(ភ្នំពេញ)៖ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គឺជាទិវាជាតិទីក្រុងស្អាត លើកទី៧ ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្រៅ» ដើម្បីបំផុសឲ្យប្រជាពលរដ្ឋចូលរួមសម្អាតទីក្រុង និងសម្អាតអនាម័យបរិស្ថានក្នុងមូលដ្ឋាន។
ជាក់ស្ដែងនៅព្រឹកនេះ រដ្ឋបាលខណ្ឌដង្កោ ក៏បានរៀបចំពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧ ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស ប្រមាណ៧០០នាក់។
ក្នុងនោះ តាមបណ្តាសង្កាត់ទាំង១៣ ក្នុងមូលដ្ឋានខណ្ឌដង្កោក តាមវត្តអារាម និងគ្រឹះស្ថានសិក្សានានា ក៏បានបំផុសឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស ឲ្យចូលរួមពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត និងសម្អាតអនាម័យបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
បន្ទាប់ពីលោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រួចមកលោក នុត ពុធដារ៉ា បានធ្វើការលើកឡើង អំពីការបំផុសឲ្យប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ដើម្បីសម្អាតអនាម័យបរិស្ថាន ឲ្យស្របតាមប្រធានបទ នៃទិវាជាតិទីក្រុងស្អាត លើកទី៧នេះ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ប្រធានបទនេះ គឺឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់លើបញ្ហាអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ សាធារណៈ ជាពិសេសរដ្ឋបាលថា្នក់ក្រោមជាតិ ត្រូវអនុវត្តតាមអនុសាសន៍ណែនាំ លើការងារអាទិភាព៦ចំណុច នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៕