(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានចេញសារវាយប្រហារចំពោះ លោក សោ ចាន់ដេត អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាបក្ខពួករបស់លោក សម រង្ស៉ី ចំពោះការបន្តចេញសារនយោបាយចាក់ដោត បញ្ឆេះកំហឹង មិនឲ្យមានការដោះលែង លោក កឹម សុខា។
សាររបស់នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី លោក សោ ចាន់ដេត បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយញុះញង់បង្កប់យុទ្ធសាស្រ្ត ឱ្យលោក កឹម សុខា បន្តជាប់ពន្ធនាគារ។
លោក សោ ចាន់ដេត បានលើកឡើងថា៖ «ពីថ្ងៃនេះរហូតថ្ងៃដោះលែង លោក កឹម សុខា ជាស្ថាពរ នាពេលដ៏ឆាប់ៗខាងមុខនេះច្បាស់ជា "សុខភាព" លោក ហ៊ុន សែន ស្តារលែងឡេីងហេីយ ដោយគាត់ភ័យខ្លាចលោក កឹម សុខា ចេញមក "ជួប" លោកប្រធាន សម រង្ស៉ី នៅក្រៅប្រទេស ដើម្បីរៀបចំដំណើរ "មាតុភូមិនិវត្តន៍" របស់លោកប្រធាន សម រង្ស៉ី ចូលស្រុកវិញ ដែលបង្កើតបានជា "ព្រឹត្តិការណ៍" ប្តូរលោក ហ៊ុន សែន តែម្ដង»។
លោក មុត ចន្ថា បានលើកឡើងថា លោកសោ ចាន់ដេត មានចេតនាចាក់ដោតបញ្ឆេះកំហឹងមិនឲ្យដោះលែង លោក កឹម សុខា។ លោកបន្តថា ការអត្ថាធិប្បាយដែលលោក សោ ចាន់ដេត ធ្វើឱ្យលោកយល់យ៉ាងច្បាស់ថាគាត់មានចេតនាចាក់ដោត ញុះញង់ និងបញ្ឆេះឲ្យមានកំហឹង ដើម្បីបន្ទុចបង្អាក់ ឬរារាំងដល់ការដោះលែង ឯកឧត្តម កឹម សុខា។
លោក មុត ចន្ថា បានបន្តថា «យើងមិនអាចទទួលយកពាក្យសំដីចាក់ដោត និងញុះញង់របស់លោក សោ ចានដេត បានឡើយ ជាពិសេស នូវអ្វីដែលពាក់ព័ន្ធ និងប៉ះពាល់ដល់ ឯកឧត្តម កឹម សុខា។ ឯកឧត្តម កឹម សុខា បានរងគ្រោះម្តងរួចមកហើយ នៅពេលដែលគេយកសេរីភាពរបស់គាត់មកធ្វើជាឧបករណ៍សម្រាប់ជាល្បែងភ្នាល់ ព្រោះវាជារឿងមិនសមរម្យដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបុគ្គល ហើយក៏អាចប៉ះពាល់ដល់ដំណើរការនីតិវិធីច្បាប់ និងតុលាការជាយកថាហេតុផងដែរ ទោះបីមានគេព្យាយាមបកស្រាយយកត្រូវតាមមហិច្ឆិតារបស់គេ យ៉ាងណាក៏ដោយ»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ»។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីមានវីដេអូមួយដែលបង្ហាញថា លោកបានសារភាពអំពីអនុវត្តតាមការបង្គាប់របស់សហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរប្រទេសកម្ពុជា តាមបែបប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕