(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានកោះហៅក្រុមហ៊ុនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមម៉ូតូកង់បីសព្វថ្ងៃ ក្នុងរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធដើម្បីជជែកគ្នាស្វែងរកវិធានការ ជាក់លាក់មួយក្នុងការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនអ្នកដំណើរតាមម៉ូតូកង់បី ក្រោយពីកើតមានបញ្ហាប្រឈមជាច្រើននាពេលថ្មីៗនេះ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ប៉ុន្មានថ្ងៃមកនេះបានកើតមានបញ្ហាប្រឈមមួយចំនួន ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ពិសេសកើតមានបាតុភាពអ្នករត់ម៉ូតូកង់បីបៀតបៀនរាងកាយអ្នកដំណើរថែមទៀត និងបញ្ហាសន្តិសុខផ្ទាល់ខ្លួនរបស់អ្នកដំណើរជាដើម។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា «ការគ្រប់គ្រងម៉ូតូកង់បីនេះ មិនអាចព្រលែងបានបន្ដទៀតនោះទេ ព្រោះវាប៉ះពាល់ដល់សន្តិសុខសាធារណៈ»។
ជាមួយគ្នានេះ មន្ត្រីជំនាញបានបញ្ជាក់ថា ចាប់ពីឥឡូវនេះទៅអ្នកប្រកបរបររត់ម៉ូតូកង់បី មានសរុប២៤,៤២៩គ្រឿង ដែលកំពុងប្រកបរបរដឹកជញ្ជូន អ្នកដំណើរសព្វថ្ងៃនៅរាជធានីភ្នំពេញទាំងក្រុមហ៊ុន ឬសមាគមតម្រូវឲ្យអ្នករត់ម៉ូតូកង់បីទាំងអស់ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល។
ម៉ូតូកង់បីទាំងអស់ត្រូវតែមានបិទរូបថត, មានអត្តសញ្ញាណប័ណ្ណ, លេខទូរស័ព្ទក្រុមហ៊ុន, មានប័ណ្ណបើកបរ បិទនៅជញ្ជាំងម៉ូតូចំពីមុខអ្នកជិះ និងត្រូវមានការចុះបញ្ជីត្រឹមត្រូវ ហើយមិនឲ្យមានម៉ូតូកង់បីរត់លើផ្លូវដោយគ្មានស្លាកលេខនោះឡើយ។ គេសង្កេតឃើញថា ចំពោះម៉ូតូកង់បីរត់តាមរយៈសមាគម ឬក្រុមហ៊ុនមិនមានបញ្ហាអីទេ តែសម្រាប់ម៉ូតូដែលជួលពីក្រុមហ៊ុន ឬម៉ូតូកង់បីឯកជនច្រើនមានបញ្ហា និងមានរឿងច្រើនប៉ះពាល់ដល់អ្នកជិះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យអ្នករត់ម៉ូតូកង់បីទៅធ្វើស្លាកលេខដោយមិនយកប្រាក់ តែពេលនេះលែងមានការអនុគ្រោះទៀតហើយ ព្រោះការអប់រំក៏យូរល្មមហើយដែរ រួមទាំងវិធានការដកហូតវិទ្យុទាក់ទង ពីអ្នករត់ម៉ូតូកង់បីដែលប្រើប្រាស់បែបអនាធិបតេយ្យ មិនមែនជាសមត្ថកិច្ចរបស់ខ្លួនថែមទៀតផង៕