សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង
23-02-2019 09:24
(ព្រៃវែង)៖ ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
សម្ដេចក្រឡាហោម បានថ្លែងកើតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដែលបានបំពេញតួនាទីភារកិច្ចស្នូលរបស់បក្ស ទាក់ទាញការគាំទ្រពីចំណោមយុវជនក្នុងខេត្តយ៉ាងផុលផុស។
សម្ដេចក៏បានថ្លែងអំណរគុណ ចំពោះសប្បុរសជននានា ដែលកន្លងទៅ និងបានកំពុងចូលរួមឧបត្ថម្ភសម្ភារ ថវិកា ស្មារតីជ្រោមជ្រែងសកម្មភាពយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។ ទន្ទឹមនឹងនេះ សម្ដេចក៏អំពាវនាវ ដល់សប្បុរសជនទាំងអស់ ឱ្យបន្តស្មារតីជួយគាំទ្រ និងឧបត្ថម្ភបែបនេះតទៅមុខទៀត។
សម្ដេចក្រឡាហោម ជំរុញឱ្យក្រុមការងារយុវជនគណបក្ស និងភាគីពាក់ព័ន្ធបន្តសាមគ្គី អនុវត្តតាមផែនការដែលបានដាក់ចេញពី សន្និបាតរយៈពេលមួយថ្ងៃពេញ ជាពិសេស ត្រូវច្បាស់ថា កម្ពុជានៅតែមានសន្តិភាព និងការអភិវឌ្ឍ ដែលគប្បីផ្សព្វផ្សាយចំណុចនេះឱ្យប្រជាជនជ្រួតជ្រាប និងចូលរួមថែរក្សាឱ្យគង់វង្ស៕