(ភ្នំពេញ)៖ បទចម្រៀងចំណងជើងថា «ទទាយំឆ្លងសម័យថ្មី» ដែលជាស្នាដៃនិពន្ធជាថ្មីដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា
១៖ ទទាយំឆ្លង ត្រយ៉ងបងអើយរត់ហើយ (ពីរដង) សង្សាបងអើយរត់អីលឿនម្លេះ?។
២៖ បើរត់យ៉ាងហ្នឹង ហេតុអ្វីធ្វើចេះ? (ពីរដង) លុយក៏អស់ឆ្នាំងក៏ប្រេះបើរត់យ៉ាងនេះ ទៅជ្រកឯណា?។
៣៖ បងរត់ចោលអូន អត់ធម៌មេត្តា (ពីរដង) បងភ្លេចសន្យាកាលពីគ្រាដើម។
៤៖ បើបងធ្លាប់រត់សុំរត់ទៀតណា (ពីរដង) រត់ទៅរៀមរ៉ាមានអ្នកប៉ាវបាយ។»
បទចម្រៀងវគ្គថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បាននិពន្ធឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ឲ្យដឹងកាលពីថ្ងៃពុធ កន្លងទៅថា ការភ្នាល់របស់លោក ជាមួយសម្តេចតេជោ ហ៊ុន សែន លើសេរីភាពរបស់ លោក កឹម សុខា គឺត្រូវបានចាត់ទុកជា «មោឃៈ»។
ទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នាដោយកំណត់ថា ក្រោមសម្ពាធអន្តរជាតិសម្តេច ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែង លោក កឹម សុខា ក្នុងចន្លោះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬក៏យ៉ាងយូរបំផុតថ្ងៃ០៣ មីនា ២០១៩។
លោក សម រង្ស៉ី បានលើកឡើងថា បើសិនជាលោកភ្នាល់ចាញ់ សម្តេចតេជោ ហ៊ុន សែន ពោលគឺ លោក កឹម សុខា មិនត្រូវបានដោះឡែងអំឡុងពេលនេះទេ លោកនឹងវិលចូលប្រទេសដើរចូលក្នុងពន្ធនាគារ តែបើលោកឈ្នះ គឺសម្តេចតេជោត្រូវចុះចេញពីតំណែង។ ភ្លាមៗបន្ទាប់ពីមានការបបួលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួល និងបានស្នើឱ្យ Fresh News ចូលរួមធ្វើជាសាក្សី៕