(ភ្នំពេញ)៖ ក្រុមហ៊ុនចំនួន២ មកពីប្រទេសអាល្លឺម៉ង គឺក្រុមហ៊ុន Würth និងក្រុមហ៊ុន Bosch បានផ្ដល់ជូនសម្ភារសិក្សា ដល់វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកសម្រួលការសិក្សា ដល់សិស្សនិស្សិតក្នុងវិទ្យាស្ថាន។
ដោយឡែកសម្រាប់អ្នកផ្តួចផ្តើមនៃ កិច្ចសហប្រតិបត្តិការក្នុងការផ្ដល់ជូនសម្ភារ ដល់វិទ្យាស្ថាននេះគឺ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ (RED IV) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) និងសមាគមសភាពាណិជ្ជកម្មអាល្លឺម៉ង់ (Arbeitskreis Deutsche Wirtschaft - ADW)។ RED IV បានគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមបណ្តាខេត្តជាច្រើនព្រមទាំង ផ្តល់ជំនួយដល់មជ្ឈមណ្ឌល ជាមួយអ្នកជំនាញការអាល្លឺម៉ង់ផងដែរ។
លោក Stefan Hanselmann ប្រធាន RED IV ឲ្យដឹងថា «ការឧបត្ថម្ភឧបករណ៍ពីក្រុមហ៊ុន Würth និង Bosch ជាគំរូល្អបង្ហាញថា ក្រុមហ៊ុនអាល្លឺម៉ង់បានចូលរួមគាំទ្រយ៉ាងសកម្ម ដល់ការអប់រំវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរតម្រូវការ លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក៏មានការកើនទ្បើងផងដែរ»។
លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអាល្លឺម៉ង់នៅកម្ពុជាឲ្យដឹងថា «ពួកយើងពិតជារីករាយដែលម្ចាស់ឧស្សាហកម្មឈានមុខ គេទូទាំងពិភពលោកបានគាំទ្រ ដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា នេះជាការរួមចំណែកយ៉ាងសំខាន់ ចំពោះការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា»។
លោកបន្ដថា ការបណ្តុះបណ្តាលអ្នកឯកទេសវ័យក្មេង ក្នុងវិស័យសំខាន់ៗដូចជាវិស័យរថយន្ត ជាកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលវែង និងទាក់ទាញការវិនិយោគព្រមទាំងពាណិជ្ជកម្ម កាន់តែច្រើនស្របពេលដែលក្រុមហ៊ុន អាចស្វែងរកកម្មករដែលមានជំនាញ និងសមត្ថភាពច្បាស់លាស់។
លោកបន្ថែមថា «យើងរំពឹងថានឹងមានភាពជាដៃគូកាន់តែច្រើននាពេលអនាគតឮ។ ហេតុដូច្នេះទើបបង្កើតកិច្ចសហប្រតិបត្តិការ ដៃគូពាណិជ្ជកម្មរួមគ្នាជាមួយ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) កាលពីឆ្នាំមុននេះឯង»។
លោក Phirum Hay ប្រធានក្រុមហ៊ុន Bosch ប្រចាំកម្ពុជាឲ្យដឹងថា ទស្សនវិស័យរបស់ក្រុមហ៊ុន Bosch គឺលើកកម្ពស់គុណភាពជីវិត និងពង្រីកការអនុវត្តអាជីវកម្ម ឲ្យកាន់តែរីកចម្រើនផ្នែកសង្គម។
លោកបន្ដថា «ក្រុមហ៊ុន Bosch ពិតជាសប្បាយរីករាយក្នុងការគាំទ្រ ដល់វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យនេះ ហើយសង្ឃឹមថាជាការរួមចំណែក ផ្លាស់ប្តូរវិជ្ជមានក្នុងការអភិវឌ្ឍន៍ជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្ត»។
លោក Tino Tep នាយកគ្រប់គ្រងក្រុមហ៊ុន Wurth ប្រចាំកម្ពុជាឲ្យដឹងថា បេសកកម្មរបស់យើងក្នុងការផ្សព្វផ្សាយផលិតផល និងការបណ្តុះបណ្តាលប្រកបដោយគុណភាព។ ការអប់រំ និងការបណ្តុះបណ្តាលជំនាញ ជាកត្តាជំរុញសំខាន់នៃការអភិវឌ្ឍន៍ និងការរីកចម្រើនសម្រាប់មនុស្សទូទាំងពិភពលោក។
លោកបន្ដថា «នៅពេលយើងបានទទួលព័ត៌មាន អំពីវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ក្រុមហ៊ុនជឿជាក់ថា នឹងអាចផ្តល់ការអភិវឌ្ឍន៍ដល់យុវជនកម្ពុជា ហើយយើងមានមោទនភាពខ្លាំងណាស់ ក្នុងការចូលរួមចំណែកកិច្ចការដ៏អស្ចារ្យនេះ ដោយបានផ្តល់ជូនឧបករណ៍ចាំបាច់ ដើម្បីជាជំនួយបញ្ចេញសក្តានុពលរបស់ប្រជាជនកម្ពុជា និងបើកផ្លូវសម្រាប់អនាគតដ៏ល្អប្រសើរ»៕