(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្មការិនីរោងចក្រអូលីវ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដួលសន្លប់ជាបន្ដបន្ទាប់ជាច្រើននាក់។
បើតាមសេចក្ដីរាយការណ៍បានបន្ថែមថា ករណីកម្មការិនីដួលសន្លប់ជាបន្ដបន្ទាប់នេះមានចំនួនជាង១០០នាក់ បណ្ដាលមកពីពុលក្លិនថ្នាំ នៅក្នុងរោងចក្រ។ តំណាងរោងចក្របានបញ្ជាក់ថា ក្លិនថ្នាំដែលបង្កឲ្យកម្មការិនីពុលនៅ គឺចេញមកពីប្រេងម៉ាស៊ីនចាស់ៗ ដែលហូរចេញឃ្លាំងជួសជុលត្រាក់ទ័រ ដែលនៅជាប់នឹងរោងចក្រ។
រហូតមកដល់ពេលនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានចេញអន្ដរាគមន៍ ដឹកបញ្ចូនជនរងគ្រោះទៅសង្គ្រោះផងដែរ។ ខណៈកម្មករ កម្មការិនីផ្សេងទៀត ត្រូវបានឲ្យចេញពីរោងចក្រត្រឡប់ទៅកាន់លំនៅឋានវិញ៕