(ភ្នំពេញ)៖ លោក សុខ សុគន្ធ ហៅ ជេម សុខ ដែលជាអ្នកធ្វើអត្ថាធិប្បាយលើបញ្ហាសង្គម និងនយោបាយរបស់កម្ពុជានោះ បានរិះគន់ទៅលើក្រុមអ្នកប្រឆាំង ជាពិសេសថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិជុំវិញបញ្ហាពលករចំណាកស្រុក។
ការរិះគន់របស់លោក សុខ សុគន្ធ បានធ្វើឡើងឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកស្រី មូរ សុខហួរ អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ។ អ្នកស្រី មូរ សុខហួរ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអសមត្ថភាពក្នុងការដោះស្រាយការងារជូនប្រជាពលរដ្ឋ ទើបធ្វើឲ្យប្រជាពលរដ្ឋខ្មែរកាន់តែច្រើនត្រូវបង្ខំចំណាកស្រុកទៅរកការងារនៅប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃទៀត។
ក្នុងវីដេអូអត្ថាធិប្បាយផ្សាយផ្ទាល់លើបណ្តាញសង្គម Facebook នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក សុខ សុគន្ធ បានលើកឡើងថា បញ្ហាចំណាកស្រុកនេះមិនមែនមានតែប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសវៀតណាម និងហ្វីលីពីន សុទ្ធតែជាប្រទេសបានបញ្ជូនប្រជាពលរដ្ឋទៅធ្វើពលករនៅក្រៅប្រទេស។ ក្នុងនោះសូម្បីតែប្រទេសម៉ិចស៊ីកូ មានប្រជាពលរដ្ឋរាប់សិបលាននាក់ចេញទៅរកការងារធ្វើនៅសហរដ្ឋអាមេរិក។
អ្នកអត្ថាធិប្បាយបញ្ហាសង្គមដែលកំពុងមានប្រជាប្រិយភាពរូបនេះ បានលើកឡើងទៀតថា គណបក្សប្រឆាំងនៅក្នុងប្រទេសថៃ និងហ្វីលីពីនជាដើម ពួកគេមិនដែលយករឿងនយោបាយទៅភ្ជាប់ ជាមួយពលករនោះឡើយ។ មិនយកនយោបាយទៅភ្ជាប់ជាមួយពលករព្រោះនៅប្រទេសទាំងពីរនេះ ប្រសិនបើពលករលូកដៃចូលរឿងនយោបាយនោះរាជរដ្ឋាភិបាលនឹងលុបលិខិតឆ្លងដែនចោល ហើយពលករនោះមិនអាចទៅរកការងារធ្វើនៅក្រៅប្រទេសបានទៀតនោះឡើយ។
ពាក់ព័ន្ធបញ្ហាពលករនេះ លោក សុគន្ធ បានរិះគន់ទៅលើថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិថា ពួកគេតែងនិយាយពីការអាណិតអាសូរចំពោះពលករចំណាកស្រុក តែបែជាទៅរ៉ៃអង្គាសប្រាក់របស់ពលករទាំងនោះ ជាពិសេសនៅប្រទេសកូរ៉េខាងត្បូង ដើម្បីមកបម្រើសកម្មភាពនយោបាយរបស់ខ្លួនទៅវិញ។
អ្នកអត្ថាធិប្បាយរូបនេះ បានលើកឡើងថា ប្រសើបើថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិពិតជាអាណិតស្រឡាញ់ពលករមែននោះ ពួកគេមិនទៅធ្វើសកម្មភាពរ៉ៃអង្គាសលុយរបស់ពលករនោះឡើយ។ លោក សុខ សុគន្ធ ក៏បានក្រើនរំលឹកដល់ពលករខ្មែរទាំងអស់គិតគូរឲ្យបានវែងឆ្ងាយមិនគួរជឿតាមការបោកប្រាក់របស់អ្នកនយោបាយនោះទេ។
លោក សុគន្ធ បានដាស់តឿនឲ្យពលករនៅក្រៅប្រទេសប្រឹងប្រែងធ្វើការសន្សំលុយផ្ញើទៅគ្រួសារនៅស្រុកសម្រាប់ធ្វើផ្ទះ ឬសន្សំទុកបង្កើតមុខរបររកស៊ីពេលត្រឡប់ចូលប្រទេសជាដើម។
សូមស្តាប់ការបកស្រាយរបស់លោក សុខ សុគន្ធ លើបញ្ហាពលករចំណាកស្រុក និងការរិះគន់ទៅលើថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិជុំវិញបញ្ហាពលករចំណាក់ស្រុក៖