(អេហ្ស៊ីប)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប លោក ឃួន ផុនរតនៈ បានរៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយ សិស្ស-និស្សិតកម្ពុជាដែលកំពុងសិក្សា នៅប្រទេសអេហ្ស៊ីបចំនួន១០២នាក់ នៅស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំអេហ្ស៊ីប នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ឃួន ផុនរតនៈ បានចែករំលែកព័ត៌មាន អំពីសភាពការណ៍រីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសតំលៃនៃសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពសេដ្ឋកិច្ច ទេសចរណ៍ វឌ្ឍនភាពនៃកំណើន សេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សំដៅផ្តល់ឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន ដែលបច្ចុប្បន្នកម្ពុជា បានឆ្លងផុតដោយជោគជ័យពីឋានៈប្រទេសមាន ចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
ឯកអគ្គរាជទូតកម្ពុជារូបនេះ ក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់បងប្អូនៗនិស្សិតកម្ពុជាទាំងអស់ដែលកំពុង សិក្សានៅប្រទេសអេហ្ស៊ីប ត្រូវខិតខំសិក្សារៀនសូត្របង្កើនចំណេះដឹង វិជ្ជាជីវៈ ព្រមទាំងត្រូវចេះ សាមគ្គីគ្នា ចេះជួយធុរៈគ្នាទៅវិញទៅមក ទាំងក្នុងការ សិក្សារៀនសូត្រ និងការរស់នៅក្នុងប្រទេសអេហ្ស៊ីប និងត្រូវគោរពច្បាប់ប្រទេសម្ចាស់ផ្ទះ គោរពវិន័យរបស់សាលា ដើម្បីក្លាយខ្លួនជានិស្សិតពូកែ ពោរពេញដោយកិត្តិយសសម្រាប់និស្សិតខ្មែរ និងសម្រាប់ប្រទេសជាតិទាំងមូល ហើយលោកទូតក៏បានលើកទឹកចិត្តដល់ប្អូនៗ ទាំងអស់ត្រូវចេះជួយផ្សព្វផ្សាយនូវអ្វីដែលជាអរិយធ៌ម វប្បធ៌មល្អរបស់កម្ពុជា ទៅដល់បរទេសឲ្យគេបានដឹងទូលំទូលាយផងដែរ។
ជាមួយគ្នានេះផងដែរ លោកបានផ្តាំផ្ញើដល់បងប្អូននិស្សិតកម្ពុជាទាំងអស់ ដែលកំពុងសិក្សានៅ ប្រទេសអេហ្ស៊ីប អំពីការប្រកាសដាក់ប្រទេសអេហ្ស៊ីប ស្ថិតក្នុងភាពអាសន្ន រយៈពេល៣ខែ បន្តទៀត ដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ និងបានធ្វើការណែនាំឲ្យរក្សានូវសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន ដោយជៀសវាងការប្រមូលផ្តុំគ្នា ការធ្វើដំណើរទៅកាន់តំបន់គ្មានសុវត្ថិភាព និងទីប្រជុំជ នានា។ល។
បន្ទាប់ពីពិធីសំណេះសំណាលចប់ ស្ថានទូតបានរៀបចំអាហារសាមគ្គីជូនដល់សិស្ស-និស្សិតកម្ពុជា ដើម្បីបង្កបរិយាកាសសប្បាយរីករាយ និងសាមគ្គីភាព ក្នុងក្រុមគ្រួសារខ្មែរនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបផងដែរ៕