(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិភាក្សាអំពីការរៀបចំជំនួយបច្ចេកទេស សម្រាប់កសាងគម្រោង ស្តីពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដែលប្រើប្រាស់ហិរញ្ញប្បទាន៧៦លានដុល្លាររបស់ ADB និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។

លោក វេង សាខុន រដ្ឋមន្ត្រីមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ីសហការជាមួយមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នារៀបចំកសាងគម្រោងនេះឡើង ដែលផ្តោតជាសំខាន់ ក្នុងការបំពេញខ្សែច្រវាក់តម្លៃផលិតកម្ម និងកសិផលដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះ ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម កាត់បន្ថយឈ្មួញកណ្តាល ពង្រីកនិងពង្រឹងវិស័យកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាគុណភាព សុវត្តិភាព អនាម័យ និងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម ក្នុងនោះមានវត្ថុធាតុដើមដូចជា ដំឡូង ស្រូវ ស្វាយ ស្វាយចន្ទី។ល។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «សម្រាប់គម្រោងនេះ ទីប្រឹក្សាបច្ចេកទេសរបស់ ADB កំពុងរៀបចំកសាងឯកសារ ដើម្បីទទួលបានហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងនាពេលខាងមុខ»

លោក Takeshi Ueda ប្រធានក្រុមការងារគម្រោងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា គម្រោងនឹងគ្របដណ្តប់លើខេត្តគោលដៅចំនួន៦មានខេត្តត្បូងឃ្មុំ ព្រះវិហា កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តឧត្តមានជ័យ ដោយមានទឹកប្រាក់សរុបជាង ៧៦លានដុល្លារអាមេរិក ដែលជាជំនួយហិរញ្ញប្បទានពី ធនាគារអភិវឌ្ឋន៍អាស៊ី និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។

លោកបញ្ជាក់ថា លទ្ធផលរំពឹងទុករបស់គម្រោងគឺ ១៖ ជំនួយការងារបច្ចេកទេសក្រោយពេលប្រមូលផល និងដឹកជញ្ជូន ២៖ ការកសាងរចនាសម័្ពន្ធគាំទ្រដល់ការបំពេញខ្សែច្រវាក់តម្លៃដូចជាការកសាងមន្ទីរពិសោធន៍ អនាម័យ និងភូតភាមអនាម័យ និងការផលិតពូជ ៣.ការកសាងផ្លូវនៅតាមជនបទ ដើម្បីបង្កលក្ខណងាយស្រួល ដល់ការដឹកជញ្ជូនកសិផល និង ៤.ការកសាងសមត្ថភាព និងការផ្សាភ្ជាប់រវាងគ្រប់ភាគីពាក់ព័ន្ធ៘ គម្រោងនេះក៏បានផ្តល់អាទិភាព ទៅលើដំណាំកសិឧស្សាហកម្មមានដូចជាស្វាយចន្ទី ដំឡូងមី ស្វាយ បន្លែ និងផលិតកម្មមាន់។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងនូវការគាំទ្រ និងពេញចិត្តចំពោះគម្រោងនេះ ហើយសន្យាថា នឹងផ្តល់កិច្ចសហការ ឲ្យបានល្អប្រសើរ ដើម្បីឲ្យគម្រោងសម្រេចទទួលបានលទ្ធផលល្អប្រសើរនាពេលអនាគត។

លោកក៏បានទាញអារម្មណ៍ ADB ឲ្យជួយគិតគូបញ្ចូលដំណាំពោត ក្នុងផែនការគម្រោង ដោយដំណាំនេះកំពុងតែមានសក្កានុពលទាំងទីផ្សារក្នុងស្រុក និងបរទេស។ ក្រៅពីនេះ លោកបានស្នើឲ្យ ADB ជួយលើកកម្ពស់ការកសាងសមត្ថភាពរបស់កសិករ សហគមន៍ និងវិស័យឯកជន ដោយផ្តោតលើការកសាងភាពជាដៃគូរវាងអ្នកផលិត និងអ្នកកែច្នៃដោយអនុវត្ត តាមផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការធ្វើទំនើបកម្មកសិកម្ម។ ដោយឡែកវិស័យផលិតកម្មគោ ជាពិសេសការប្តូរពូជសត្វគោ ដែលកំពុងមានទីផ្សារខ្ពស់ ក៏គួរពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រផងដែរ ព្រោះផលិតកម្មគោគឺជាប្រភពចំណូលដ៏ធំមួយ ហើយដែលបានជួយកែប្រែកម្រិតជីវភាពរបស់កសិករយ៉ាងល្អប្រសើរ៕