Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតក្រុង ដើម្បីអបអរសាទរទិវាជាតិ ទីក្រុងស្អាត លើកទី៧ ឆ្នាំ២០១៩

23-02-2019 11:34

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការជួបជុំមន្ត្រីរាជការ, លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស, កម្លាំងសមត្ថកិច្ច, អាជ្ញាធរខណ្ឌទាំង១២, ក្រុមហ៊ុនប្រមូលសំរាម និងកំលាំងកាយរិទ្ធ ព្រមទាំងយុវជនស្ម័គ្រចិត្ត កាកបាទក្រហម ដើម្បីរើសសំរាមតាមសួនច្បារ និងតាមដងផ្លូវ, តាមទីសាធារណៈនានា នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងការសំអាតទីក្រុង ដើម្បីចូលរួមអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី៧ ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មធិការជាតិ វាយតំលៃទីក្រុងស្អាត ដែលអានដោយលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះយុវជន កុលបុត្រកុលធីតាខ្មែរ ឲ្យបន្តជំរុញនិងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកំពស់ ការអភិវឌ្ឍន៍បៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។

សារលិខិតបន្តថា ឆ្នាំនេះ ជាឆ្នាំទី៧ហើយ ដែលយើងប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ។ តាមរយៈប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា៖ ប្រជាពលរដ្ឋគ្រប់រូប តែងប្រាថ្នា ចង់រស់នៅ ក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត និងមានភាពស្អាត និងបៃតង យកចិត្តទុកដាក់អំពីអនាម័យ ជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់ មានការធានាសន្តិសុខ សុវត្ថិភាពពេញ លេញមានការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយល្អមានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែងដែលអាចផ្តល់ភាពកក់ក្តៅយ៉ាងពិតប្រាកដ សំរាប់ការរស់នៅពួកគាត់។

ដូចគ្នានេះដែរ ភ្ញៀវទេសចរ ក៏រីករាយទស្សនា និងចង់បានទីក្រុង ដែលជាផ្នែកមួយ នៃគោលដៅទេសចរណ៏របស់គេ ជាទីក្រុងដ៏ល្អស្អាត មានការយកចិត្តទុកដាក់អំពីភាពស្អាត និងបៃតង អនាម័យល្អមានហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់ តាមគ្រប់មធ្យោបាយ មានការធានាសន្តិសុខសុវត្ថិភាពពេញលេញ សណ្តាប់ធ្នាប់ល្អ មានការផ្តល់បដិសណ្ឋារកិច្ចល្អ មានសម្បទាផលិតផល និងសេវាទេសចរណ៍ ប្រកបដោយគុណភាព។

សារលិខិតរបស់សម្តេចតេជោ បានអំពាវនាវឲ្យមានការបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្ត ឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ឲ្យបានផុលផុសដើម្បីឲ្យកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ចីរភាពនិងទាក់ទាញសំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សក្តិសមនិងកិត្តិនាម «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈផ្តល់ភាពកក់ក្តៅ»៕