(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន១៥ព្រមៗគ្នា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។ ជាការចុះ MoU ក្នុងគោលបំណងជួយលើកកម្ពស់លើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។ នៅក្នុងពិធីចុះហត្ថលេខាលើ អនុស្សារណៈនៃកិច្ចព្រមព្រៀងខាងលើ មានការអញ្ជើញចូលរួមពី លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ថ្នាក់ដឹកនាំ ពីអង្គការទាំង៣ខាងលើ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀតចូលរួមផងដែរ។
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។
ជាមួយគ្នានោះ លោក តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើបាន។ សម្រាប់ក្រសួងសង្គមកិច្ចវិញ នៅតែស្វាគមន៍ជានិច្ច ជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិតទៀត។
អង្គការទាំង១៥នោះរួមមាន៖ ១៖ អង្គការ Save the Children ២៖ អង្គការសហគមន៍ជំនួយខ្មែរសតវត្សទី២១ ៣. សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ ៤. អង្គការ ឈើឆ្កាងចម្លងកម្ពុជា ៥. អង្គការ ដើម្បីអនាគតកុមារជនបទ ៦. អង្គការ ត្រង់ហ្នឹមអេស្សា ៧៖ អង្គការ ហ្វី ធូសាញ ៨. អង្គការ កុមារពិភពលោក ៩. អង្គការ អនាគតថ្មី ១០. អង្គការ អ្នកម្តាយជួយដល់ជនក្រីក្រ ១១. អង្គការ CIFA ១២. អង្គការ Project Change International ១៣. អង្គការ អលយឺតស៍ ១៤, អង្គការ កម្ពុជាហាវ ១៥. អង្គការ ជីបូឌាមិត្តកម្ពុជា។
គួរបញ្ជាក់ថា អង្គការទាំង១៥ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច សុទ្ធសឹងតែជាអង្គការ ដែលបានចូលរួមចំណែក និងធ្វើសកម្មភាពជួយដល់កុមារ និងយុវជនក្រីក្រនៅកម្ពុជា។ គោលបំណងសំខាន់របស់អង្គការទាំង៣ ដែលបានសហការជាមួយក្រសួងសង្គមកិច្ចនាពេលនេះ គឺដើម្បីលើកកម្ពស់ការរស់នៅរបស់កុមារនៅកម្ពុជា៕