(ក្រចេះ)៖ លោកវរសេនីយ៍ទោ សុះ ហូសេន នាយរងផ្នែកអធិការកិច្ចកងទ័ពជើងគោក ទទួលទិសខេត្តក្រចេះ ត្បូងឃ្មុំ មណ្ឌលគិរី បានសហការជាមួយអាជ្ញាធរ ភូមិ និងចៅសង្កាត់អូរឬស្សី នាំយកថវិកាឧបត្ថម្ភដល់គ្រួសារ ប្រជានេសាទក្រីក្រ រស់នៅក្រោមផ្ទះបងប្អូន ពេលប្រពន្ធឆ្លងទន្លេមិនមានលុយដោះស្រាយ រស់នៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក សុះ ហូសេន បានឲ្យដឹងថា ការឧបត្ថម្ភនេះ ធ្វើតាមរយៈអាជ្ញាធរភូមិ ប្រាប់គាត់ថា គ្រួសារប្រជាសាទក្រីក្រ ប្រពន្ធឆ្លងទន្លេមិនមានថវិកា ហើយគាត់បានជួយឧបត្ថម្ភ ថវិកាចំនួន៣០ម៉ឺនរៀល ដើម្បីជួយកាត់បន្ថយ ភាពលំបាករបស់គាត់។
លោកបន្ដទៀតថា ការឧបត្ថមថវិកាដល់ជនក្រីក្រ ពេលប្រពន្ធឆ្លងទន្លេ គ្មានលុយនោះ នៅក្នុងសង្កាត់អូរឬស្សី មិនមែនជាលើកទី១ទេ គឺលោកបានជួយ បានចំនួន៨គ្រួសារហើយ មួយរយៈពេលនេះ។ ក្នុងនោះ ដោយ១ គ្រួសារទទួល បាន៣០ម៉ឺនរៀលស្មើគ្នា ហើយថវិកាទាំងនេះ ជាថវិកាផ្ទាល់ខ្លួនរបស់លោក ហើយលោកនៅតែបន្ដការឧបត្ថម្ភ ដល់គ្រួសារក្រីក្រ នៅពេលឆ្លងទន្លេមិនមានថវិកា៕