(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានសហការណ៍ជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង, ក្រុមហ៊ុន ផេង រស្មីរតនៈ និងមង្គលរស្មីរតនៈ រៀលអ៉ីស្ទេត, ម្ខាស់អាជីវកម្មដឹកដី ឈ្មោះ វក និងមានការចូលរួមសហការណ៍ជាមួយក្រុម (សសយក) ក្រុមបញ្ញាវន្ត (១២) បានចុះចែកទឹកជូនប្រជាពលរដ្ឋ ដែលកង្វះទឹកប្រើប្រាស់ ស្ថិតនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ពលរដ្ឋដែលទទួលបានទឹកប្រើប្រាស់បានថ្លែងថា ពួកគាត់ដែលរស់នៅភូមិពាមក្រសោបនេះ មានការសប្បាយចិត្តយ៉ាងខ្លាំង ព្រោះរយៈពេលជិត២ខែហើយ ពួកគាត់គ្មានទឹកប្រើប្រាស់ទេ ប៉ុន្តែ១រយៈកន្លងមក ពួកគាត់បានទិញទឹកប្រើប្រាស់ ដែលមានគេដឹកលក់តាមទូក និងរថយន្តយកមកលក់ តែប៉ុន្មានថ្ងៃនេះអត់មានទឹកដែលដើរលក់ ទើបប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរភ្លាមៗ តែអ្វីដែលសំខាន់អាជ្ញាធរ មានការដុតដៃដុះជើង ចុះចែកទឹកបានភ្លាមៗ មិននៅអែកអង់យូរឡើយ។ ជាកស្តែងប៉ុន្មានថ្ងៃនេះ លោកហាក់ ឡេង និងក្រុមការងារ បានចុះមកចែកទឹកជូនប្រជាពលរដ្ឋដូចបំណង ហើយទឹកដែលពួកគាត់ បានទទួលបាននេះគាត់ត្រូវចែករំលែកបន្ត នៅបងប្អូនណា ដែលគាត់ខ្វះទឹកប្រើប្រាស់។
លោក ហាក់ ឡេង បានប្រាប់ភ្នាក់ងារ Fresh News ថា ប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់ មានចំនួន២ភូមិ ក្នុងឃុំពាមក្រសោប មានប្រជាពលរដ្ឋជាង៥០០គ្រួសារ ពួកគាត់មានទីលំនៅរស់នៅតាមដងព្រែក ហើយរថយន្តដែលផ្តល់ទឹកជូនប្រជាពលរដ្ឋ ប្រើប្រាស់មានរថយន្ត ចំនួន៦គ្រឿង សម្រាប់ដឹកជញ្ជូនទឹក ក្នុងនោះមានរថយន្ត របស់សាលាស្រុកមណ្ឌលសីមា១គ្រឿង, រថយន្តស្នងការនគរបាលខេត្ត៣គ្រឿង, រថយន្តដឹកដី១គ្រឿង, រថយន្តក្រុមហ៊ុនរស្មីរតនៈ១គ្រឿង។
លោកបានបញ្ជាក់ថា អាជ្ញាធរនឹងប្រឹងប្រែង បន្តចែកជូនបន្តទៀតនៅពេលប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ ដោយលោកនិងក្រុមការងារ មិនបានគិតពីបញ្ហានិន្នការនយោបាយណាមួយ លោកផ្តល់ជូនទាំងអស់ធ្វើយ៉ាងណា ឲ្យតែបងប្អូនទឹកប្រើប្រាស់ ហើយម៉្យាង សូមឲ្យប្រជាពលរដ្ឋ ត្រូវប្រើប្រាស់ទឹកក្នុងលក្ខណៈសន្សំសំចៃ ព្រោះនេះជារដូវប្រាំង ហើយមានអាធាតុក្តៅខ្លាំងផងដែរ ហើយមានរយៈពេលយូអង្វែងណាស់ ទម្រាំដល់រដូវវស្សា៕