(ភ្នំពេញ)៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនបុគ្គលិក និងអ្នកពាក់ព័ន្ធមួយចំនួន ព្រមទាំងដកហូតថ្នាំញៀនមួយចំនួនផងដែរ។
ប្រតិបត្តិការទាំងកណ្ដាលរាត្រីនេះ មានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងកម្លាំងអាជ្ញាធរ និងនគរបាលរាប់សិបនាក់ផ្សេងទៀត។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មនុស្សដែលត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន ចំនួន៣១២នាក់ ដែលជាបុគ្គលិក និងអ្នកពាក់ព័ន្ធ។ បច្ចុប្បន្នមនុស្សដែលឃាត់ខ្លួន ត្រូវបានយកទៅសាកសួរបន្ដទៀត នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយវត្ថុតាងពាក់ព័ន្ធផងដែរ៕