(កំពង់ស្ពឺ)៖ កូនតូចៗ​២នាក់ បានបាត់បង់ឪពុក-ម្ដាយ ជាទីស្រលាញ់របស់ខ្លួនក្នុងមួយពព្រិចភ្នែក ដោយសារតែយមរាជលើដងវិថី បានឆក់យកជីវិតពួកគេទាំងពីរនាក់ នៅលើផ្លូវលេខ០៤ ចន្លោះគីឡូម៉ែត្រ លេខ៥០-៥១ ភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ រឿងដ៏គួរសង្វេគនេះ បានកើតឡើងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបុកម៉ូតូរបស់ជនរងគ្រោះ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។

មន្ដ្រីនគរបាលបានឲ្យដឹងថា រថយន្តមានម៉ាកពុយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-6127 សណ្តោងរឺម៉ក ពាក់លេខភ្នំពេញ 4A-0925 បើកពីលិចទៅកើត អ្នកបើកបរបានរត់គេចខ្លួន (កំពុងធ្វើការស្រាវជ្រាវ) លុះបើកមកដល់ចំណុចខាងលើ បានបុកម៉ូតូម៉ាកសេ១២៥ សេរី១២ ពាក់លេខព្រៃវែង 1F-2386 ពីកើតទៅលិចឌុបគ្នា៤នាក់៖

*១៖ អ្នកបើក ឈ្មោះ វ៉ា វ៉ាត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាម៉ោង ឃុំព្រៃរន្ទះ ស្រុកពារាំង ខេត្តព្រៃវែង (ស្លាប់)
*២៖ ឈ្មោះ អូន ភាស់ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នា (ប្រពន្ធ-ស្លាប់)
*៣៖ ឈ្មោះ វ៉ា វ៉ាន់ថា ភេទស្រី អាយុ០៧ឆ្នាំ (របួសស្រាល) ជាកូន
*៤៖ ឈ្មោះ វ៉ា សា ភេទប្រុស អាយុ០៩ខែ (របួសស្រាល) ជាកូន។

សម្រាប់រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីចាត់ការបន្តទៀត៕