(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងប្រាប់ប្រជាពលរដ្ឋថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាឱ្យសាសនាទាំងអស់នៅកម្ពុជាមានសុខដុមរមនាជាមួយគ្នា ក្រោមម្លប់សុខសន្តិភាពដ៏ត្រជាក់ត្រជុំ និងការរួបរួមជាតិតែមួយ។
ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងពិធីបុណ្យពុទ្ធាភិសេកឆ្លងសមិទ្ធផលនានា ក្នុងវត្តប្រវឹកមាស ហៅវត្តបឹងខ្លុយ (មានអាយុកាល២២៨ឆ្នាំមកហើយ) ស្ថិតក្នុងភូមិខ្លុយលិច ឃុំសូយោង ស្រុកបារាយណ៍ (អនាគតនឹងត្រូវកាត់ចូលស្រុកតាំងគោក) នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ថោង ខុន បានថ្លែងថា នៅប្រទេសកម្ពុជា ព្រះពុទ្ធសាសនា និងសាសនាដទៃទៀតសុទ្ធតែមានកំណើតពីរ ពោលគឺកំណើតទី២ កើតក្រោយថ្ងៃរំដោះប្រទេស និងប្រជាជនកម្ពុជា នៅថ្ងៃ៧ មករា ១៩៧៩ ក្រោយត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់ដោយរបបខ្មែរក្រហម ប៉ុល ពត ដ៏ខ្មៅងងឹតយ៉ងឃ្នង។
លោកបានសង្កត់ធ្ងន់ថា តាំងពីក្រោយថ្ងៃរំដោះ៧មករានោះមក កម្ពុជាបានខិតខំកសាងប្រទេសជាតិ និងសាសនារបស់ខ្លួនដោយបាតដៃទទេ ពិសេសគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំស្វែងរក និងថែរក្សាការពារសុខសន្តិភាព ពង្រឹងស្ថិរភាពនយោបាយ ព្រមទាំងខិតខំអភិវឌ្ឍន៍ស្រុកទេសដ៏កម្សត់មួយនេះ ឱ្យមានការរីកចម្រើនទៅមុខ។
លោកថា រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាចំពោះព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ដោយបានទាំងបង្កើតឡើងនូវក្រសួងធម្មការ និងសាសនា ដើម្បីជំរុញ និងពង្រឹងវិស័យសាសនានៅកម្ពុជា។ លោកគូសបញ្ជាក់ថា «នេះជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលគ្មានបុគ្គលណាម្នាក់ ឬក្រុមណាមួយអាចបំភ្លៃ និងបំផ្លើសបានឡើយ»។
លោក ថោង ខុន បានបន្តទៀតថា ថ្វីដ្បិតក្នុងរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា បានចែងថាព្រះពុទ្ធសាសនាជាសាសនរបស់រដ្ឋក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋក៏អាចគោរពប្រតិបត្តិតាមសាសនាដទៃទៀតបានដែរ ដូចជា គ្រិស្តសាសនា ឥស្លាមសាសនាជាដើម ពីព្រោះវាជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ពីព្រោះគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាងឱ្យសាសនាទាំងអស់នៅកម្ពុជាមានសុខដុមរមនាជាមួយគ្នា ក្រោមម្លប់សុខសន្តិភាព និងការរួបរួមជាតិតែមួយ។
រដ្ឋមន្ត្រីដែលតែងតែចុះមូលដ្ឋានជាប្រចាំជាមួយប្រជាពលរដ្ឋរូបនេះ នៅតែរំឭកប្រាប់មន្ត្រីរាជការ កម្លាំងសមត្ថកិច្ច គណៈពង្រឹងមូលដ្ឋាន និងក្រុមការងារចុះមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដូចជាសេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោះស្រាយបញ្ហាច្បាប់ និងយុត្តិធម៌សង្គម ធ្វើយ៉ាងណាត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលាជាមួយប្រជាជន ពិសេសគឺដោះស្រាយបញ្ហាខ្វះខាតទឹក និងប្រព័ន្ធធានារាស្ត្រស្រោចស្រពដីកសិកម្មរបស់ប្រជាពលរដ្ឋ នារដូវប្រាំងនេះ។
លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋសូមចូលរួមធ្វើអំពើល្អ ថែរក្សាការពារសុខសន្តិភាព ពិសេសកុំចូលរួមជាមួយចលនាណាដែលទៅដល់ការបង្កបញ្ហាក្នុងសង្គម ចលាចលសង្គម បំផ្លាញសុខសន្តិភាពដែលរកបានដោយលំបាក ឬនាំទៅដល់សង្គ្រាមជាដើម។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានឱ្យដឹងថា សរុបទឹកប្រាក់ដែលបានកសាងសមិទ្ធផលនានាក្នុងវត្តប្រវឹកមាសនេះ មានចំនួនជាង ២៦៤លានរៀល ក្នុងនោះបានចាក់សាបតាមផ្លូវ និងទីធ្លាក្នុងវត្ត កសាងចេតិយ បង្គោលភ្លើង និងកសាងបង្កាន់ដៃព្រះវិហារ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន និងលោកស្រី បានឧបត្ថម្ភថវិកាដល់វត្តបឹងខ្លុយចំនួន ១០លានរៀល, ព្រះចរិយានុរក្ស លឹម វុទ្ធី ព្រះអនុគណស្រុកបារាយណ៍ មន្ត្រីរាជការ ព្រមទាំងសប្បុរសជនបានឧបត្ថម្ភថវិកាប្រមាណ ២លានរៀល ដល់វត្តបឹងខ្លុយដែរ។ ក្រៅពីនេះ លោករដ្ឋមន្ត្រីបានឧបត្ថម្ភថវិកាដល់សាលាបឋមសិក្សាបឹងខ្លុយចំនួន ១លានរៀល ដល់វត្តតាំងគោកចំនួន ៥០ម៉ឺន ដល់វត្តខ្ញោមចំនួន ៥០ម៉ឺន និងឧបត្ថម្ភផ្លូវ៣ខ្សែ នៅឃុំសូយោង ដែលនឹងត្រូវចំណាយថវិកាប្រមាណ ១២លានរៀល៕