(កណ្តាល)៖ សិស្សនៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាលម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោធអាធ័ម និងអ្នករួមដំណើរម្នាក់ បានរងរបួសធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តដឹកទំនិញមួយគ្រឿង។
ករណីគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវលេខ០៨ (ចន្លោះគីឡូម៉ែត្រ៤១-៤២) ស្ថិតនៅចំណុចភូមិព្រៃធំកើត ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ញ៉ាត កញ្ញា ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិស៊ីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ) ចំណែកមិត្តភក្ភិដែលរងរបួសធ្ងន់មានឈ្មោះ មិះ ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិស៊ីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក Hyundia ប្រភេទដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-2061 បើកបរដោយឈ្មោះ ដា ភេទប្រុស អាយុ២៨ឆ្នាំនៅភូមិ ឃុំមិនស្គាល់នៅខេត្តព្រៃវែង (រត់គេចខ្លួនបាត់) ជាកម្មសិទ្ធរបស់ឈ្មោះ ភី សោភា ភេទស្រី អាយុ២៦ឆ្នាំនៅភូមិចាំនាង ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម) បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរថយន្តបានវ៉ាជែង ហើយបានប៉ះដៃចង្កូតម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌កន្ដុលប្រម៉េះ C110 ពាក់ផ្លាកលេខភ្នំពេញ 1GX-8333 បើកបរដោយឈ្មោះ មិះ ស្រីនិច តែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង ដើម្បីយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានស្រុកខ្សាច់កណ្តាល ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕