយដទៃទៀតនៅកម្ពុជា Fresh News ​ទទួលបានអត្ថប្រយោជន៍​ពី​​សិទ្ធិពិសេសនិងផ្តាច់មុខ​​ ក្នុងការទទួលបានឯកសារពីរដ្ឋាភិបាល រួមមានទាំងដីកាកោះហៅ​ និង​ចាប់ខ្លួនរបស់តុលាការ ដែលទាំងនេះសុទ្ធតែត្រូវចេញផ្សាយជាសាធារណៈ​​នៅលើវែបសាយព័ត៌មានមួយនេះ។ កាលពីខែមករា កន្លងទៅសកម្មជនលេចធ្លោបីនាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភទំនុកចិត្ត នៅក្នុងសំណុំរឿងមួយ ដែលមនុស្សភាគ​ច្រើន​មើលឃើញថា មានចេតនានយោបាយនៅពីខាងក្រោយ។ បុរសទាំងបីនាក់បានដឹងអំពីការចោទប្រកាន់មកលើពួកគេ គឺនៅ​ពេលដែលឯកសាររបស់តុលាការ ត្រូវបានចេញផ្សាយនៅលើ Fresh News។

ការបញ្ចេញព័ត៌មានរសើបៗដោយ Fresh News ក៏បានបង្កើតរឿងក្តីក្តាំងយ៉ាងស្មុគស្មាញផងដែរ សម្រាប់ក្រុមអ្នករិះគន់។ អតីតឧបនាយករដ្ឋមន្រ្តី​នៃគណបក្សហ៊្វុនស៊ិនប៉ិច លូ ឡាយស្រេង ត្រូវបាន Fresh News ចែកចាយសំឡេងសន្ទនាឯក​ជន​​​​​​តាមទូរស័ព្ទ កាលពីខែតុលា ឆ្នាំ២០១៧ ដោយក្នុងនោះលោក ឡាយស្រេង បានប្រមាថព្រះចេស្តាមហាក្សត្រខ្មែរ ដោយសារ​​ការមិនជួយខិតខំការពារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ លោក ស្រេង ក៏បានចោទប្រកាន់អតីតបក្សនយោបាយ​របស់​លោកថា បានចូលដៃចូលជើងជាមួយ​​រដ្ឋាភិបាល ដើម្បីបំផ្លាញគណបក្ស CNRP ផងដែរ។

បន្ទាប់ពី Fresh News បានបញ្ចេញសំឡេងសន្ទនានេះ លោក ឡាយស្រេង ត្រូវបាននាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្ស​ហ៊្វុនស៊ិន​ប៉ិច ប្តឹងពីបទបរិហាកេរ្តិ៍ ​ទោះបីជាធាតុពិតជាក់ស្តែងពាក្យសម្តីរបស់លោក ឡាយស្រេង ធ្វើឡើងក្នុងកិច្ចសន្ទនាឯកជនប៉ុណ្ណោះ​ក៏ដោយក្តី។ លោក ឡាយស្រេង ដែលបច្ចុប្បន្នស្ថិតក្នុងវ័យ៨០ទៅហើយនោះ បានគេចខ្លួនទៅកាន់សហរដ្ឋអាមេរិកភ្លាមៗ ក្រោយការលេចធ្លាយសំឡេងនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺពុំមានការស៊ើបអង្កេត​ណាមួយត្រូវបានបើក ដើម្បីវែក​រក​មុខ​អ្នក​​ដែល​លួច​ថត​និង​​បញ្ចេញ​​​សំឡេងសន្ទនានេះ ដែលជាទង្វើខុសច្បាប់នោះឡើយ។

ក្រៅពីការចុះផ្សាយព័ត៌មានរសើប និងការបញ្ចេញព័ត៌មានឯកជនសម្ងាត់ៗ Fresh News ក៏បាន​ព្យាយាមជួយរដ្ឋាភិបាល ក្នុងការបង្កើតគោលនយោបាយផងដែរ។ ស្របពេលដែលរដ្ឋាភិបាលរៀបចំដើម្បីរំលាយ​ CNRP នាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះរកវិធីដើម្បីធ្វើយ៉ាងណា រក្សានូវរូបភាពបំភ័ន្តភ្នែកនៃ​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែអាចលុប​បំបាត់គណបក្សនយោបាយដែលមានសំឡេងឆ្នោតគាំទ្រ​​​ពីប្រជាជនស្ទើរតែពាក់កណ្តាលបាន។ ពេលនោះ Fresh News បាន​ផ្តល់​ដំណោះស្រាយសម្រាប់បញ្ហានេះ នៅពេល​អ្នកវិភាគអនាមិកម្នាក់ បានឲ្យជាយោបល់ថា អាសនៈរបស់ CNRP ដែល​នៅ​ទំនេរ​ក្រោយការរំលាយ អាចយកទៅចែកចាយឲ្យ​គណបក្សតូចៗ ដោយអាស្រ័យលើ​​ភាគរយនៃសំឡេងឆ្នោតដែលពួក​​គេ​​ទទួល​បាន​ក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំមុន។ រដ្ឋាភិបាលមិនត្រឹម​ប្រកាន់យក​​គោលនយោបាយនេះប៉ុណ្ណោះទេ តែថែម​ទាំង​បានប្រើប្រាស់រូបមន្តដូចគ្នាបេះបិទទៅនឹងអ្វីដែល​លើកឡើង​ដោយស្ថាប័នព័ត៌​មាននេះ គឺចែកកៅអីទៅឲ្យគណបក្សដែល​ទទួល​បានសំឡេង​០៣ភាគរយ ឬតិចជាងនេះ។

អ្នកដឹកនាំ Fresh News គឺនាយកប្រតិបត្តិរបស់សារព័ត៌មាននេះឈ្មោះ លឹម ជាវុត្ថា ដែលបាននិយាយអួតអាងដោយបើកចំហ​អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់លោកជាមួយរដ្ឋាភិបាល និងបានប្រាប់ Buzzfeed កាលពីខែមករាឆ្នាំមុនថា «នៅពេល​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ផ្សាយព័ត៌មានអ្វីមួយ គឺលោកតែងតែទូរស័ព្ទមករកខ្ញុំ»។ លោក លឹម ជាវុត្ថា ជាបុគ្គលដែលមានចំណង​ស្និទ្ធ​ស្នាល​ជាមួយ​សេដ្ឋីផ្នែកនយោបាយ​របស់កម្ពុជា ដោយលោកត្រូវគេមើលឃើញមានវត្តមាននៅក្នុងពិធីមង្គលការ​​​កូនស្រី​របស់​លោក គិត ម៉េង ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងនាយករដ្ឋមន្រ្តី ហ៊ុន សែន។

នៅក្នុងឈុតឆាកមិនគួរឲ្យជឿមួយ លោក ជាវុត្ថា បាននាំយកលុយ​៦០,០០០ដុល្លារដោយផ្ទាល់​ពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ប្រគល់​ជូន​គ្រួសារសកម្មជន និងអ្នកវិភាគនយោបាយ លោក កែម ឡី ក្រោយករណីឃាតកម្មលើរូបលោក នៅឯការ៉ាស់​សាំង​​មួយ​​កន្លែង​កាលពីឆ្នាំ២០១៦។ ករណីឃាតកម្មនេះទំនងបានឆ្លុះបញ្ចាំងឡើងវិញពី​សម័យកាលអំពើហិង្សាផ្នែកនយោបាយ​នៅ​កម្ពុជា ដែលមនុស្សគ្រប់គ្នា​សង្ឃឹមថា បានកន្លងផុតបាត់ទៅហើយ។ នៅក្នុងសារបង្ហោះលើ Facebook លោក សម រង្ស៊ី បាន​ហៅករណីឃាតកម្មនេះថា «ការលួចធ្វើឃាត» និងជា «អំពើភេរវកម្មរបស់រដ្ឋាភិបាល»។

ថ្លែងក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះជាមួយ​ Coda លោក លឹម ជាវុត្ថា បានបដិសេធថា មិនមានទំនាក់ទំនង​ផ្លូវ​ការ​ណាមួយ​ជាមួយ​រដ្ឋាភិ​បាលឡើយ ប៉ុន្តែលោកបានការពារចំពោះជំហរគាំទ្ររដ្ឋាភិបាលរបស់លោក។ លោក ជាវុត្ថា បាននិយាយ​ដូច្នេះ​ថា «ព័ត៌មានក្លែងក្លាយនៅកម្ពុជា ត្រូវបានប្រឌិតឡើងដោយ​មនុស្សមួយក្តាប់ ដោយសារតែពួកគេមិនចូលចិត្ត ឬមិនគាំទ្រ​​រដ្ឋា​ភិបាល»។

លោកក៏បានលើកឡើងផងដែរថា តួនាទីមួយរបស់ Fresh News គឺរំលេចនូវសកម្មភាពលើកស្ទួយសង្គមរបស់រដ្ឋាភិបាល​។ «រដ្ឋាភិបាលបានព្យាយាមកសាង អភិវឌ្ឍន៍ ធ្វើអំពើល្អ ដើម្បីជួយប្រជាជនតាមមធ្យោបាយផ្សេងៗជាច្រើន រៀបរាប់មិនអស់​នោះឡើយ។ ដូច្នេះបើតាមគំនិតខ្ញុំ ហើយក្នុងនាមជាកូនខ្មែរម្នាក់ ខ្ញុំមើលឃើញនូវទង្វើល្អពិតប្រាកដរបស់រដ្ឋាភិបាល ចឹង​តើ​ហេតុអ្វីបានខ្ញុំមិនអាចចេញផ្សាយវាបាន? ហេតុអ្វីបានខ្ញុំមិនអាចចេញផ្សាយវា ដោយសារតែរដ្ឋាភិបាលកំពុងតែជួយសង្គម​ ជួយពលរដ្ឋក្រីក្រ ជួយអភិវឌ្ឍន៍ សាងសង់សាលារៀន បរិច្ចាគជំនួយដល់ប្រជាជន ដែលរងផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ និង​អ្វីៗជាច្រើនទៀត?» នេះបើតាមសម្តីលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បញ្ជាក់បន្ថែម។

.............

ដោយ៖ សារព័ត៌មានបរទេស Coda Story
ទីស្នាក់ការកណ្តាល នៅទីក្រុង New York សហរដ្ឋអាមេរិក