(ភ្នំពេញ)៖ ដើម្បីកាត់បន្ថយនូវអត្រាមរណៈភាពរបស់ទារកនៅកម្ពុជាឲ្យមានប្រសិទ្ធិភាពខ្ពស់នោះ សមាគមគ្រូពេទ្យទារកកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបើកសិក្ខា សាលាលើកទី២ ក្រោមប្រធានបទ «ការប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមលើទារក ទើបនឹងកើត» នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងពិធីនោះដែរ ក៏មានការចូលរួមជាអធិបតីភាពរបស់លោកសាស្តាចារ្យ ឈាង វ៉ា អគ្គនាយកនៃមន្ទីរពេទ្យកាល់ម៉ែត រួម
ស្ត្រាចារ្យ វេជ្ជបណ្ឌិតជំនាញជាគ្រូចំនួន៣នាក់ មកពីប្រទេសសឹង្ហបុរី និងសិក្ខាកាមចំនួន៤០នាក់ ដែលជាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកយិកាពីបណ្តាមន្ទីរពេទ្យផ្សេងៗ ទូទាំងប្រទេសផងដែរ។
ជាមួយគ្នានោះ លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ុម សិទ្ធិការ្យ ដែលជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា និងជាប្រធានផ្នែកប្រពោធនកម្មទារក នៃមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា នេះជាសិក្ខាសាលាលើកទី២របស់សមាគម ដែលលើកទី១ធ្វើ ឡើងនាខែមករា ឆ្នាំ២០១៨ក្រោមប្រធានបទ ការសង្គ្រោះទារក។
សិក្ខាសាលាលើកនេះ សម្រាប់ឆ្នាំ២០១៩ «ការប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមលើទារកទើបនឹងកើត» មានគោលបំណងបណ្តុះបណ្តាលគ្រូបង្គោល មិនថាវេជ្ជបណ្ឌិតឬគិលានុបដ្ឋាកនោះទេ ឲ្យទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងការសង្គ្រោះផ្លូវដង្ហើម ទារកពេលសំរាល និងក្រោយសំរាលតាមរយៈការប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវ ដង្ហើមដែលមានប្រសិទ្ធភាពខ្ពស់ តែទាមទារឲ្យមានការតាមដានច្បាស់លាស់។
លោកស្រ្តីសាស្រ្តាចារ្យវេជ្ជបណ្ឌិត បានបន្តទៀតថា តាមរយៈការអនុវត្តផ្ទាល់ជាមួយវាគ្មិនអន្តរជាតិ ដែលមានបទពិសោធន៍ជា ច្រើនឆ្នាំលើផ្នែកសង្គ្រោះទារក សង្ឃឹមថាសិក្ខាកាមទាំងអស់នឹងបានទទួលនូវបទពិសោធន៍ជាក់ស្តែង ហើយនឹងបន្តចែកចាយចំណេះដឹងទាំងនេះ ក៏ដូចជាអនុវត្តជាក់ស្ដែកនៅតាមមន្ទីរពេទ្យរបស់ខ្លួននីមួយៗ គឺដើម្បីកាត់បន្ថយអត្រាមរណៈភាពទារកនៅកម្ពុជា។
លោកសាស្រ្តាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអះអាងថា ថ្ងៃនេះមន្ទីរពេទ្យមានកិត្តិយសណាស់ដោយបានការអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ម៉ាស៊ីន ជំនួយផ្លូវដង្ហើមលើទារកទើបនឹងកើតដែលសមាគមគ្រូពេទ្យទារកកម្ពុជា ធ្វើនៅមន្ទីរពេទ្យ កាល់ម៉ែត»។
លោកសាស្រ្តាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ក៏បានកោតសរសើរចំពោះសមាគមគ្រូពេទ្យទារកកម្ពុជា ដែលបានខិតខំរៀបចំសិក្ខាសាលានេះឡើង ដោយមានកិច្ចសហការគ្នាពីសមាគមគ្រូពេទ្យទារក និងមន្ទីរពេទ្យគាំពារមាតាទារកនៃប្រទេសសឹង្ហបុរី ក្នុងការបណ្តុះបណ្តាលបង្គោល មាន២កម្រិតគឺ កម្រិតវេជ្ជបណ្ឌិត និងកម្រិតគិលានុបដ្ឋាក-យិរិកា ចំនួនសរុប៤០នាក់។
លោកបន្តថា ពិតជាមានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលានេះឡើង ហើយលោកក៏សូមឲ្យឱកាសដ៏វិសេសវិសាលមួយនេះ ក្លាយជាឱកាសសម្រាប់សិក្ខាកាមទាំងអស់ ដែលឆ្លៀតពេលដ៏មានតំលៃ មកចូលរួមរៀនសូត្របន្តដកស្រង់យក បទពិសោធន៍ថ្មីៗបន្ថែម ដើម្បីយកទៅអនុវត្តន៍បន្តនៅតាមមន្ទីរពេទ្យរបស់ខ្លួន ហើយក៏ជាឱកាសក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យទៅជាគ្រូពេទ្យ ដែលមានសមត្ថភាព ថែទាំច្បាស់លាស់ក្នុងការព្យាបាល និងថែទាំទារកដែលមានបញ្ហាសូត ហើយត្រូវការម៉ាស៊ីនជំនួយផ្លូវដង្ហើមជាចាំបាច់៕