(ភ្នំពេញ)៖ លោកស្រី មិន មាណវី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ការចូលរួមរបស់យុវជនទាក់ទងនឹងការប្រើប្រាស់ App Roadcare របស់ក្រសួងសាធារណការ និងជញ្ជូន ដើម្បីបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យាសម័យទំនើប ដែលជាប្រព័ន្ធមួយឆាប់រហ័សលឿនវៃឆ្លាត ដែលមានប្រសិទ្ធភាពខ្ពស់ តាមចំណេះដឹងរបស់បងប្អូនយុវជនទាំងអស់ ដើម្បីចូលរួមចំណែក ក្នុងការជួយដល់រាជរដ្ឋាភិបាល ក្នុងការកែលម្អផ្លូវថ្នល់ ទាំងអស់នៅទូទាំងប្រទេសកម្ពុជាឲ្យមានប្រសិទ្ធភាព មានតម្លាភាព។
លោកស្រី មិន មាណវី បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកស្រីបានដឹកនាំក្រុមការងារ ដាក់តាំងបង្ហាញប្រព័ន្ធបច្ចេកវិទ្យា របស់ក្រសួង សាធារណការ និងដឹកជញ្ជូន នៅក្នុងមហោស្របគីហ្សូណាកម្ពុជា-ជប៉ុន ឆ្នាំ២០១៩។
លោកស្រី មិន មាណវី បានបន្តថា ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលបានដាក់បង្ហាញ រួមមានដូចជា ទី១៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ទី២៖ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ទី៣៖ ប្រឡងយកបណ្ណបើកបរ ទី៤៖ កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ (Cambodia Driving Rules) ទី៥៖ កម្មវិធីព័ត៌មានសាធារណការ និងដឹកជញ្ជូន (MPWT News) និងទី៦៖ កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ហើយការបង្ហាញប្រព័ន្ធបច្ចេកវិទ្យាទំាងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹងពីសមិទ្ធផលនានា ពីសេវាសាធារណៈរបស់ក្រសួង ហើយបានស្វែងយល់កាន់តែច្បាស់ ក្នុងការបើកបរតាមដងផ្លូវ និងបានជួយកាត់បន្ថយពីគ្រោះថ្នាក់ចរាចរណ៍ និងបានចែករំលែកនូវបទពិសោធន៍ដល់បងប្អូនប្រជាពលរដ្ឋដ៏ទៃទៀត។
លោកស្រី បានបន្ថែមថា គោលបំណងនៃការដាក់បង្ហាញនៅពេលនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង អំពីការប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មានទំនើប ដែលអាចឱ្យយើងបានចុះបញ្ជីយានយន្ត ទាំងអស់ អាចរៀនស្វែងយល់ពីការបើកបរ ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព នឹងអាចចេះផ្ដល់ព័ត៌មានអំពីផ្លូវខូចខាត ដែលត្រូវឲ្យក្រសួងធ្វើការចុះជួសជុលជាបន្ទាន់ ព្រោះផ្លូវគឺមានវែងឆ្ងាយ ហើយក្រសួងនឹងមន្ត្រីមិនអាចដឹងភ្លាមៗបានទេ មានតែប្រជាពលរដ្ឋទេ ដែលអាចដឹងភ្លាមៗ និងអាចថតបញ្ចូលក្នុង App Roadcare សម្រាប់ថែទាំផ្លូវ ហើយមន្រ្តីរបស់ក្រសួងសាធារណការ និងចាំទទួលយកព័ត៌មាន២៤ម៉ោង លើ ២៤ម៉ោង ក្នុងការទទួលយកពត៌មាន និងបញ្ជូនឲ្យមន្ត្រីពាក់ព័ន្ធចុះជួសជុលថែទាំផ្លូវជាបន្ទាន់ផងដែរ។
លោកស្រីបានបន្ថែមថា ការចូលរួមរបស់យុវជនទាក់ទងនឹងការប្រើប្រាស់ app របស់ក្រសួងសាធារណការ និងជញ្ជូន គឺដើម្បីបង្កើនចំណេះដឹង ផ្នែកបច្ចេកវិទ្យាសម័យទំនើប ដែលជាប្រព័ន្ធមួយ ដែលឆាប់រហ័សលឿនវៃឆ្លាត ដែលមានប្រសិទ្ធភាពខ្ពស់ និងចំណេះដឹងរបស់បងប្អូនយុវជនទាំងអស់ មួយទៀតគឺដើម្បីចូលរួមចំណែក ក្នុងការជួយដល់រាជរដ្ឋាភិបាល ក្នុងកែលម្អផ្លូវថ្នល់ ទាំងអស់នៅក្នុងទូទាំងប្រទេសកម្ពុជា ឱ្យមានប្រសិទ្ធភាព មានតម្លាភាព មានយុត្តិធម៌ និងមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់ផងដែរ។
លោកស្រីបានបញ្ជាក់ថា ក្រសួងសាធារណៈការបានដាក់ចេញកម្មវិធីថែទាំផ្លូវស្ពាន ដែលវាជាហេដ្ឋារចនាសម្ព័ន្ធមួយ ដែលចាំបាច់ត្រូវដើរ គឺយើងចាំបាច់ត្រូវមានផ្លូវស្ពាន ដែលល្អ ហើយដើម្បីធានាសុវត្ថិភាពចរាចរណ៍ ដែលទាំងអស់នេះវាគឺពាក់ព័ន្ធទៅនឹងការងារសម្រួលសេវាកម្មជូនប្រជាពលរដ្ឋ ទាក់ទងនឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់របស់ប្រទេស និងជាពិសេសទៀតនោះ គឺពាក់ព័ន្ធនឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕