(សៀមរាប)៖ ដោយមើលឃើញនូវការលំបាកចំពោះមន្រ្តីគរបាលក្រោមឱវាទ និងប្រជាការពារម្នាក់ បន្ទាប់ពីធ្លាក់ខ្លួនឈឺនោះ លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការរងនគរបាលក្រុងសៀមរាប បាននាំយកថវិកាមួយចំនួន ទៅជួយឧបត្ថម្ភដល់ពួកគេទាំង២នាក់នៅក្នុងមន្ទីរពេទ្យ។
លោកអធិការរង លឹម សម្បត្តិ បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងពីសហការីកាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកបានឆ្លៀតពេលទៅសាកសួរសុខទុក្ខបងប្រុសម្នាក់ឈ្មោះ អន ជ័យ ជាសមាជិកប្រជាការពារស្ម័គ្រចិត្ត នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងធ្លាក់ខ្លួនឈឺ ហើយសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
នៅក្នុងឱកាសនោះ លោកបាននាំថវិកាចំនួន៤០ម៉ឺនរៀល ទៅប្រគល់ជូនគ្រួសារលោក អន ជ័យ ដើម្បីរួមចំណែកកាត់បន្ថយដល់ការលំបាកនេះ និងប្រើប្រាស់ក្នុងអំឡុងពេលសម្រាកព្យាបាល។
លោកបានសូមជូនពរបងឆាប់ជាសះស្បើយពីជំងឺ និងឆាប់បានត្រឡប់ទៅមូលដ្ឋានរួមសហការជួយបម្រើការងារសង្គមបន្តទៀត។ នៅថ្ងៃនោះដែរ លោកក៏បានឧបត្ថម្ភមួយចំនួនផងដែរជូនដល់ មន្រ្តីនគរបាលប៉ុស្តិ៍គោកចកម្នាក់ផងដែរ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕