(ព្រះសីហនុ)៖ លោកស្រី ហៀក ហ៉ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាងលោក យន្ត មីន អភិបាលខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំពិធីសែនព្រេន បើកការដ្ឋានគម្រោងកែលម្អសួនច្បារកូនសោរ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកស្រី ហៀក ហ៉ីមុល្លី បានថ្លែងថា សព្វថ្ងៃនេះ ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ មួយដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងកំណើនភ្ញៀវទេសចរ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងឥតឈប់ឈរ។ លោកស្រីថា កំណើនភ្ញៀវទេសរដ៏សន្ធឹកសន្ធាប់នេះ បានធ្វើឲ្យរដ្ឋបាលខេត្ត ខិតខំប្រឹងប្រែងធ្វើយ៉ាងណា រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដើម្បីឲ្យភ្ញៀវដែលកម្សាន្តក្នុងខេត្ត មានភាពសប្បាយរីករាយកាន់តែខ្លាំង។

លោកស្រីអភិបាលរងខេត្ត បានឲ្យដឹងទៀតថា មិនត្រឹមតែភ្ញៀវទេសចរច្រើន ដែលបានកម្សាន្តក្នុងខេត្តប៉ុណ្ណោះទេ តែសំណង់អាគារនានា ក៏ត្រូវបានផុសត្រដែតជាបន្តបន្ទាប់ដែរ ដែលកត្តានេះក៏ព្រោះតែមានការទុកចិត្តខ្ពស់ ពីសំណាក់វិនិយោគិននានា បន្ទាប់ពីបានមើលឃើញសន្តិភាព និងស្ថិរភាពនយោបាយ នៅកម្ពុជាមានភាពល្អប្រសើរ។ លោកស្រីសង្ឃឹមថា បន្ទាប់ពីគម្រោងកែលម្អសួនច្បារកូនសោរ ត្រូវបានកែសម្រួលរួចហើយនោះ ភ្ញៀវទេសចរនឹងមានកំណើន ច្រើនជាងមុនបន្ថែមទៀត ហើយរដ្ឋបាលខេត្ត នឹងខិតខំបន្តទៀតផងដែរ ដើម្បីបម្រើសេវាសាធារណៈ ជូនដល់ភ្ញៀវដែលចូលកម្សាន្ត។

សូមរំលឹកផងដែរថា តាមអនុសាសន៍ដឹកនាំរបស់លោក យន្ត មីន នៅពេលខាងមុខឆាប់ៗនេះ លោកមានគម្រោង រៀបចំកែលម្អសួនច្បារ០៤កន្លែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីលើកស្ទួយសោភណ្ឌភាព ឲ្យកាន់តែមានភាពទាក់ទាញ និងបម្រើផលប្រយោជន៍សាធារណៈមានដូចខាងក្រោម៖

*ទីតាំងទី១៖ សួនច្បារកូនសោរនៅក្បែរវិមានឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
*ទីតាំងទី២៖ សួនច្បារនៅក្បែរអតីតមហោស្រព សង្កាត់លេខ២ ក្រុងព្រះសីហនុ។
*ទីតាំងទី៣៖ សួនច្បារកន្ទុយនាគ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
*ទីតាំងទី៤៖ សួនកុមារនៅឆ្នេរអូរឈើទាល សង្កាត់៤ ក្រុងព្រះសីហនុ ឲ្យទៅជាសួនកុមារថ្មី និងបន្ថែមឧបករណ៍ សម្រាប់ចៅៗតូចៗលេងកំសាន្ត។

ចំពោះការកែលម្អសួនច្បារកូនសោរនេះ ជាគម្រោងទី១ ដែលត្រូវចាប់ផ្តើមធ្វើមុនគេ រួចនឹងបន្តធ្វើការកែលម្អ សួនច្បារផ្សេងៗទៀត ទៅផែនការដែលបានគ្រោងទុក។

ក្នុងនោះផងដែរ លោក យន្ត មីន ក៏បានអំពាវនាវស្នើសុំមតិយោបល់ ពីបងប្អូនប្រជាពលរដ្ឋចំពោះការរៀបចំនេះ និងលើកទឹកចិត្ត ដល់ស្ថាបត្យករកម្ពុជា ដែលមានចំណាប់អារម្មណ៍ ក្នុងការជួយផ្តល់គំនិតល្អ ដើម្បីការតែមានភាពទាក់ទាញផងដែរ៕