(ភ្នំពេញ)៖ រាជរដ្ឋាភិបាលថៃ បានឯកភាពជួយសម្រួលដល់ពលករខ្មែរ ក្នុងការធ្វើដំណើរមកលេងស្រុកកំណើត នៅប្រទេសកម្ពុជា នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដែលរាជរដ្ឋាភិបាលថៃ នឹងមិនយកថ្លៃលើទិដ្ឋាការ (Visa) ទៅមកនោះទេ។
ការមិនគិតថ្លៃការរក្សាសិទ្ធិទិដ្ឋាការ (Re-Entry Visa) នឹងចាប់ផ្តើមផ្តល់ជូនពលករខ្មែរ ចាប់ពីថ្ងៃទី០៥-៣០ ខែមេសា ឆ្នាំ២០១៩ ពោលក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះតែម្តង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ដែលចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
កន្លងមកពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅប្រទេសថៃ ដែលមានបំណងឆ្លងកាត់ព្រំដែនទៅកម្ពុជា និងត្រឡប់ចូលមកធ្វើការនៅក្នុងថៃវិញ ត្រូវស្នើសុំរក្សាសិទ្ធិទិដ្ឋាការ មុននឹងធ្វើដំណើរទៅកម្ពុជា ដើម្បីរក្សាសិទ្ធិទិដ្ឋាការក្នុងការត្រឡប់ចូលមកធ្វើការនៅក្នុងថៃវិញ។ យោងតាមច្បាប់អន្តោប្រវេសន៍របស់ប្រទេសថៃ ការស្នើសុំរក្សាសិទ្ធិទិដ្ឋាការ (Re-Entry Visa) ប្រភេទចេញ-ចូលមួយលើក (Single) ត្រូវមានតម្លៃ១,០០០បាត (ប្រមាណ៣០ដុល្លារអាមេរិក) និងប្រភេទចេញ-ចូលច្រើនលើក (Multiple) មានតម្លៃ៣៨០០បាត (ប្រមាណជាង១០០ដុល្លារអាមេរិក)។
បើតាមស្ថានទូតកម្ពុជា ការអនុគ្រោះលើកលែងថ្លៃរក្សាសិទ្ធិទិដ្ឋាការ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០៥-៣០ ខែមេសា ឆ្នាំ២០១៩ ដូច្នេះពលករទាំងអស់ត្រូវធ្វើដំណើរត្រឡប់ចូលមកក្នុងព្រះរាជាណាចក្រថៃវិញយ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ៖