(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអំពាវនាវដល់ប្រជានេសាទ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ ឲ្យជួយការពារថែរក្សាត្រីបាណន់គីង្គក់ (អំបូរត្រីបាឡែន) ឬឆ្លាមប៉ារ៉ា ដែលបានបង្ហាញវត្តមានជាថ្មីទៀត នៅលើលម្ហសមុទ្រម្តុំប្រជុំកោះរ៉ុងសន្លឹម និងកោះរ៉ុង ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោកអភិបាល បានចាត់ទុកវត្តមានរបស់ត្រីបាណន់គីង្គក់ ឬត្រីឆ្លាមប៉ារ៉ា ដែលបង្ហាញវត្តមានជាបន្តបន្ទាប់ នាប្រជុំកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុថា បានរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យងាកមកចាប់អារម្មណ៍ និងចូលមកទស្សនាខេត្តជាប់ឆ្នេរសមុទ្រមួយនេះកើនច្រើនថែមទៀតនាថ្ងៃអនាគត។
ផ្តើមពីបញ្ហានេះ លោក យន្ត មីន បានអំពាវនាវដល់ប្រជានេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ឲ្យជួយថែរក្សាការពារត្រីបាណន់គីង្គក់ ឬ ត្រីឆ្លាមប៉ារ៉ា ឲ្យបានគង់វង្សទាំងអស់គ្នា ដោយមិនត្រូវចាប់ ឬសម្លាប់ត្រីប្រភេទនេះជាដាច់ខាត ព្រោះត្រីប្រភេទនេះ ជាប្រភេទត្រីកម្រ និងស្លូតណាស់។
នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋរស់នៅសង្កាត់កោះរ៉ុងសន្លឹម បានផ្តល់ព័ត៌មានមកថា មានត្រីបាឡែន (បាណន់គីង្គក់ ឬឆ្លាមប៉ារ៉ា) ចំនួន៣ក្បាល កំពុងបង្ហាញវត្តមាន នៅក្នុងលម្ហសមុទ្រកោះរ៉ុងសន្លឹមជាថ្មីទៀត។ ប៉ុន្តែការបង្ហាញខ្លួនជាថ្មី របស់ត្រីបាឡែនខាងលើនេះ មានរហូតដល់ ៣ក្បាល ដែលកាលពីពេលមុន គឺមានតែចំនួន១ក្បាលទេ។ ប្រជាពលរដ្ឋបន្តថា ក្នុងចំណោមត្រីបាឡែនគីង្គក់ទាំង ៣ក្បាលខាងលើនេះ ឃើញមានត្រីតូចៗចំនួន ២ក្បាល និងធំ១ក្បាលនាំឲ្យមានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឲ្យដឹងថា ត្រីខាងលើមានឈ្មោះថា បាណន់គង្គក់ (ឈ្មោះពីដូនតា) ឬ ឆ្លាមប៉ារ៉ា (ឈ្មោះហៅក្រៅ) ឈ្មោះជាភាសាអង់គ្លេស Whale Shark នៅក្នុងអំបូរ Rhincodontidae។ លោកបន្តថា កន្លងមកនេះ ត្រីប្រភេទនេះ គឺបានបង្ហាញវត្តមានតែ ១ក្បាលទេ ប៉ុន្តែបច្ចុប្បន្ននេះ បានកើនចំនួន៣ក្បាល (ធំមួយក្បាល តូច ២ក្បាល) ដោយបានបណ្តែតខ្លួននៅក្នុងលម្ហសមុទ្រម្តុំប្រជុំកោះរ៉ុងសន្លឹម និងកោះរ៉ុង ក្រុងព្រះសីហនុ។
ចំពោះការបង្ហាញខ្លួនរបស់ត្រីបាណន់គីង្គក់នេះ ទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអំពាវនាវដល់ពលរដ្ឋ ឬអ្នកទេសចរកុំឲ្យទៅរំខានដំណើរ របស់ត្រីប្រភេទនេះ ព្រោះជាប្រភេទត្រីស្លូត មិនធ្វើបាបមនុស្សទេ។ ជាងនេះ ក៏ហាមដាច់ខាតមិនឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរនាំគ្នាជិះទូកដេញចាប់ជិះ ដើម្បីធ្វើជាការកម្សាន្ត ឬក៏ធ្វើសកម្មភាពណាមួយ ដែលអាចនាំឲ្យត្រីបាណន់គីង្គក់ ឬឆ្លាមប៉ារ៉ាខាងលើភ័យផ្អើល។ ជាពិសេសហាមដាច់ខាតមិនឲ្យនេសាទ ឬសម្លាប់ត្រីខាងលើនេះ៕