(ភ្នំពេញ)៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាអ្នកច្បាប់។
ក្រុមប្រឹក្សាអ្នកច្បាប់ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ បានរួមចំណែកបំពេញតួនាទីយ៉ាងសកម្ម និងពេញលេញ បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា ទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមប្រឹក្សាអ្នកច្បាប់មានតួនាទី និងភារកិច្ច សិក្សា និងផ្តល់យោបល់ជូនក្រសួង ស្ថាប័ន និងគណៈរដ្ឋមន្ត្រី អំពីសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយជាមួយអន្តរជាតិដែលបណ្តាក្រសួង ស្ថាប័នផ្ញើមកសុំការសម្រេចពីគណៈរដ្ឋមន្ត្រី និងមានតួនាទីជួយទីស្តីការគណៈរដ្ឋមន្ត្រីក្នុងការចាត់ចែងផ្ញើសេចក្តីព្រាងច្បាប់ជូនស្ថាប័ននីតិប្បញ្ញត្តិ ពិនិត្យ និងអនុម័ត និងសម្របសម្រួលឱ្យមានតំណាងរាជរដ្ឋាភិបាលទៅការពារសេចក្តីព្រាងច្បាប់នៅស្ថាប័ននីតិប្បញ្ញតិ្ត។
ក្រុមប្រឹក្សាអ្នកច្បាប់ ក៏មានតួនាទីជួយទីស្តីការគណៈរដ្ឋមន្ត្រីក្នុងការរៀបចំបែបបទថ្វាយព្រះមហាក្សត្រសូមឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ និងជួយទីស្តីការគណៈរដ្ឋមន្ត្រីសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំសេចក្តីព្រាងចម្លើយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តបនឹងសំណួររបស់តំណាងរាស្ត្រ ស្របតាមមាត្រា៩៦នៃរដ្ឋធម្មនុញ្ញ។ តាមដាន ឃ្លាំមើលលើការអនុវត្ត និងផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត។
សម្រាប់លទ្ធផលការងារ នៅក្នុងឆ្នាំ២០១៨ កន្លងមកនេះ ក្រុមប្រឹក្សាអ្នកច្បាប់ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ បានសម្រេចលទ្ធផលការងារគួរឲ្យកត់សម្គាល់ជាច្រើនសម្រាប់ជាប្រយោជន៍សង្គមជាតិ រួមមាន៖ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់បានពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក្នុងកិច្ចប្រជុំអន្តរក្រសួង ចំនួន៤២លើក, សមាជិកក្រុមប្រឹក្សាអ្នកច្បាប់បានពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគិតយុត្តផ្សេងៗ ក្នុងកិច្ចប្រជុំជំនាញបច្ចេកទេស ចំនួន៦៤លើក។
ក្រុមប្រឹក្សាអ្នកច្បាប់ ក៏បានបើកកិច្ចប្រជុំផ្ទៃក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាអ្នកច្បាប់ ចំនួន៦៧លើក, កិច្ចប្រជុំនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន ៨លើក, កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗចំនួន១០៣លើក, កិច្ចប្រជុំតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាមួយ បណ្តាក្រសួង-ស្ថាប័នផ្សេងៗចំនួន៣លើក។
សរុបមកនៅក្នុងឆ្នាំ២០១៨នេះក្រុមប្រឹក្សាអ្នកច្បាប់បានចូលរួមប្រជុំ និងពិនិត្យ និងផ្តល់យោបល់នៅក្នុងកិច្ចប្រជុំនានា ចំនួន២៨៧លើក៕