(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់មកពីតាមបណ្តាខេត្តនានា បានទៅអង្គុយត្រៀបត្រានៅ «មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាកូរ៉េសាំស៊ុង» ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រង់ចាំដកប្រាក់របស់ពួកគេវិញ បន្ទាប់ពីមជ្ឈមណ្ឌលមួយនេះមិនអាចស្វែងរកការងារជូនពួកគេនៅក្នុងប្រទេសកូរ៉េខាងត្បូងដូចការសន្យា។
ប្រជាពលរដ្ឋខ្មែរម្នាក់ដែលកំពុងអង្គុយរង់ចាំដកប្រាក់របស់ខ្លួនវិញនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រាប់ Fresh News ថា ខ្លួនបានបង់លុយឲ្យមជ្ឈមណ្ឌលនេះអស់ប្រមាណ ២,៥០០ដុល្លារ ដើម្បីបានឱកាសទៅធ្វើការងារនៅកូរ៉េខាងត្បូង។ ពលរដ្ឋខ្មែរដែលចាញ់បោកការសន្យារបស់មជ្ឈមណ្ឌល បានរៀបរាប់ទៀតថា ក្រោយពេលបង់ប្រាក់ ខាងមជ្ឈមណ្ឌលធានាអះអាងរកការងារជូនពួកគេឲ្យបានក្នុងរយៈពេលខ្លី។
ផ្ទុយពីការអះអាងក្រោយពេលបង់ប្រាក់រួចហើយ ពួកគេត្រូវរង់ចាំពីមួយខែទៅមួយខែតែមិនទទួលបានដំណឹងចេញទៅធ្វើការងារនៅកូរ៉េខាងត្បូងនោះឡើយ អ្នកខ្លះរង់ចាំរហូតជិតមួយឆ្នាំក៏មាន។ «គេប្រាប់យើងថា ក្រោយពីបង់លុយហើយ គេនឹងរកការងារឲ្យយើងធ្វើបានក្នុងពេលឆាប់ៗឲ្យត្រៀមតែខ្លួនចេញទៅ។ តែចាំមួយថ្ងៃហើយមួយថ្ងៃទៀត មិនមានដំណឹងពីការងារនោះឡើយ»។ នេះជាការបញ្ជាក់របស់អ្នករងការចាញ់បោកនេះ។
អ្នករងគ្រោះព្រោះទង្វើបោកប្រាក់របស់មជ្ឈមណ្ឌលខាងលើនេះ បានរៀបរាប់ឲ្យដឹងទៀតថា បន្ទាប់ពីមិនបានចេញទៅធ្វើការនៅកូរ៉េខាងត្បូងដូចការសន្យាហើយនោះ មានអ្នករងគ្រោះជាច្រើន បានត្រឡប់មកដកប្រាក់វិញ។ តែការដកប្រាក់វិញនេះ មិនងាយស្រួលដូចពេលពួកគេយកលុយទៅបង់នោះឡើយ។
បើតាមការរៀបរាប់របស់នារីរងគ្រោះមកពីខេត្តកំពង់ចាម ដោយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្នុងទឹកប្រាក់ប្រមាណ ២,៥០០ដុល្លារនេះ គេត្រូវឡើងមកភ្នំពេញជាច្រើនលើកច្រើនសារ ហើយពេលខ្លះត្រូវយំអង្វរថ្នាក់ដឹកនាំមជ្ឈមណ្ឌលថែមទៀតផង ទើបគេព្រមប្រគល់ប្រាក់មកវិញខ្លះ។ ទឹកប្រាក់ចុងក្រោយប្រមាណ ៨០០ដុល្លារ មជ្ឈមណ្ឌលទើបបើកផ្តាច់ជូននារីរងគ្រោះរូបនេះនៅថ្ងៃទី២២ ខែកុម្ភៈ នេះ។
តាមរយៈអ្នករងគ្រោះដែលអង្គុយរង់ចាំបើកប្រាក់ពីមជ្ឈមណ្ឌលវិញសុទ្ធតែបានអះអាងដូចៗគ្នា ហើយបានសម្តែងការខឹងសម្បាជាខ្លាំងជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌល។ ពួកគេបានលើកឡើងថា ព្រោះតែចង់បានការងារធ្វើបានប្រាក់ឈ្នួលច្រើននៅប្រទេសកូរ៉េខាងត្បូង ពួកគេបានទៅចងការប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុនានា ដើម្បីយកមកបង់ឲ្យមជ្ឈមណ្ឌល។
តែការរង់ចាំពីមួយខែទៅមួយខែមិនបានចេញទៅធ្វើការ ធ្វើឲ្យពួកគេជួបការលំបាកកាន់តែខ្លាំង ព្រោះអត់ការងារធ្វើផង ហើយត្រូវរកប្រាក់មកបង់ថ្លៃការប្រាក់ថែមទៀត។
យោងតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ ការបញ្ជូនពលករទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនេះ មិនអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនបញ្ជូនទៅនោះឡើយ គឺមានតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប៉ុណ្ណោះជាអ្នករៀបចំការប្រឡង និងបញ្ជូនពលករ។
បើតាមអ្នករងគ្រោះដោយសារទង្វើបោកប្រាស់បានឲ្យដឹងថា «មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាកូរ៉េសាំស៊ុង» នេះ លួចបញ្ជូនពលករទៅធ្វើការនៅប្រទេសកូរ៉េនេះ ក្រោមរូបភាពផ្សេងៗ ដោយពលករខ្លះអាចទៅធ្វើការបាន ៦ខែ ហើយខ្លះទៀត ៣ខែ ត្រូវវិលត្រឡប់ចូលមកប្រទេសវិញ។
ថ្នាក់ដឹកនាំមជ្ឈមណ្ឌល បានប្រាប់ Fresh News ដោយទទួលស្គាល់ថា ពួកគេបានសន្យាស្វែងរកការងារជូនពលរដ្ឋខ្មែរធ្វើការនៅកូរ៉េខាងត្បូងពិតប្រាកដមែន។ តែមានបញ្ហាមួយចំនួនទើបពួកគេមិនអាចរកការងារជូនបាន ហើយក៏បានប្រឹងប្រែងសងប្រាក់ទៅវិញផងដែរ។
ប្រជាពលរដ្ឋរងការចាញ់បោកនេះ បានអំពាវនាវឲ្យក្រសួងមានសមត្ថកិច្ច ជាពិសេសក្រួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យទៅលើសកម្មភាពរបស់មជ្ឈមណ្ឌល ព្រោះមានប្រជាពលរដ្ឋខ្មែរជាច្រើនបានចាញ់បោក ហើយមកដល់ពេលនេះអ្នកខ្លះមិនទាន់ដកលុយបានវិញនៅឡើយទេ៕