(ភ្នំពេញ)៖ ខណៈដែលទិវាជាតិយល់ដឹងពីមីន ជិតចូលមកដល់ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហាញអំពីសមិទ្ធផលធំៗមួយចំនួន ដែលស៊ីម៉ាក់សម្រេចបាន។
លោក ហេង រតនា បានឲ្យដឹងថា អង្គភាពស៊ីម៉ាក់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លើសកម្មភាពកំចាត់មីន បានចូលរួមយ៉ាងសកម្មក្នុងផ្សព្វផ្សាយការអប់រំយល់ដឹងពីមីន ដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់រងគ្រោះ ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមរយៈការពង្រឹងពង្រីកសមត្ថភាពថ្នាក់ក្រោមជាតិ ថ្នាក់មូលដ្ឋាន និងការងារផ្ទាល់ ជាមួយអង្គការមហាជន ជាក់ស្ដែងក្នុងឆ្នាំ២០១៨ ស៊ីម៉ាក់ បានសម្រេចលទ្ធផល ដូចខាងក្រោម៖
១៖ ផ្នែកការងារអប់រំផ្សព្វផ្សាយមីន/ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
* អត្រាគ្រោះថ្នាក់នៅឆ្នាំ២០១៨នេះ មានចំនួន៥៨នាក់ គឺជាចំនួនស្មើគ្នា បើប្រៀបធៀបជាមួយនឹងឆ្នាំ២០១៧ ដែលមានជនរងគ្រោះចំនួន៥៨នាក់ ប៉ុន្តែគ្រោះថ្នាក់ដោយសារមីន មានការកើនឡើងលើសពីឆ្នាំចាស់ចំនួន៦ករណី។
* ធ្វើការអប់រំប្រជាពលរដ្ឋបានចំនួន៦៦១,៩២៤នាក់ ក្នុងនោះបុរសចំនួន២២៦,៦៤២នាក់, ស្រ្តីចំនួន២៤០,២៧៦នាក់, កុមារចំនួន១៩៤,៨០៦នាក់ និងខ្នងផ្ទះចំនួន១០៨,៦១២ផ្ទះ។
* អប់រំប្រជាពលរដ្ឋ ដែលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ បានចំនួន៥,២២៤នាក់, អ្នកពង្រីកដីកសិកម្ម ក្នុងតំបន់មីនចំនួន៣,១០០នាក់, អ្នកក្រីក្រប្រឈមនឹងគ្រោះថ្នាក់មីនចំនួន៤,១៣០នាក់, អប់រំជនអ្នកប្រព្រឹត្តិផ្ទាល់ចំនួន ២១១នាក់។
* ធ្វើការអប់រំបណ្តុះបណ្តាលវគ្គរំលឹក ដល់បណ្តាញមីន/គ្រាប់ចំនួន១៥០នាក់ និងបានបើកយុទ្ធនាការអប់រំ ប្រជាពលរដ្ឋនៅតំបន់ងាយរងគ្រោះ បានចំនួន៦៤,៣៨០នាក់ ស្រ្តីចំនួន២៥,៥៥៦នាក់ និងកុមារចំនួន ១២,៤២៩នាក់។
២៖ ផ្នែកការងារអភិវឌ្ឍជួយជនរងគ្រោះដោយសារមីន
* ក្នុងឆ្នាំ២០១៨កន្លងមក គម្រោងអភិវឌ្ឍន៍ជំនួយពីរដ្ឋាភិបាលជប៉ុន បាននឹងកំពុងកសាងផ្លូវលំជនបទ ចំនួន៤ខ្សែ សរុបប្រវែង១៥,១៧០ម៉ែត្រ និងស្ពានបេតុង១កន្លែង ប្រវែង១១ម៉ែត្រ។
* អគារសាលាបឋមសិក្សា១ខ្នង និងស្រះទឹកចំនួន៣។
* សំណង់បង្ហៀរទឹកចំនួន៣ លូប្រអប់ចំនួន៤ លូទោលចំនួន៥ និងលូភ្លោះចំនួន៤។
* បណ្តុះបណ្តាលជំនាញកសិកម្ម ដល់ប្រជាពលរដ្ឋមានដូចជា៖ ដំណាំស្រូវ ដំណាំកាហ្វេ ការចិញ្ចឹមមាន់ការបណ្តុះផ្សិត និងការធ្វើសួនបន្លែ តាមផ្ទះ-ល-បានចំនួន១០វគ្គ ស្មើនឹងចំនួន៦៣០គ្រួសារ។
ទន្ទឹមនឹងនេះ ស៊ីម៉ាក់ ក៏បានធ្វើការបោសសម្អាតផ្ទៃដី និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចជាលទ្ធផលក្នុងផែនការប្រតិបត្តិការ ប្រចាំឆ្នាំ២០១៨ មានដូចខាងក្រោម៖
* បោសសំអាតផ្ទៃដីបានទំហំ ៨៨,៦៦៦,៥៤៦ម៉ែត្រការ៉េ
* រកឃើញ និងកំទេចចោលមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សរុបចំនួន៖ ៤៥,៤៩៣គ្រាប់
* បោះផ្លាកសញ្ញាព្រំចំការមីន បានប្រវែង៣៤៦,៧៥៧ម៉ែត្រ
* ឆ្លើយតបតាមសំណើ (EOD Calls) ៣,៦៨១សំណើ
ផ្អែកតាមលទ្ធផលខាងលើ បានបង្ហាញឲ្យឃើញថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០១៨នេះ ស៊ីម៉ាក់សម្រេចបានលទ្ធផល១១៨.០២% ធៀបទៅនឹងផែនការប្រចាំឆ្នាំ២០១៨៕